Motorola ឌឺដង​​ Samsung ថា​លួច​​មុខងារ​របស់​ខ្លួន​

Galaxy Note 7 ដែល​នឹង​ចេញ​លក់​ឆាប់ៗ​នេះ​មាន​បន្ថែម​មុខងារ​ពិសេស​ Always-On Display ហើយ​ខាង​​ក្រុមហ៊ុន​ Motorola បាន​​បង្ហើរ​​ពាក្យ​ពេចន៍​លើ​បណ្ដាញ​ Twitter ថា​នេះ​ជា​មុខងារ​ដែល​បាន​លួច​ពី​ទូរសព្ទ​ Moto X របស់​ខ្លួន។

 

Motorola ឌឺដង​​ Samsung ថា​លួច​​មុខងារ​របស់​ខ្លួន​

 

​​នៅ​លើ​គណនី​របស់​​ក្រុមហ៊ុន​ Motorola សហរដ្ឋអាមេរិក​បាន​សរសេរ​ Tweet មួយ​ថា៖ “ក្នុង​កាឡាក់ស៊ី​ (Galaxy) ណា​ ដែល​គូ​ប្រជែង​​មួយ​អាច​លួច​មុខងារ​​ពិសេស​លើ​ទូរសព្ទ​របស់​គូ​ប្រជែង​មួយ​ទៀត​បាន​នោះ?”។ សំនួរ​នេះ​មាន​អម​ដោយ​ Hashtag ថា​ #TheOriginalAlwaysOnDisplay បូក​រួម​ជា​មួយ​រូបភាព​​របស់​ទូរសព្ទ​ Moto Z ផង​ដែរ។

 

Motorola ឌឺដង​​ Samsung ថា​លួច​​មុខងារ​របស់​ខ្លួន​

 

​​​តាម​រយៈ​ Tweet នេះ​គេ​អាច​មើល​ដឹង​ច្បាស់​ថា​ Motorola ចង់​សំដៅ​លើ​ក្រុមហ៊ុន​ Samsung រួម​នឹង​ម៉ូដែល​ Galaxy ថ្មី​ដែល​ជិត​ចេញ​លក់​លើ​ទីផ្សារ។ បញ្ជាក់​ថា​ Galaxy Note 7 មិន​មែន​ជា​ទូរសព្ទ​ Samsung ដំបូង​គេ​មាន​​មុខងារ​ Always-On Display ឡើយ​ ពោល​ធ្លាប់​បាន​បំពាក់​លើ​ Galaxy S7 និង​ S7 Edge រួច​មក​ហើយ ប៉ុន្តែ​លើ Note 7 មាន​ការ​កែ​តម្រូវ​ឲ្យ​ប្រសើរ​ជាង​មុន។

 

Motorola ឌឺដង​​ Samsung ថា​លួច​​មុខងារ​របស់​ខ្លួន​

 

​ពិត​​ណាស់​ដែល​ Motorola បាន​ផលិត​​ទូរសព្ទ​ Android ដំបូង​គេ​មាន​ប្រើ​មុខងារ​​​អេក្រង់​បើក​រហូត​នេះ ដោយ​ពេល​នោះ​គេ​បាន​ហៅ​វា​ថា​ Active Display ដែល​បំពាក់​លើ​ទូរសព្ទ​​ Moto X ចេញ​​ឆ្នាំ​ ២០១៣។ យ៉ាង​ណា​ក្ដី​ទូរសព្ទ​ដំបូង​គេ​ដែល​មាន​មុខងារ​​ស្រដៀង​គ្នា​នេះ​គឺ​ផលិត​ដោយ​ Nokia ឯ​ណោះ​ទេ ដែល​បាន​បំពាក់​លើ​ទូរសព្ទ​ម៉ូដែល​ N9 ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ MeeGo ចេញ​ឆ្នាំ​ ២០១១៕

 

ចុច​អាន៖ កូរ៉េ​ខាង​ជើង​ ​មិន​ឲ្យ​កីឡាករ​ប្រើ​ Galaxy S7s ​​នៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​