ខ្លោចចិត្តតាម៉ូតូ​ឌុប គ្រោះដោយសារស្រីចិន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ បាន​ដឹក​ស្ត្រី​ជា​ជនជាតិ​ចិន​ ក៏​ត្រូវ​ចោរ​២​នាក់​​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ ​តែ​មិន​​បានសម្រេច​ ធ្វើ​ឱ្យ​​អ្នក​បើក​ម៉ូតូ​ដួល​រង​របួស​បែក​មុខ​បែក​បែក​មាត់​​សន្លប់ស្តូក​​ ដែល​ហេតុការណ៍​នេះ​កើតឡើងកាលពី​​វេលា​ម៉ោង​០​៨ ​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៨ ​សីហា ២០១៦ ស្ថិតត្រង់ចំណុច​​ផ្លូវ​១៧៣​កែង​​៤២៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

បុរស​រត់ម៉ូតូឌុបរងគ្រោះ​​ឈ្មោះ​ម៉េ​ង ហួរ អាយុ​៧២​ឆ្នាំ ជា​​រត់​ឌុ​ប ស្នាក់​នៅផ្ទះ​លេខ២១១EO ផ្លូវ២៥៧ ភូមិ​៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។ ប្រភព​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​បាន​បើក​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៧០ ពណ៌​ទឹកសមុទ្រ ឌុ​បស្ត្រី​ចិន​ម្នាក់​ធ្វើ​ដំណើរ​​តាម​ផ្លូវ១៧៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

​ខណៈ​មក​ដល់ចំណុច​​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ​២​នាក់បាន​ជិះ​ម៉ូតូ ប្រភេទ​អូ​តូមួយ​គ្រឿង​មិន​ចាំ​ម៉ាក​ និង​ស្លាក​លេខ ធ្វើ​ដំណើរ​​មក​ពីក្រោយ​​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​នារី​ជនជាតិ​ចិនដែល​កំពុង​ជិះ​លើ​ម៉ូតូ តែ​មិន​បាន​សំរេច បណ្ដាល​ឲ្យ​ម៉ូតូ​និង​ដួល​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​បួស​បែក​មុខ​បែក​មាត់​សន្លប់​ស្ដូកស្ដឹង ។

ជនរងគ្រោះ​ត្រូវ​បាន​អ្នក​ជិតខាង​ និង​អ្នក​ធ្វើ​ដំណើរ​ជួយ​សង្គ្រោះ គួ​ក​ច្របាច់​ និង​លាប​ប្រេងខ្យល់​ឱ្យ​ទើប​ដឹងខ្លួន​វិញ ។ ចំណែក​ស្ត្រី​ចិន​​រង​បួស​ស្រាល បាន​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​បន្តដំណើរ​ទៅ​ទៀត  ។ ដោយឡែក​ជនសង្ស័យ​ឃើញ​សភាព​បែប​នេះ ​បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​សាកសួរជន​រង​គ្រោះដែរ ​តែ​ជន​រង​គ្រោះ​ហាក់​បីដូចជា​វង្វេងវង្វាន់មិនដឹង​ថា​ ខ្លួន​គាត់​និងត្រូវ​បាន​ចោរឆក់​នោះ​ទេ ហើយក៏​មិនដឹង​ថា ​ខ្លួន​គាត់​និង​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណី​ដែរ  លុះ​បន្តិច​ក្រោយមក ជន​រង​គ្រោះ​គាត់​មាន​អារម្មណ៍​ថា​ធូរស្រាល​ជាង​មុន រួច​​បាន​ឡើង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​ខ្លួនឯង ៕