​កម្ពុជាគ្រោងសង់មជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ២កន្លែង

កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព័ត៌មានអំពីថាមពលនុយក្លេអ៊ែរ២កន្លែង ដើម្បីអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងទាក់ទាញសិស្សនិស្សិតឲ្យមានការចាប់អារម្មណ៍លើវិទ្យាសាស្ត្រ ជាពិសេសរូបវិទ្យា និងគីមីវិទ្យា។ គម្រោងសហការជាមួយរុស្ស៊ីនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនៈកិច្ចផ្លូវការនៅរុស្ស៊ីកាលពីខែឧសភាកន្លងទៅ។

ក្នុងដំណាក់កាលនេះ កម្ពុជានឹងផ្តោតលើការអបរំលើកកម្ពស់ការយល់ដឹង និងទាក់ទាញសិស្សនិស្សិតឲ្យចាប់អារម្មណ៍លើការសិក្សាវិទ្យាសាស្ត្រ ដូចជាគីមីវិទ្យា និងរូបវិទ្យា និងវិស្វកម្មជាដើម។ នេះបើតាមលោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកទី១៨ ខែសីហា។ លោកបានឲ្យដឹងទៀតថា កម្ពុជាក៏នឹងផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងវិស័យស៊ីវិលផ្សេងៗ ក្រៅពីការផលិតថាមពលអគ្គិសនីជំហានដំបូង ដូចជាវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យវេជ្ជសាស្ត្រជាដើម។

លោកអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកឡើងថាជំហានទី១មួយ នេះគឺធ្វើឡើង ដើម្បីបង្កើតធនធានមនុស្ស និងអ្នកជំនាញគ្រប់គ្រាន់សម្រាប់ការអភិឌ្ឍទៅមុខទៀត។ ចំពោះការអភិវឌ្ឍផ្សេងៗ ទៀតលើបច្ចេកវិទ្យានុយក្លេអ៊ែរ គឺអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា។

ក្រោយពីឯកភាពគ្នាជាមួយក្រសួងអប់រំ លោកទិន ពន្លក បានឲ្យដឹងថាវិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា ឬសាលាទិចណូ បានផ្តល់ទីតាំងសម្រាប់ការវាយតម្លៃ ក្នុងការសាងសង់ និងគូរប្លង់ មជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ។ បើតាមលោក ទិន ពន្លក ប្រសិនបើគម្រោងទី១នេះ ទទួលបានជោគជ័យនោះ កម្ពុជានឹងស្នើឲ្យភាគីរុស្ស៊ីពិចារណាលើគម្រោងនេះមួយទៀត ដែលអាចមានទីតាំងក្នុងខេត្តបាត់ដំបង។

កាលពីថ្ងៃទី១៧ ខែសីហា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំកិច្ចប្រជុំលើកទី១ នៃក្រុមការងាររួម កម្ពុជា-រុស្ស៊ី សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពនៅក្រសួងបរិស្ថាន។ នេះតាមព័ត៌មានពីទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថាន។

នៅថ្ងៃទី១៨ នេះ កម្ពុជា និងរុស៊្សី បានទៅសិក្សាទីតាំងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរៀបចំមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរនេះ។ យ៉ាងណាមិញ បើតាមលោក ទិន ពន្លក កម្ពុជាមិនទាន់បានជជែកគ្នា ពីពេលវេលាច្បាស់លាស់ក្នុងសាងសង់មជ្ឈមណ្ឌលនេះនៅឡើយទេ។

គួររំលឹកជូនថា ក្នុងដំណើរទស្សនៈកិច្ចរយៈពេល៥ថ្ងៃ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងប្រទេសរុស្ស៊ី កាលពីខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ខួបលើកទី២០ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៨ ក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សារណៈ ស្តីពី ការបង្កើតក្រុមការងាររួម កម្ពុជា-រុស្ស៊ី លើកិច្ចប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងគោលបំណងសន្តិភាពផងដែរ៕

ប្រភព៖ RFI


​កម្ពុជាគ្រោងសង់មជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ២កន្លែង

ប្រធាន គ.ជ.ប៖ មានតែការយល់គ្នាពីគ្រប់ភាគី ទើបធ្វើឲ្យការបោះឆ្នោត​ល្អប្រសើរ និងទទួលបានគ្រប់គ្នា (Video Inside)

​កម្ពុជាគ្រោងសង់មជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ២កន្លែង

ឧកញ៉ា ស៊ុយ សុផាន មានសំណុំរឿងអាស្រូវទំនាស់ដីធ្លីជាង១០០ករណីជាមួយប្រជាពលរដ្ឋសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ