កូនតូច​យំ​មិន​ឈប់ គួរ​បារម្ភ​ទេ​?

កូនតូច​យំ​មិន​ឈប់ គួរ​បារម្ភ​ទេ​?

​វា​គឺជា​រឿង​មួយ​ធម្មតា​ទេ ដែល​ទារក​តូចៗ​យំ​ច្រើន ប៉ុន្តែ នៅពេល​រឿងនេះ ក្លាយទៅជា​បញ្ហា ឬ​អាច​និយាយថា យំ​មិន​ឈប់​ទាល់តែសោះ​នោះ វា​ប្រហែលជា​អាចមាន បញ្ហា​ជំងឺ​ណា​មួយ​នៅ​ពីក្រោយ​រឿង​នេះ​ហើយ​។

​ក្មេង​យំ គឺជា​ផ្នែក​មួយ​នៃ​ការលូតលាស់ និង​ធំធាត់​ធម្មតា​របស់​ក្មេង​។ ការ​យំ​របស់​ទារក​ភាគច្រើន គឺ​ដើម្បី​ឆ្លើយតប នឹង​ភាព​តានតឹង​របស់គេ ជាពិសេស នៅ​ពេល​គ្មាន​ផា​សុកភាព​ដោយសារតែ​ខោ​ទឹកនោម​ទ​ទឹក ឬ​មាន​អារម្មណ៍​ថា​ក្តៅ​ពេក ឬ​ត្រជាក់​ពេក ឃ្លាន ឬ​អស់កម្លាំង​។

ទារក​ភាគច្រើន អាច​ជួប​បញ្ហា Colics នៅ​ចន្លោះ​អាយុ ៣ ទៅ ៤ ខែ​។ Colic គឺជា​ពេលវេលា​ដ៏​វែង​មួយ ដែល​ធ្វើឲ្យ​ទារក​យំ និង​ខ្វល់ខ្វាយ ហើយ​រឿង​នេះ​ច្រើន​តែ​កើត​ឡើង នៅ​ពេល​រសៀល និង​ល្ងាច ព្រមទាំង​មាន​រយៈពេល​យូរ​បំផុត​ពី ២ ទៅ ៣ ម៉ោង​ឯណោះ​។ ឪពុក​ម្តាយ​ប្រហែល​ជា​សម្គាល់​ឃើញថា ពោះ​កូន​ទៅ​ជា​តឹង រួម​ទាំង​មាន​ផោម និង​បន្ទោ​របង់​ច្រើន​។ រឿង​នេះ​ច្រើនតែ​ពិបាក​ណាស់ ដើម្បី​លួង​កូន​ឲ្យ​បាត់​យំ ហើយ​ឪពុកម្តាយ​ភាគច្រើន គឺ​នឿយហត់​នឹង​បញ្ហា​នេះ​ណាស់​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​នាំ​កូន​ទៅ​ជួប​ពេទ្យ បើសិនជា​ការ​យំ​របស់​កូន មាន​បញ្ហា​បន្ថែម​ទៀត ដូចខាងក្រោម​នេះ ៖

  • ​ទារក​បន្ត​យំ រយៈពេល​យូរ​ជាប់​រហូត​
  • ​ទារក​បន្ត​យំរ​ករឿង​រហូត ទោះបីជា​អ្នក​បាន​ធ្វើ​អ្វីៗ ដើម្បី​លួង​គេ​ហើយ​ក៏​ដោយ​
  • ​ទារក​មិន​ព្រម​បៅ ឬ​បៅ​តិច​ជាង​ធម្មតា​
  • ​អ្នក​ចង់​បញ្ជាក់​ថា មិន​មាន​មូលហេតុ​ជំងឺ​បង្ក​ឲ្យ​កូន​យំ​ឡើយ​
  • ​ពិបាក​លួង​ពេក និង​ចង់​ឲ្យ​ពេទ្យ​ជួយ​
  • ​អ្នក​បារម្ភ​ក្រែង​កូន​យំ ដោយសារ​តែ​បញ្ហា​ណាមួយ​ផ្សេងៗ​ទៀត​៕


ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។