លោកស្រីស៊ូជីបំពេញទស្សនកិច្ចនៅចិន ក្នុងអារម្មណ៍តានតឹង

លោកស្រីអ៊ុងសាន ស៊ូជី ក្នុងនាមជារដ្ឋមន្ត្រីការបរទេសភូមា បានទៅដល់ក្រុងប៉េកាំង ថ្ងៃពុធ១៧សីហា ម្សិលមិញ សម្រាប់ទស្សនកិច្ចរយៈពេល៥ថ្ងៃ។ ទស្សនកិច្ចនៅចិន មានទិសដៅពិភាក្សាពីទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស ដែលចិនឧបត្ថម្ភការសាងសង់ក្នុងទឹកដីភូមា។

ថ្ងៃព្រហស្បតិ៍នេះ លោកស្រីស៊ូជី បានជួបនាយករដ្ឋមន្ត្រីចិន លិ ខឺ ឈាំង។ លោកលីលើកឡើងថា ទស្សនកិច្ចលោកស្រីស៊ូជី បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលភូមា ក៏ដូចជាលោកស្រីស៊ូជីផ្ទាល់ ចំពោះទំនាក់ទំនងរវាងប្រទេសទាំង២។

ថ្ងៃសុក្រស្អែក លោកស្រីនឹងជួបប្រធានាធិបតី ស៊ី ជីនពីង។ នេះជាទស្សនកិច្ចលើកទី២ របស់លោកស្រីស៊ូជី នៅចិន។ លោកស្រីធ្លាប់ត្រូវបានបក្សកុម្មុយនិស្តចិនអញ្ជើញ អោយទៅចិន ម្តងរួចហើយ កាលពីខែមិថុនា ឆ្នាំមុន។

ភូមាផ្អាកគម្រោងសង់ទំនប់វារីអគ្គិសនីចិន តាំងពីឆ្នាំ២០១១

សូមរំលឺកថា ទំនប់វារីអគ្គិសនីមីតសូន របស់ចិន ត្រូវសង់នៅទន្លេអ៊ីរ៉ាវ៉ាឌី រដ្ឋកាឈីន ភាគខាងជើងភូមា ក្នុងតម្លៃសាងសង់៣៦០០ លានដុល្លារ។ សង់នៅភូមាក៏ពិតមែន តែទិសដៅគឺត្រូវផលិតអគ្គិសនីសម្រាប់ប្រើនៅចិន។

រដ្ឋាភិបាលលោកថេន សេន អាណត្តិមុន បានផ្អាក គម្រោងនេះ តាំងពីឆ្នាំ២០១១ម្ល៉េះ ដោយសារប្រជាជនភូមាបាតុកម្មប្រឆាំងគម្រោងនេះ។ ភូមាមើលឃើញថា គម្រោងនេះ បង្ហាញថា ចិនចង់ត្រួតត្រាលើសេដ្ឋកិច្ចភូមា។ ចិនខឹងភូមាខ្លាំងណាស់ កាលនោះ ដែលភូមាហ៊ានផ្អាកគំរោង។

ទស្សនកិច្ចលោកស្រីស៊ូជី នៅចិនពេលនេះ គឺផ្តោតលើទំនប់វារីអគ្គិសនីនេះហើយ ព្រោះវាជាប្រយោជន៍ចំបងរបស់ចិន។ ចិនបានដាក់សម្ពាធរដ្ឋាភិបាលថ្មី រឿងទំនប់វារីអគ្គិសនីមួយនេះ ច្រើនខែមកហើយ។

លោកស្រីស៊ូជីត្រូវផ្គាប់ចិត្តចិនផង ផ្គាប់ចិត្តប្រជាជនភូមាផង

ទំនប់វារីអគ្គិសនីមីតសូនរបស់ចិន ជាបញ្ហាស្មុគស្មាញរបស់រដ្ឋាភិបាលភូមាថ្មី។ លោកស្រី ស៊ូជី តឹងតែងក្នុងចិត្តមិនតិចទេ ដែលត្រូវបំពេញទស្សនកិច្ចនៅចិនពេលនេះ។ លោកស្រីត្រូវផ្គាប់ចិត្តប្រជាជនភូមាផង ត្រូវផ្គាប់ចិត្តចិនផង លៃយ៉ាងណា កុំអោយចិនអន់ចិត្ត ហើយក៏កុំអោយពលរដ្ឋភូមាខឹងសម្បារដែរ ព្រោះប្រជាជនភូមាមិនពេញចិត្តទំនប់វារីអគ្គិសនីចិនទេ។

មុនឡើងកាន់អំណាច ខែមេសា បក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យភូមា ធ្លាប់បានបង្ហើបអោយដឹងថា អាចលុបចោលគម្រោងនេះ ដោយសារតែតំបន់ដែលត្រូវសាងសង់ទំនប់វារីអគ្គិសនី នៅភាគខាងជើងភូមា ងាយរងគ្រោះរញ្ជួយដី។

កាលនោះ បក្សលោកស្រីស៊ូជី ចង់ផ្គាប់ចិត្តប្រជាជនផង ចង់ផ្គាប់ចិត្តចិនផង។ ប្រជាជនបានសប្បាយចិត្តដែលលឺថា គម្រោងសង់ទំនប់វារីអគ្គិសនីចិន អាចនឹងត្រូវលុបចោល។

មួយវិញទៀត ចិនក៏មិនអាចខឺងរដ្ឋាភិបាលភូមាទាំងស្រុងដែរ ព្រោះថា ការលុបចោលគឺធ្វើឡើងក្នុងហេតុផលសន្តិសុខ។ រដ្ឋាភិបាលលោកស្រីស៊ូជី ប្រហែលជាអាចលើកការសង់ទំនប់វារីអគ្គិសនីនេះ ទៅសង់នៅកន្លែងផ្សេងវិញ។

ថ្នូរនៃទំនប់វារីអគ្គិសនីមីតសូន – ចិនបន្តទាក់ភូមាមិនអោយផ្អៀងទៅរកអាមេរិក
រដ្ឋាភិបាលភូមាថ្មី សង្ឃឹមថា រដ្ឋាភិបាលចិនអាចគាំទ្រភូមា ក្នុងដំណើរការចរចាសន្តិភាពជាមួយក្រុមប្រដាប់អាវុធក្នុងស្រុក។ កងទ័ពភូមាបានប្រយុទ្ធជាមួយក្រុមឧទ្ទាមនៅតំបន់កូងកាង តាមព្រំដែន ធ្វើអោយប្រជាជនរាប់សិបពាន់នាក់ភៀសខ្លួន ចូលក្នុងទឹកដីចិន។

ក្រុងប៉េកាំងច្បាស់ជាគាំទ្រភូមាហើយ ក្នុងការចរចាសន្តិភាពជាមួយក្រុមឧទ្ទាម ព្រោះមិនត្រឹមតែបំពេញចិត្តភូមា ដោះស្រាយបញ្ហាតានតឹងតាមព្រំដែនទេ គឺថែមទាំងអាចទាក់រដ្ឋាភិបាលលោកស្រីស៊ូជី អោយនៅខាងចិនច្រើនដែរ។

ចិនមិនចង់អោយភូមាផ្អៀងទៅរកលោកខាងលិច ពិសេសអាមេរិក ពេកទេ។ តាំងពីរបបសឹកភូមាដួលរលំ រដ្ឋាភិបាលរបស់លោកថេន សេន ក្នុងអាណត្តិមុន បានធ្វើកំណែទម្រង់ច្រើនណាស់ ដោយបើកអោយអ្នកវិនិយោគបរទេស ប្រទេសលោកខាងលិច បានចូលមករកស៊ីនៅភូមា។

ដើម្បីកុំអោយភូមាងាកទៅរកលោកខាងលិចច្រើន ចិនបានចែចង់បក្សលោកស្រីស៊ូជី តាំងពីមុនបក្សនេះជាប់ឆ្នោតខែវិច្ឆិកា ឆ្នាំមុនម្ល៉េះ។ កាលពីខែមិថុនា ឆ្នាំ២០១៥ បក្សកុម្មុយនិស្តចិនបានអញ្ជើញលោកស្រីស៊ូជី អោយទៅទស្សនកិច្ចនៅចិន ៤ថ្ងៃដែរ។ កាលនោះ ចិនអាចរំពឹងរួចស្រេចហើយថា បក្សលោកស្រីស៊ូជីពិតជាឈ្នះឆ្នោត ហើយអាចប្រែចិត្ត ជួយសង់ទំនប់វារីអគ្គិសនីបំពេញចិត្តចិនវិញ។

បើភូមាព្រមសង់ទំនប់អគ្គិសនី ចិនប្រហែលអាចបន្ទន់ខ្លួន ចុះទៅជួបពលរដ្ឋភូមាផ្ទាល់ នៅតំបន់ដែលត្រូវសង់ទំនប់នេះ ស្វែងយល់ពីតំរូវការពួកគេ ក៏ដូចជាលក្ខខណ្ឌបរិស្ថានផ្សេងៗ គឺធ្វើយ៉ាងណា រកវិធីសម្រុះសម្រួលជាមួយប្រជាជនក្នុងស្រុក ដើម្បីសង់ទំនប់នេះអោយបាន។

ការវិនិយោគចិននៅភូមា
ចិនជាដៃគូដ៏ធំជាងគេ នៅភូមា។ ចិនវិនិយោគប្រមាណ១៥៤០០លានដុល្លារនៅភូមា។ នៅភូមាចិនវិនិយោគលើផ្នែកប្រេង ឧស្ម័ន និងរ៉ែផ្សេងៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ហ្វ្រិន ឆាយណា អរ ស៊ីអិន French.china.org.cn បើគិតដល់ចុងខែកក្កដា កន្លងទៅ កិច្ចសន្យាវិនិយោគរបស់ចិន នៅភូមា មានទំហំទឹកប្រាក់ប្រមាណជិត៤០ភាគរយ នៃការវិនិយោគបរទេសសរុបនៅភូមា។

នេះបង្ហាញថា សេដ្ឋកិច្ចភូមាផ្អែកលើចិនខ្លាំងណាស់។ ភូមាជាមិត្តនឹងចិន តាំងពីយូរហើយ។ កាលពីរបបសឹកចាស់ ឃុំលោកស្រីស៊ូជី ១៥ឆ្នាំ កាលនោះ ភូមារងទណ្ឌកម្មអន្តរជាតិ ធ្លាក់ខ្លួនឯកោ។ កាលនោះ មានតែចិនទេ ដែលជួយសេដ្ឋកិច្ចភូមា។

ពេលនេះ ចិនក៏ត្រៀមជួយហេដ្ឋារចនាសម្ព័ន្ធ ភូមាដែរ។ ការកែលម្អ សង់ផ្លូវថ្នល់ ស្ពានផ្សេងៗ នឹងជួយភូមាអោយភ្ជាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ក្នុងតំបន់បានប្រសើរជាងមុន៕

ប្រភព៖ RFI


Related Posts