៣ យ៉ាង ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​

៣ យ៉ាង ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ដោយ​ខ្លួនឯង​

​កូ​ឡេ​ស្តេ​រ៉ុល គឺជា​សារធាតុ​មួយ ដែល​អាច​បញ្ជាក់​អំពី សុខភាព​របស់​មនុស្ស​យើង​បាន​។ ដោយ​យោង​ទៅតាម សមាគមន៍​ជំងឺ​បេះដូង​អា​មេ​រិច (American Heart Association) កូ​ឡេ​ស្តេ​រ៉ុល គឺជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ ដែល​រាងកាយ​យើង អាច​ផលិត​បាន​ដោយ​ខ្លួនឯង​ផង និង​យកចេញ​ពី​ចំណីអាហារ​ផង​។ ថ្លើម មាន​តួនាទី​ផលិតកូ​ឡេ​ស្តេ​រ៉ុល​បាន ហើយ​អាហារ​ដូចជា សាច់​សត្វ សាច់មាន់ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ សុទ្ធតែ​ផ្តល់​ជាកូ​ឡេ​ស្តេ​រ៉ុល ដល់​រាងកាយ​បាន​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្លើម​នឹង​ផលិតកូ​ឡេ​ស្តេ​រ៉ុល កាន់តែ​ច្រើន​បើ​សិន​ជា​របប​អាហារ​របស់​យើង មាន​សារធាតុ​ខ្លាញ់ Saturated និង Trans Fats ខ្ពស់​។

​កូ​ឡេ​ស្តេ​រ៉ុល​មាន​ពីរ​ប្រភេទ​គឺ កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL​។ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នេះ​ហើយ ជា​អ្នក​ធ្វើឲ្យ​ប្រឈមខ្ពស់ នឹង​ជំងឺ​លើស​សម្ពាធ​ឈាម គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។

តើ​យើង​អាច​កាត់បន្ថយ ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​រាងកាយ បាន​យ៉ាងដូចម្តេច​ទៅ​?

បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ Saturated, Trans Fat
មនុស​ម្នាក់​អាច​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ខ្លួន​បាន តាមរយៈ​ការកាត់បន្ថយ ការ​ញ៉ាំ​អាហារ​ទាំងឡាយណា ដែល​សម្បូរ​ខ្លាញ់ Saturated និង Trans Fat​។ មានន័យ​ថា​អាហារ​ទាំងនោះ​មានដូចជា សាច់​ក្រហម​មាន​ខ្លាញ់ ប័រ ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់ គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ញ៉ាំ​អាហា​រណា ដែល​សំបូរ​ខ្លាញ់​អូ​មេហ្គាបី​វិញ​ដូចជា ត្រី​សាល​ម៉ុន ត្រីធូ​ណា ឬ​ត្រី​សា​ឌី​ន​ជាដើម​។

ការ​ញ៉ាំ​សូកូឡា និង​តែ​
សូកូឡា ត្រូវបាន​គេ​រកឃើញ​ថា មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន ដែល​អាច​ជំរុញ​ដល់​ការ​ផលិតកូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន​បាន​។ តាម​ការសិក្សា​រកឃើញ​ថា អ្នក​ដែល​ញ៉ាំ​ម្សៅ​កូ​កូអា (Cocoa) បាន​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ រហូតដល់ ២៤ ភាគរយ​ក្នុង​រយៈពេល ១២ សប្តាហ៍ ខណៈពេល​ដែល​អ្នក​មិន​ញ៉ាំ​វា កើន​ឡើង​តែ​ប្រាំ​ភាគរយ​ប៉ុណ្ណោះ​។ សូកូឡា ដែល​ធ្វើឡើង​ដោយ​មិន​មាន​ទឹកដោះគោ អាចជួយ​បង្ការ​ការ​កកកុញ​ប្លាកែ​ត និង​កំណក​ឈាម​ក្នុង​សរសៃឈាម​បាន​។ ជាមួយគ្នានេះដែរ តែ​ក៏​ត្រូវបាន​គេ​ស្គាល់​ថា មាន​សមត្ថភាព​ជំរុញ​ដល់​ការរំលាយ​អាហារ និង​ប្រឆាំង​ជំងឺមហារីក​ដែរ​។ ការសិក្សា​បាន​បង្ហាញថា តែ​ខ្មៅ ជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​រហូតដល់ ១០ ភាគរយ​ក្នុង​រយៈពេល ៣ សប្តាហ៍​។ អ្នកស្រាវជ្រាវ​ក៏​បាន​សន្និដ្ឋានថា តែ​ប្រហែលជា​ជួយ​បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​សរសៃឈាម​បេះដូង​ទៀត​។

សម្រក​ទម្ងន់​
ដោយ​យោង​ទៅតាម​គេហទំព័រ Web MD បានឲ្យដឹងថា ការ​សម្រក​ទម្ងន់ ៤,៥ គីឡូគ្រាម មានន័យ​ថា អ្នក​នឹង​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន ៨ ភាគរយ​ដែរ​។ តាម​ការសិក្សា​បញ្ជាក់ថា យក​ល្អ គួរតែ​សម្រក​ទម្ងន់​ពី ០,៥ ទៅ ១ គីឡូក្រាម ក្នុង​រយៈពេល​មួយ​សប្តាហ៍ ក្នុង​មធ្យោបាយ ដែល​ផ្តល់​សុខភាព និង​សុវត្ថិភាព​គ្រប់​រូបភាព​ទាំងអស់​។

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។