ស្ត្រី​២​នាក់​ស្រែកយំ​ននៀល​ដី និង​​ជេរ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​ស្រែកយំ​ននៀល​ដី និង​ជេរ​សមត្ថកិច្ច បន្ទាប់​ពី​ត្រូវ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ចាប់ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត នៅ​ចំណុច​ម្តុំ​ឈូក​ទិព្វ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​មានឈ្មោះ ស្រី លាត អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​កោសដូង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក និង​ឈ្មោះ រ៉ា​ដូ  អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ទាំង​២​នាក់​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ស្តិ៍​ផ្សារ​ដើម​គរ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ឈូក​ទិព្វ​បាន​ប្តឹង​ជា​ច្រើន​ដង​មក​ហើយ ពេល​ឃើញ​មាន​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​នៅ​ឈរ​ត្រៀបត្រា​តាម​ដងផ្លូវ​មុខ​ផ្ទះ​របស់​គាត់​ចាំ​ឈរ​បក់ដៃ​ហៅភ្ញៀវ ធ្វើ​ឲ្យ​ពួក​គាត់​ដែល​មានកូន​ស្រី​ដែរ​នោះ​មិន​ហ៊ាន​ចេញពីផ្ទះ​ទេ​ឲ្យ​តែ​យប់​ឡើង ព្រោះ ខ្លាច​គេ​ច្រឡំ​ហៅ​ដែរ និង​ម្យ៉ាងទៀត​រំខាន​ដល់​ដំណេក​របស់​ពួក​គាត់​ផង​ដែរ ។ ដោយឡែក​បុរស​ៗ​ដែល​ស្រវឹងស្រា​ពេល​ដែល​ទៅ​រក​សេវា​នៅ​តំបន់​ខាងលើ​នេះ​ភាគច្រើន​ត្រូវ​ចាញ់បោក​ស្រី្ត​រកស៊ី​ផ្លូវភេទ​លួច​កាបូប​លុយ និង​ទូរស័ព្ទ ពេល​ខ្លះ​ទៀត​ចាញ់បោក​ពេល​ចរចា​ត្រូវ​គ្នា​ហើយ​ត្រូវ​បង់លុយ​មុន រួច​ហើយ​នាង​គេចខ្លួន​បាត់ និង​មួយ​ចំនួន​ទៀត​ត្រូវ​បក្សពួក​របស់​ស្ត្រី​រកស៊ី​ផ្លូវ​វាយ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ក៏​មាន​ដែរ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​មាន​បណ្តឹង​ច្រើន​ពេក ហើយ​នៅ​យប់​កើតហេតុ​ខាងលើ​ខណៈ​ពេល​កម្លាំង​នគរបាល​ល្បាត​មក​ដល់​ចំណុច​ខាងលើ​ឃើញ​មាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​ឈរ​ព្រោងព្រាត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ពេក ទើប​សមត្ថកិច្ច​នាំ​គ្នា​ចុះ​ទៅ​ចាប់​បាន​ស្ត្រី​រកស៊ី​ផ្លូវភេទ​២​នាក់​ដែល​នៅ​អង្គុយ​ក្រាញននៀល​តាម​ផ្លូវ និង​ស្រែកយំ ហើយ​ជេរ​សមត្ថកិច្ច​ទៀត ចំណែក​ក្រៅពី​នោះ​បាន​រត់គេច​ខ្លួន​អស់ហើយ ។

ស្ត្រី​រកស៊ី​ផ្លូវភេទ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ដើម្បី​អប់រំ​ឲ្យ​កែប្រែ​មុខរបរ​ថ្មី ៕