បំផ្ទុះ​គ្រាប់បែក​នៅ​តួកគី​ ស្លាប់១១នាក់​ និង​របួស​ជិត ៣០០​នាក់

ការវាយប្រហារ​ដោយ​គ្រាប់បែក​ចំនួន ៣ ទៅលើ​កងកម្លាំង​សន្តិសុខ​តួកគី នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​នេះ បាន​សម្លាប់​មនុស្ស​ចំនួន ១១នាក់ និង​ជិត​៣០០នាក់​ផ្សេងទៀត​រង​របួស។ មន្រ្តី​តួកគី​បាន​ចោទប្រកាន់​ក្រុម​សកម្មប្រយុទ្ធ នៃ​គណបក្ស Kurdistan Workers Party (PKK) ចំពោះ​ការវាយប្រហារ​នេះ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់។

 

បំផ្ទុះ​គ្រាប់បែក​នៅ​តួកគី​ ស្លាប់១១នាក់​ និង​របួស​ជិត ៣០០​នាក់

 

ដំបូង​ឡើយ សន្តិសុខ​ភូមិ​ម្នាក់​បាន​ស្លាប់ និង​ទាហាន​ម្នាក់​បាន​រងរបួស នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង កងកម្លាំង​សន្តិសុខ និង​ពួក​សកម្ម​ប្រយុទ្ធ PKK នៅ​ក្នុង​ស្រុក Nazar។ ក្រោយមក នៅ​ពេល​ដែល​រថយន្ត​យោធា​កំពុង​ត្រលប់​មក​ពី​ការ​ប៉ះ​ទង្គិចគ្នា​នោះ​វិញ វា​ត្រូវ​បាន​បំផ្ទុះ​ដោយ​គ្រាប់បែក​បង្កប់​តាម​ផ្លូវ នៅ​ក្បែរ​ស្រុក Gayda ដោយ​សម្លាប់​ទាហាន ចំនួន ៥នាក់ និង ៤នាក់​ផ្សេងទៀត​រង​របួស។

 

គួរ​រំលឹកថា កាលពី​ថ្ងៃពុធ ទី១៧ ខែ​សីហា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​បាន​កើតឡើង នៅ​ខាងក្រៅ​ស្ថានីយ៍​ប៉ូលិស នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង Van វេលាម៉ោង ១១យប់ (ម៉ោង​ក្នុង​ប្រទេស​តួកគី) ដោយ​សម្លាប់​មនុស្ស​ចំនួន ៣នាក់ ក្នុង​នោះ​រួមមាន​មន្រ្តី​ម្នាក់​ផងដែរ។ នៅ​ក្នុង​ហេតុការណ៍​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៧៣នាក់​បាន​រងរបួស ក្នុង​នោះ​រួមមាន​មន្រ្តី​ចំនួន ២០នាក់។

 

បំផ្ទុះ​គ្រាប់បែក​នៅ​តួកគី​ ស្លាប់១១នាក់​ និង​របួស​ជិត ៣០០​នាក់

 

រីឯ​កាល​ពីព្រឹក ថ្ងៃ​ព្រហស្បត្តិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញ​នេះ ក៏​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ធំ​មួយ លើ​ទីស្នាក់ការ​កណ្តាល​របស់​ប៉ូលិស ក្នុងទីក្រុង Elazig នៅ​វេលាម៉ោង​ប្រហែល ៨ព្រឹក (ម៉ោង​ក្នុង​ប្រទេស​តួកគី) ដោយ​បាន​សម្លាប់​មន្រ្តី​ចំនួន ៣នាក់។ នាយករដ្ឋមន្រ្តី​តួកគី លោក Binali Yildirim បាន​និយាយ​ថា ក្រៅពី​មនុស្ស​ស្លាប់ នៅ​មាន​មនុស្ស​ចំនួន ២១៧នាក់​ទៀត​រងរបួស ក្នុងនោះ ១៤៥នាក់​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ (៨៥នាក់​ជា​មន្រ្តីប៉ូលិស និង ៦០នាក់​ជា​ជនស៊ីវិល)។

 

គួរ​បញ្ជាក់​ថា នៅក្នុង​រយៈពេល ២សប្តាហ៍​ចុងក្រោយ​នេះ មាន​ការបំផ្ទុះ​គ្រាប់បែក​ទៅលើ​ប៉ូលិស នៅ​ភាគ​ខាងត្បូង និង​ខាងកើត នៃ​ប្រទេសតួកគី សរុបចំនួន ៥លើក​មក​ហើយ៕

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN