ប្រទេស​កម្ពុជា​ត្រូវធ្វើ​ដំណើរ​ចេញពី​ប្រទេស​នាំ​ចូល​ទៅ​ជា​ប្រទេស​ផលិត

ប្រទេស​កម្ពុជា​បាន​នាំ​ចូល​ស្ទើរ​គ្រប់មុខ​ទំនិញ ខណ​:​ដែល​កម្ពុជា​មិន​មាន​សមត្ថភាព​កំណត់​នៅ​ក្នុង​ការ​ផលិត​ទំនិញ​សម្រាប់​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ​។

វា​ចាំបាច់​ដែល​កម្ពុជា​ត្រូវធ្វើ​ដំណើរ​ចេញពី​ការ​ពឹងផ្អែក តែ​ទៅ​លើ​កសិកម្ម ទេសចរណ៍ សំណង់ និង ការ​នាំ​ចេញ​សម្លៀក​បំពាក់​សម្រាប់​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​។ កម្ពុជា​ត្រូវ​មាន​ប្រភព​ផ្សេង​ទៀត​សម្រាប់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច ពិ​េ​សសការ​មាន​រោងចក្រ​តូច​ធំ​សម្រាប់​ផលិត​ចេញ​ជា​ទំនិញ និង​របស់​បរ​ផ្សេង​ៗ​។ ដោយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ស្រាប់ កម្ពុជា​អាច​ចាប់ផ្តើម​ចេញដំណើរ​ពី​ការ​បង្កើត​អោយ​បាន​ច្រើន​រោងចក្រ​ដែល​កែ​ច្នែ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណភាព​សម្រាប់​ការ​លក់​ក្នុងស្រុក និង​ការ​នាំ​ចេញ​។

ការ​កែ​ច្នៃ​ម្ហូបអាហារ​នៅ​ក្នុងស្រុក​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ម្ហូបអាហារ​កែ​ច្នែ​ពី​ប្រទេស​ជិតខាង ដែល​ពេល​ខ្លះ​ហួសពេល​កំណត់​សម្រាប់​ការ​ប្រើប្រាស់​។ នយោបាយ​គាំទ្រ​ដល់​ការ​បង្កើត​រោងចក្រ​កែ​ច្នែ​ម្ហូប​អា​ហរ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​នូវ​ទំនិញ​ខូចគុណភាព​នោះ​ទេ វា​ថែម​ទាំង​បង្កើត​ការងារ​ជា​ច្រើន​សម្រាប់​ប្រជាជន​ខ្មែរ​ផង​ដែរ​។

រដ្ឋាភិបាល​អាច​លើកទឹកចិត្ត​ដល់​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ម្ហូបអាហារ​នេះ តាម​រយ​:​នយោបាយ​លើកលែង ឬ​ក៏​បន្ធូរ​បន្ថយពន្ធ បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​រោងចក្រ​កែ​ច្នៃ​ម្ហូបអាហារ និង​ការ​សម្រួល​ដល់​នីតិវិធី​ផ្សេង​ៗ​សម្រាប់​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​ម្ហូបអាហារ​នេះ​។

ចាប់ផ្តើម​ចេញពី​នេះ កម្ពុជា​អាច​នឹង​ពង្រឹង​ខ្លួន​បង្កើត​រោងចក្រ​កាន់តែ​ច្រើន​ឡើង ដោយ​មាន​សមត្ថភាព​ធ្វើការ​ផលិត​ទំនិញ​គ្រប់​ប្រភេទ​។

នៅ​ពេល​ដែល​កម្ពុជា​មាន​រោងចក្រ​កាន់តែ​ច្រើន​ហើយ​នោះ ប្រជាជន​កម្ពុជា ក៏​មិន​ពឹងផ្អែក​ខ្លាំង​តែ​ទៅ​លើ​វិស័យ​កាត់ដេរ​ឡើយ​។ ចំណែក​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ក៏​កាន់តែ​រឹង​មាំ​ផង​ដែរ នៅ​ពេល​ដែល​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ឧ​ស្សហកម្ម​ដ៏​ពិតប្រាកដ​មួយ​៕