គឹម កែវមរកត ​ហៅ​​​អេម៉ា ធ្លាយ​ដំណឹង​ថា ផលិត​កម្ម​មិន​សូវ​អើ​ពើ

(ភ្នំពេញ)៖ តារាចម្រៀងស្រីមានមន្តស្នេហ៍កញ្ញា គឹម កែវមរកត ឬហៅកញ្ញា អេម៉ា ប្រចាំក្នុងផលិតកម្មភ្លេងរីខដ ត្រូវបានគេមើលឃើញថា ហាក់មានប្រជាប្រិយភាពខ្លាំងគួរសម ពេលនៅច្រៀងក្នុងផលិតកម្មមហាហង្ស របស់លោក អ៉ិន សុភិន ប៉ុន្តែក្រោយពីផលិតកម្មមហាហង្ស លែងផលិតបទចម្រៀងមក អេម៉ា ក៏បានចាកចេញ ទៅបន្តជ្រកក្រោម ក្នុងទ្រនំផលិតកម្មភ្លេងរីខដ។ ប៉ុន្តែតាំងពីស្រីស្រស់ អេម៉ា ចូលមកច្រកក្នុងផលិតកម្ម ភ្លេងរីខដមក ហាក់ពុំទាន់មានបទចម្រៀងណាមួយ ធ្វើឲ្យទស្សនិកជន គាំទ្រនាងភ្លូកទឹកភ្លូកដីនោះឡើយ ខណៈដែលថ្មីៗនេះ ក៏ស្រាប់តែបែកធ្លាយព័ត៌មានទៀតថា ផលិតកម្មមហាក់មិនសូវអើពើចំពោះនាងឡើយ។

គឹម កែវមរកត ឬហៅកញ្ញា អេម៉ា ពេលមកជ្រកកោនក្នុងផលិតកម្ម ភ្លេងរីខដ ហាក់លើកស្ទួយបានតែដំបូងៗ ក្រោយមកក៏លែងចេញបទចម្រៀងឲ្យនាងតែម្ដង រហូតធ្វើឲ្យមហាជន ស្ទើរតែភ្លេចទៅហើយថា អេម៉ា ជាអ្នកចម្រៀងម្នាក់។ ប្រភពពីក្នុងផលិតកម្ម បាននិយាយថា គេមិនសូវលើកស្ទួយ អេម៉ា ទេ ព្រោះនាងមិនមានខ្សែធំ ដូច វ៉ាន់ នីឡា ទើបគ្មានបទចម្រៀង ហើយគេក៏បន្តទុកនាងចោល មិនអើពើ បទចម្រៀងក៏មិនសូវចេញឲ្យច្រៀង។ ប៉ុន្តែ អេម៉ា បានបង្ហាញការតស៊ូ មិនព្រមដើរទៅណាទៀតនោះទេ ខណៈដែលក្នុងវិស័យសិល្បៈ ហាក់បីដូចជាពិបាក ស្ទើរនឹកស្មានដល់បែបនេះសោះ។

កញ្ញា អេម៉ា មិនត្រឹមតែមានទឹកដមសំឡេងល្អ រូបសម្រស់ស្រស់សោភាប៉ុណ្ណោះទេ នាងអាចច្រៀងបានបួនភាសាផ្សេងគ្នា ពិសេសទឹកដមសំឡេង ច្រៀងពីរោះល្អ ស្រាលស្រទន់ អាចលេងហ្គីតាបាន ដោយខ្លួនឯងទៀតផង។ កញ្ញា អេម៉ា ជារឿយៗបានច្រៀងបទចម្រៀងផ្សេង និងបង្ហោះក្នុងបណ្ដាញសង្គមរបស់នាង ហើយមានយុវវ័យជាច្រើន ចាប់អារម្មណ៍ តែផលិតកម្មមិនចាប់អារម្មណ៍ នឹងនាងឡើយ ពោលគឺទុកនាងរហូតដល់ឯកា ព្រោះតែផលិតកម្មលំអៀងឲ្យបទចម្រៀងមិនស្មើរគ្នា ។

កញ្ញា អេម៉ា យូរៗម្ដង ទើបនាងឡើងទូរទស្សន៍ ខណៈច្រៀងជាប្រចាំនៅហាង Mango ហើយមានអ្នកគាំទ្រនាងច្រើនគួរសម ដែលអាចស្ដាប់សំឡេងនាង រៀងរាល់រាត្រី នៅទីនោះ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកតារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណាវិញ ក៏បានបង្ហាញក្តីខកចិត្ត កាលពីលើកមុនផងដែរ ទៅលើផលិតកម្ម ដែលចេញបទចម្រៀងឲ្យនាង តែ១បទកន្លះ។

ផលិតកម្មថោន បានត្រៀមបទចម្រៀង ចំនួន៦វ៉ុល ដើម្បីចេញលក់ នៅលើទីផ្សារ ដើម្បីតម្រូវទៅតាមចិត្ត ទស្សនិកជនបានសប្បាយរីករាយ នៅក្នុងឱកាស បុណ្យ ចូល ឆ្នាំប្រពៃណីខ្មែរ នៅក្នុងនោះគេឃើញ តារាចម្រៀងនីមួយៗ មានភាពសប្បាយរីករាយ ក្នុងការត្រៀមបទ ចម្រៀងច្រៀងអបអរ ដោយឡែកតារាចម្រៀង កូនកាត់ចិន កញ្ញា លី អ៊ីវ៉ាធីណា វិញបែរបង្ហាញការខកចិត្ត ជាមួយផលិតកម្ម ខណៈដែលនាងត្រូវបានផលិតកម្ម ផ្តល់បទចម្រៀង ឲ្យត្រឹមតែ១បទកន្លះ តែប៉ុណ្ណោះ។

តាមរយៈសារដែល តារាចម្រៀងរូបនេះ បានសរសេរនៅលើ Facebook បានបង្ហាញអារម្មណ៍ខកបំណងខ្លាំងថា « ឡើង «រាត្រីកំសាន្ត» បើពិធីករគេសួរថាឆ្នាំនេះ ចេញបានប៉ុន្មាបទគួរឆ្លើយ តាមត្រង់រឺឆ្លើយកុហក. ឆ្លើយត្រង់ហ្មងទៅឆ្នាំនេះ ចេញបានតែមួយបទកន្លះគត់ ៦វ៉ុលបានតែមួយបទកន្លះ និងឯង ហាហា តែខ្លាំង អាមួយ បទកន្លះ និងសាច់រឿង ក៏អត់មានទៀត» ។

នៅក្នុងនោះដែលនាង ក៏បានសារនិយាយបែប បញ្ចើចបញ្ចើរថា « សង្ស័យឆ្នាំ និងឆុងមួយអ្នកណា គេនៅក្នុងថោន និងហើយមើលទៅ fan របស់ខ្ញុំប្រហែលខកចិត្ត ហើយ » ។

ពាក់ព័ន្ធទៅនិងការលើកឡើង របស់តារាចម្រៀង ដែលអាចបកស្រាយ បទចម្រៀង ចិន បានយ៉ាងពិរោះ កញ្ញា លី អ៊ីវ៉ាធីណា ត្អូញត្អែរថាខ្លួន មានបទចម្រៀងតិចនោះ ត្រូវបានមហាជនខ្លះលើកឡើងថា មូលហេតុដែលនាង មានបទចម្រៀងតិច គឺដោយសារតែឆ្នាំនេះ ផលិតកម្មថោន មានតារាចម្រៀងចំណូលថ្មីច្រើន ហើយត្រូវនិពន្ធបទចម្រៀង ឲ្យតារាថ្មីដើម្បីឲ្យ ទទួលបានការចាប់អារម្មណ៍ច្រើន ទើបតារាចម្រៀងចាស់ៗដូចជា នាងត្រូវបានផលិតកម្មនិពន្ធបទ ឲ្យច្រៀងតិចបែបនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload