ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ហាក់​មិន​ទាន់​បាន​ល្អ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង

លោក គឹម បញ្ញា នាយក​អង្គការ​មូល​និ​ធិ​បង្ការ​របួស​អាស៊ី​ (AIP) បាន​ចាប់​អារម្មណ៍​ថា​ ការ​អនុ​វត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ហាក់​នៅ​មិន​ទាន់​បាន​ល្អ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង។

 

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ហាក់​មិន​ទាន់​បាន​ល្អ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង

 

លោក​បាន​លើក​ឡើងនៅ​ក្នុង​​ពិធីប្រគល់ជ័យលាភី ” អ្នកសារព័ត៍មាន​ឆ្នើម​លើ​ការជំរុញ​ការពាក់មួក​សុវត្ថិភាព”  ​ថា ​នៅ​ដើម​ឆ្នាំ២០១៦ អំឡុង​ពេល​ច្បាប់​ចរាចរណ៍​ថ្មី​ចាប់​ផ្ដើម​ប្រកាស តាម​ការ​អង្កេត​ឃើញ​ថា កម្រិត​នៃ​ការ​ពាក់​មួក​រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​ពី​ក្រោយ​មិន​ដល់​៣០%​នោះ​ទេ។ ផ្ទុយ​ពី​ប្រទេស​វៀត​ណាម​នៅ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ច្បាប់​នេះ​នឹង​ចាប់​អនុវត្ត​យ៉ាង​តឹង​រឹង គេ​សង្កេត​ឃើញ​អត្រា​នៃ​ការ​កើន​ឡើង​ពាក់​មួក​ស្ទើរ​តែ១០០%។​​

 

លោក​បន្ត​ថា ជិត​១០​ឆ្នាំ​រាប់​ចាប់​តាំង​ពី​ច្បាប់​ចាស់​ក្នុង​ឆ្នាំ​២០០៧​មក ប្រសិទ្ធភាព​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ។​​ ក្នុង​មួយ​ថ្ងៃ​ៗ​មាន​អ្នក​របួស​ទាប​បំផុត​១៧​នាក់ និង​ស្លាប់​មិន​ក្រោម​៦នាក់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ គ្រោះ​ថ្នាក់​នេះ​មាន​ចំនួន​ច្រើន​ជាង ២២ដង​បើ​ធៀប​នឹង​អ្នក​ស្លាប់​ដោយ​ជំងឺ​អ្នក​កើត​គ្រុន​ចាញ់ គ្រុន​ឈាម គ្រាប់មីន​បូក​បញ្ចូល​គ្នា។

 

ចំពោះ​ លោក ទី ឡុង តំណាង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ បាន​ចាត់​ទុក​ថា​ពិត​ជា​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ខ្លះ​ ដែល​បណ្ដាល​ឲ្យ​ច្បាប់​នេះ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព។

 

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ហាក់​មិន​ទាន់​បាន​ល្អ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង

 

កត្តា​នោះ​ គឺ​ដោយ​សារ​កង​កម្លាំង​ក្រោយ​ដាក់​វេន​គ្នា​ឡើង​ចុះ​ជួប​ការ​លំបាក​ព្រោះ​មាន​ការ​រវល់​ច្រើន មាន​ពេល​ខ្លះ​ក៏​ចន្លោះ​ប្រហោង មិន​បាន​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ខ្លះ។ កត្តា​មួយ​ទៀត​គឺ​ប្រជាពលរដ្ឋ នៅ​មិន​ទាន់​មាន​ទម្លាប់​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​ពេល​បើក​បរ ដោយ​សំអាង​ថា​ផ្លូវ​ជិត​ដូច្នេះ​ខ្ជិល​ពាក់​មួក​ជា​ដើម៕

 

អត្ថបទ៖ លឹម សុ​នា