ប្រាក់ សុវណ្ណារ៉ា៖ បឹងកេត គ្មានជម្រើសក្រៅពីការយកឈ្នះក្រុមស្វាយរៀង

ក្លិបបឹងកេតអង្គរ បានប្រើប្រាស់ផេកហ្វេសប៊ុកផ្លាល់ខ្លួន ដើម្បីធ្វើការប្រមែប្រមូលអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមនេះ ឲ្យរួមដំណើរទៅគាំទ្រកីឡាកររបស់ខ្លួន នៅក្នុងជំនួបដ៏សំខាន់ជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្វាយរៀង នាល្ងាចម៉ោង ៦:០០ ថ្ងៃសុក្រនេះ ខណៈលោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងថា បឹងកេត គ្មានជម្រើសច្រើនក្រៅពីការឈ្នះក្រុមស្វាយរៀង ដើម្បីឆ្ពោះទៅរកការលើកពាន ក្នុងរដូវកាលឆ្នាំ២០១៦នេះនោះទេ។

mm1

លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា៖«ការប្រកួតលើកនេះវាអាចនឹងមានការលំបាកជាងការប្រកួតក្នុងជើងទី១ ព្រោះនៅជើងទី២នេះ យើងបានបាត់បង់កីឡាករសំខាន់ៗមួយចំនួន ពិសេសយើងត្រូវលេងនៅលើទឹកដីគេទៅទៀត ប៉ុន្តែចំពោះក្លិបបឹងកេត គឺគ្មានជម្រើស ក្រៅពីការផ្តោតលើការយកឈ្នះក្រុមស្វាយរៀង នោះទេ ព្រោះបើយើងមានការភ្លាត់ចាញ់នោះ គឺយើងនឹងបាត់បង់ឱកាសលើកពានក្នុងរដូវកាលនេះហើយ»។

ក្រុមបឹងកេត ធ្លាប់បានឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ៣-១ ក្នុងជើងទី១ ប៉ុន្តែ បឹងកេតដែលកំពុងឈរនៅលេខរៀងទី១ មាន៤១ពិន្ទុ បានចាត់ទុកការវិលទៅជួបក្រុមព្រះខ័នរាជស្វាយរៀង លើកនេះដូចជាការប្រកួតផ្តាច់ព្រ័ត្រអ៊ីចឹងដែរ ព្រោះលទ្ធផលស្មើ ឬចាញ់ នឹងធ្វើឲ្យបឹងកេត បាត់ឱកាសឈ្នះពាន ហើយគូប្រជែងយកពានគឺក្រុមក្រសួងការពារជាតិ ដែលមាន៤០ពិន្ទុនោះ កំពុងតែចាំអ៊ុតមើលលទ្ធផលនៃការប្រកួតដ៏សំខាន់មួយនេះ។

លោក ប្រាក់ សុវណ្ណារ៉ា បានបន្ថែមទៀតថា៖«មិនបាច់ខ្ញុំប្រាប់ទេ គឺអ្នកទាំងអស់គ្នាបានដឹងហើយថា ការជួបក្រុមស្វាយរៀង លើកនេះវាដូចជាការប្រកួតផ្តាច់ព្រ័ត្រអ៊ីចឹង ហេតុនេះខ្ញុំមិនចាំបាច់រៀបរាប់ពីការគ្រប់គ្រង ការត្រៀមខ្លួន និងការរៀបចំអ្វីនោះទេ។ មានន័យថា បើប្រកួតផ្តាច់ព្រ័ត្រទៅហើយនោះ គឺអ្វីៗយើងបានរៀបចំរួចរាល់អស់ហើយ»៕

The post ប្រាក់ សុវណ្ណារ៉ា៖ បឹងកេត គ្មានជម្រើសក្រៅពីការយកឈ្នះក្រុមស្វាយរៀង appeared first on CamboSport.