ទំនិញគេចពន្ធ​ត្រូវគេ​លួច​នាំចូល​នៅពេល​យប់​តាម​ផែ​ឯកជន​របស់លោក សូ ជុង​ហួរ នៅ​តំបន់​ទំនប់រលក​តាម​អំពើ​ចិត្ត តែ​គេ​មិនដែល​ឃើញ​ជំនាញ​គយ​បង្ក្រាប​ទេ​

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ដោយបានអះអាងថា ផែនឯកជនរបស់លោក សូ ជុងហួរ អតីតផែកាណូតរ៉ូយ៉ាល់ នៅតំបន់ផ្សារទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ កំពុងតែក្លាយទៅជាកន្លែងនាំចូលទំនិញគេចពន្ធនៅពេលយប់រាប់សិបឆ្នាំមកហើយដែលលាក់បាំងពីភ្នែកមហាជន។ ការនាំចូលទំនិញគេចពន្ធនៅពេលយប់ គឺដើម្បីចៀសផុតពីចំណាត់ការរបស់សមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរ។ ប៉ុន្តែដោយសារមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនេះបានយ៉ាងរលូន ហើយគេមិនដែលឃើញមានចំណាត់ការបង្ក្រាបពីជំនាញគយ ម្តងណាឡើយ។

សូមបញ្ជាក់ថាកន្លងមកផែឯកជនដែលលោក សូ ជុងហួរ ជួលពីរដ្ឋនៅក្នុងភូមិ៣ ជាប់ផ្សារទំនប់រលក គឺជាផែកាណូតរ៉ូយ៉ាល់សម្រាប់ដឹកអ្នកដំណើរទៅខេត្តកោះកុង និងទៅកោះរុងជាដើម។ ក៏ប៉ុន្តែឥឡូវផែនឯកជននេះមានការនាំចេញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុកនៅពេលយប់ ជាពិសេសនៅពេលមន្ត្រីគយឬសមត្ថកិច្ចដទៃទៀតសម្រាក។ ប្រភពបានបង្ហើបថា គេសង្ស័យមានការឃុបឃិតគ្នាយ៉ាងប្រាកដ និងជាប្រព័ន្ធ ទើបឈ្មួញអាចនាំចូលទំនិញគេចពន្ធចូលតាមផែឯកជន របស់លោក សូ ជុងហួរ នេះតាមអំពើចិត្តដោយគ្មានការត្រួតពិនិត្យ និងបង់ពន្ធចូលរដ្ឋឡើយ។

ដោយឡែកប្រភពពីមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ បានខ្សឹបខ្សៀវឲ្យដឹងថា លោក សូ ជុងហួរ មានអំណាចមិនធម្មតាតាំងពីនៅធ្វើជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុមកម្ល៉េះ ហើយនៅពេលក្លាយជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក សូ ជុងហួរ រឹតតែមានអំណាចខ្លាំងថែមទៀតព្រោះគាត់ជាទីប្រឹក្សារបស់មេដឹកនាំជាន់ខ្ពស់។ ហេតុនេះហើយទើបសមត្ថកិច្ចក្នុងខេត្តព្រះសីហនុមិនហ៊ានបង្ក្រាបទំនិញគេចពន្ធដែលឈ្មួញនាំចូលតាមរបស់គាត់នោះទេ។ បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញផងដែរ ព្រោះបទល្មើសនាំចូលទំនិញគេចពន្ធតាមផែឯកជនរបស់លោក សូ ជុងហួរ អាចធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ៕

 

KA-08-07-2016-04