អស់​អី​និយាយ ! ពឹង​ឲ្យ​ប្រកាស​តាម​វិទ្យុទាក់ទង សមត្ថកិច្ច​ថា​គាត់​មក​ផឹក​កាហ្វេ​មិនមែន​មក​ធ្វើការ​ទេ

រាជធានី​ភ្នំពេញ ៖ បុរស​នារី​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចូល​ទៅ​ញុំ​ា​គុយទាវ​នៅ​ក្នុង​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង ដោយ​ចត​ម៉ូតូ​នៅ​មុខ​ហាង ហើយ​ចោរ​កាច់​សោ​យក​ទៅ​បាត់​អស់​១​គ្រឿង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​មុខ ភោជនីយដ្ឋាន​វត្ត​ភ្នំ ផ្ទះ​លេខ​១១២-១១៤ ផ្លូវ​លេខ​២១៧ សង្កាត់​អូ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះ​មានឈ្មោះ វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ ស្នាក់​នៅ​បុរី​ពិភព​ថ្មី​ចំការ​ដូង ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរ​កាច់​សោ​.​ក​យក​ទៅ​នោះ ម៉ាក​ហុងដា ឃ្លី​ក ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 7550 មិន​ចាំ​អក្សរ​នៅ​ខាង​មុខ ។

បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បី​នាក់​បងប្អូន​ជិះ​ម៉ូតូ​២​គ្រឿង គឺ​ម៉ាក Zoomer X ១​គ្រឿង និង​ម៉ាក​ហុងដា​ឃ្លី​ក​១​គ្រឿង ចូល​ទៅ​អង្គុយ​ញុំ​ា​គុយទាវ​នៅ​ក្នុង​ភោជនីយដ្ឋាន​វត្ត​ភ្នំ ដោយ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ហាង បន្ទាប់​ពី​ញុំ​ា​រួច​ហើយ​ប្រមាណ​ជា​២០​នាទី​ពួក​គាត់​ក៏​ហៅ​ឲ្យ​គិតលុយ ក្នុង​ពេល​ដែល​កំពុង​គិតលុយ​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ចេញ​មុន​សំដៅ​មក​កន្លែង​ម៉ូតូ​ដែល​ចត​ទុក​ខាង​មុខ​ហាង ស្រាប់តែ​ឃើញ​ម៉ូតូ​តែ​១​គ្រឿង​របស់​ប្អូន​ម៉ាក Zoomer X ចំណែក​១​គ្រឿង​ទៀត​របស់​គាត់​មិនឃើញ​ឡើយ ។ ភ្លាម​ៗ​នោះ​រូប​គាត់​បាន​សួរ​ម្ចាស់​ហាង​ថា មាន​កាមេរ៉ា​សុវត្ថិភាព​ទេ រូប​គាត់​សុំ​ឆែក​មើល​បន្តិច ព្រោះ​ម៉ូតូ​របស់​គាត់​ត្រូវ​ចោរលួច​បាត់​ហើយ តែ​ម្ចាស់​ហាង​បាន​ឆ្លើយ​ថា ហាង​គាត់​អត់​មាន​កាមេរ៉ា​ទេ ។ ដោយ​មិន​អស់ចិត្ត​រូប​លោក​ក៏​បាន​ដើរទៅ​មុខ​ហាង​ហើយ​រក​មើល​ម្តងទៀត ព្រមទាំង​សួរ​សន្តិសុខ​ដែល​យាម​ម៉ូតូ​នៅ​ខាង​មុខ បែរជា​ត្រូវ​សន្តិសុខ​និយាយ​តប​មក​វិញ​ថា មិន​បានឃើញ​ម៉ូតូ​ឃ្លី​ក​ស្អី​ទេ ហើយ​បើ​ចោរ​កាច់ក​យក​ទៅ​បាត់​មែន​នោះ​គាត់​ឃើញ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ហាង​ខាងលើ​នេះ​មាន​សមត្ថកិច្ច​ជា​ច្រើន​កំពុង​តែ​អង្គុយ​ហូប កាហ្វេ គុយទាវ តែ​ដល់​ពេល​មានរឿង​រូប​គាត់​គ្រាន់តែ​ពឹង​ឲ្យ​ជួយ​ប្រកាស់​តាម​វិទ្យុទាក់ទង ក៏​សមត្ថកិច្ច​មិន​ព្រម​ជួយ​ដែរ ព្រមទាំង​ឆ្លើយ​មក​វិញ​ថា ពួក​គាត់​មក​ទី​នេះ​ដើម្បី​ផឹក​កាហ្វេ មិនមែន​មក​ធ្វើការ​ទេ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ហួស​ចិត្តជា​ខ្លាំង រក​ពាក្យ​អ្វី​និយាយ​មិន​បាន ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​អូ​ឫស្សី​ទី​៤ ៕