ចោរប្លន់ទូរស័ព្ទហាង «លឹម ហាវ» ម្សិលមិញ បាញ់​សម្លាប់ខ្លួន​ឯង​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹងថា បន្ទាប់​ពី​កម្លាំងកង​រាជ​អាវុធហត្ថ សហការ​ជាមួយកម្លាំង​​អាជ្ញាធរ​មូលដ្ឋាន​​ ក្នុង​ការ​​ស្វែងរក​មុខសញ្ញា​​ចោរ​​​ប្លន់​ទូរស័ព្ទ​​នៅហាង «​លឹ​ម ហាវ​» ​ចំណុច​ក្បែរ​ផ្សារ​ដើម​គរនោះ ក៏​បានដឹង​​​ដោយ​កម្លាំង​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះរបស់​ជនសង្ស័យនោះ​ ​តាំងពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១៩ សីហា ២០១៦ នៅ​ម្តុំ​ផ្ទះ​ជួល​លេខ​១២ ក្នុងភូមិ​លូ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​ជនសង្ស័យ​មិន​ព្រម​សហការ​ចេញ​មក​នោះ​ទេ ។ លុះ​នៅ​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​​ថ្ងៃ​ដដែល​នោះ​ ជនសង្ស័យ​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ ដោយយកកាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង​​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួលខាងលើ​តែ​ម្តង ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​សុខ មាន មាន​ប្រពន្ធ​ឈ្មោះ​មុំ និង​មានកូន​ប្រុស​-​ស្រី​២​នាក់ស្ថិតក្នុង​បន្ទប់​ជួល​​នោះ ​។ ខណៈ​ពេល​នេះ កម្លាំង​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ក្នុងផ្ទះ​ជួល​​ ។ ដោយឡែក ប្រពន្ធ​របស់​ជនសង្ស័យ ​មិន​បាន​និយាយ​អ្វី​ទាំងអស់ ដោយ​គិតតែ​ពី​ទ្រហោយំ​នៅ​មុខ​សព​ប្តី​តែ​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា បុរស​ម្នាក់​បាន​ចូល​ទៅ​ប្លន់​យក​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ៗ៧​គ្រឿង រួច​រត់​ចូល​ផ្សារ​នាគ​មាស​បាត់​ស្រមោល​តែ​ម្តង ។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៨ សីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​យីហោ «​លឹ​ម ហាវ​» ផ្ទះ​លេខ​៧៨​អា ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង ពាក់​ស្លាក​លេខ កណ្ដាល 1J-5094 បាន​ជិះ​ចូល​ទៅ​ហាង​លក់​ទូរស័ព្ទ «​លឹ​ម ហាវ​» សួរ​រក​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង ។ បន្ទាប់​ពី​សួរ​តម្លៃ និង​តថ្លៃ​បាន​បន្តិច ស្រាប់តែ​បុរស​រូប​នោះ​បាន​ដក​កាំភ្លើង​ភ្ជង់​ម្ចាស់​ហាង​ឲ្យ​យក​បន្ថែម​៤​គ្រឿង​ទៀត សរុប​៧​គ្រឿង រួច​រត់​បម្រុង​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ម្ចាស់​ហាង​ស្រែក​ចោរ​ៗ​ផ្អើល​ឆោ​ឡា ធ្វើ​ចោរ​នោះ​ភ័យ​ស្លន់ស្លោរ​ចោល​ម៉ូតូ​រត់គេច​ខ្លួន​ចូល​ក្នុង​ផ្សារ​នាគ​មាស​បាត់​ស្រមោល ។

ប្រភព​ពី​បន្ត​ទៀត​ថា ទូរស័ព្ទ​ស៊េរី​ទំនើប​ទាំង​៧​គ្រឿង​នោះ​មាន​តម្លៃ​សរុប​ជិត​៣​ពាន់​ដុល្លារ ។ បន្ទាប់​មក ត្រូវ​កម្លាំង​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​រហូត​ដល់​ប្រទះ​ឃើញ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ​ខាងលើ​នោះ ។