ហាត់ប្រាណ​យក​សាច់ដុំ មិនមែន​បាន​ត្រឹមតែ​សាច់ដុំ​ធំ​ទេ តែ …

ហាត់ប្រាណ​យក​សាច់ដុំ មិនមែន​បាន​ត្រឹមតែ​សាច់ដុំ​ធំ​ទេ តែ ...

​ការ​ផ្សំគ្នា​នៃ​របប​អាហារ​ត្រឹមត្រូវ និង​ការ​ហាត់ប្រាណ​គ្រប់គ្រាន់ ពិតជា​ជួយ​ឲ្យ​ប្រាកដថា អ្នក​នឹង​មាន​សុខភាព​ល្អ​បំផុត​។ អ្វី​ដែល​ល្អ​បំផុត អំពី​ការ​ហាត់ប្រាណ​នោះ​គឺថា ការ​ហាត់ប្រាណ​មាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដែល​អ្នក​អាច​ធ្វើបាន​ដូចជា លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក ហាត់ប្រាណ​រក្សា​តុល្យភាព និង​ការបត់បែន​ខ្លួន ព្រមទាំង​ពង្រឹង​ដល់​ភាពរឹងមាំ​។ ម្យ៉ាងវិញទៀត ការ​ហាត់ប្រាណ​យក​សាច់ដុំ​ធំៗ ត្រូវបាន​បង្កើតឡើង ដើម្បី​បង្កើន​សមត្ថភាព​របស់​សាច់ដុំ នៅពេល​ហាត់ប្រាណ រយៈពេល​មួយ​យូរ​គ្រប់គ្រាន់​។ ការ​ហាត់ប្រាណ​បែបនេះ មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា ការ​ហែល​ទឹក រត់ និង​ការ​ជិះ​កង់​។ ដូច្នេះ ក្រៅ​ពី​បាន​សាច់ដុំ​ហើយ អ្វី​ដែល​មិន​នឹកស្មាន​នោះ គឺ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ចំពោះ​សុខភាព​តែម្តង​។

មាន​កម្លាំង​កាន់តែ​ខ្លាំង​
នៅ​ពេល​អ្នក​ហាត់ប្រាណ ឈាម​នឹង​ទទួលបាន​អុកស៊ីសែន និង​ជីវជាតិ​សំខាន់ៗ​កាន់តែ​ច្រើន​ដើម្បី​ពង្រឹង​ដល់​មុខងារ​សួត និង​បេះដូង​។ អ្នកនឹង​សម្គាល់​ឃើញ​រឿងនេះ នៅ​ពេល​អ្នក​ធ្វើ​ចលនា លើក​ឧបករណ៍​ហាត់ប្រាណ និង​ពត់​ពែន​ខ្លួន​ជា​ទៀងទាត់​។ ដូច្នេះ​លើក​ក្រោយ បើសិន​ជា​អ្នក​មាន​អារម្មណ៍​ថា អស់កម្លាំង ចូរ​ព្យាយាម​ចំណាយ​ពេល​ហាត់ប្រាណ យក​សាច់ដុំ​ខ្លះទៅ​។

សាច់ដុំ​កាន់តែ​រឹងមាំ​
កាលណា​ហាត់ប្រាណ​កាន់តែច្រើន សាច់ដុំ និង​កម្លាំង​របស់​សាច់ដុំ កាន់តែ​ខ្លាំងក្លា​ទៅៗ​។ រឿង​នេះ​ច្រើនតែ​កើតមាន នៅ​ពេល​អ្នក​ហាត់ប្រាណ ដោយ​លើក​ទម្ងន់ ទោះបីជា​លើក​ចំនួន​តិច​ក៏ដោយ ប៉ុន្តែ លើក​ច្រើន​ដង​។

គ្រប់គ្រង​ទម្ងន់​
ប្រយោជន៍​មួយទៀត នៃ​ការ​ហាត់ប្រាណ​យក​សាច់ដុំ គឺ​ជួយ​គ្រប់គ្រង​ការឡើង​ទម្ងន់ ឬ​សម្រក​ទម្ងន់​បាន​ទៀត​។ បើសិន​ជា​អ្នក កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ ការបង្កើន​ភាព​ខ្លាំងក្លា​នៃ​ការ​ហាត់ប្រាណ នឹង​ជួយ​រាងកាយ​រំលាយ​ជាតិ​ខ្លាញ់ បាន​កាន់តែ​ច្រើន​ផង​ដែរ​។

ជំហរ​កាន់តែ​ល្អ​
បើសិន​ជា​អ្នក មាន​សាច់ដុំ​រាងកាយ​ល្អ​ជាង​មុន នោះ​មានន័យ​ថា អ្នក​នឹង​អាច​ថែរក្សា​ជំហរ​រាងកាយ បាន​កាន់តែ​ល្អ​ជាង​មុន ព្រោះថា​សាច់ដុំ​ស្នូល​កំពុង​តែ​រឹងមាំ​ស្រាប់​។ ជាក់ស្តែង ឆ្អឹងខ្នង​អ្នកនឹង​មើល​ទៅ​ត្រង់​ល្អ​ជាង​មុន នៅពេល​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​តែម្តង​។

អារម្មណ៍​ល្អ​
អត្ថប្រយោជន៍​មួយ​ផ្សេងទៀត នៃ​ការ​ហាត់ប្រាណ​យក​សាច់ដុំ គឺ​ធ្វើឲ្យ​មាន​អារម្មណ៍ល្អ​តែម្តង ព្រោះថា នៅ​ពេល​អ្នក​ហាត់ប្រាណ កម្រិត​នៃ​ភាព​ស្ត្រេ​សនឹង​ថយចុះ​។ រឿង​នេះ​ក៏​ដោយសារ​តែ​សារធាតុ Endorphins ត្រូវ​បាន​បញ្ចេញ​ទៅក្នុង​ឈាម នៅពេល​ហាត់ប្រាណ ហើយ​វា​ក៏​ជួយ​រំសាយ​អារម្មណ៍មិនល្អ និង​ជួយ​ឲ្យ​មនុស្ស​សប្បាយចិត្ត និង​មាន​អារម្មណ៍​ស្ងប់​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។