ដួង ម៉ា​និ​ច យក​តំណែង​តួឯក​អា​លី​ហ្សា

រាជធានី​ភ្នំពេញ ៖ កញ្ញា​ដួង ម៉ា​និ​ច បាន​យក​តំណែង​តួឯក​ពី​កញ្ញា​អា​លី​ហ្សា គ្រា​ដែល​អា​លី​ហ្សា ត្រូវ​ដកហូត​យក​តំណែង​នោះ​វិញ ។ តើ​ហេតុ​អ្វី​បានជា​អា​លី​ហ្សា​បាន​តំណែង​តួឯក​ហើយ​បែរជា​របូត​វិញ ។

តារា​សម្តែង​រាង​ស្រ​ឡូ​ន​អ៊ុ​ន អា​លី​ហ្សា ត្រូវ​ដក​តំណែង​តួឯក​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ រឿង​«​ហង្ស​បាក់​ស្លាប​» ។ តំណែង​របស់​អា​លី​ហ្សា​នេះ​ត្រូវ​ជំនួស​ដោយ​តារា​សម្តែង​ស្រី​សម្តី​បាន កញ្ញា ដួង ម៉ា​និ​ច វិញ ។ កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ​នេះ ខ្សែភាពយន្ត​រឿង «​ហង្ស​បាក់​ស្លាប​» ដែល​ផលិត​ដោយ​ក្រុម​ផលិតករ​ថៃ ប្រកាស​ចេញ​ថត​ដោយ​តំណែង​តួឯក​ស្រី​បាន​ទៅ​លើ​កញ្ញា​អ៊ុ​ន អា​លី​ហ្សា ហើយ​នាង​នឹង​ប៉ះ​ជាមួយ​តួឯក​ប្រុស​លោក​យិ​ត មាស​ឧស្សាហ៍ ។

ទីបំផុត​តំណែង​របស់​តារា​ស្រី​វ័យ​២៩​ឆ្នាំ អា​លី​ហ្សា ត្រូវ​ផ្លាស់​ប្តូរ​ជា​បន្ទាន់ ព្រោះតែ​នាង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ចូលរួម​សម្តែង​ក្នុង​រយៈពេល​ជា​ច្រើន​ខែ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​សម្តែង​ម្នាក់​លើក​ឡើង​ថា មិន​មាន​ទំនាស់​ណាមួយ​ពី​ការ​ដក​តំណែង​តួឯក​ស្រី​នេះ​ទេ តែ​មក​ពី​អា​លី​ហ្សា​ទើបតែ​ទទួល​បាន​លទ្ធផល​ត្រូវ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ក្នុង​រយៈពេល​២​ខែទៀត ដូច្នេះ​ហើយ​អា​លី​ហ្សា មិន​អាច​បន្ត​ថត​ចប់​ចុង​ចប់​ដើម​ទេ ។

ចំពោះ​កញ្ញា​ដួង ម៉ា​និ​ច និយាយ​ថា បើ​ទោះបីជា​ត្រូវ​ជំនួស​តំណែង​អ៊ុ​ន អា​លី​ហ្សា មែន ប៉ុន្តែ​វា​មិនមែន​ជា​តំណែង​ដោយ​ចៃដន្យ​ទេ ពោល​គឺ​នាង​ឆ្លងកាត់​ការ​ឱ្យ​សាកល្បង​ទេព​កោសល្យ​ច្រើន​ដំណាក់កាល​ទម្រាំ​ជាប់ ។ ខ្សែភាពយន្ត​នោះ​ចេញ​ថត​ប្រមាណ​ជិត​មួយ​ខែ​មក​ហើយ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ ។ «​ផលិតករ បាន​ជ្រើសរើស​យក​នាង​ខ្ញុំ ព្រោះតែ​សមត្ថភាព​សម្តែង ដែល​នាង​អាច​ខ្ញុំ​លេង​បាន​គ្រប់​អត្ត​ចរិត ពិសេស​ឈុត​ឆាក​កាច់​កុង ឆ្នាស​ឆ្នើម និង​លេងខ្លួន​បែប​ស៊ី​វី​ល័យ​ដែល​ខ្សែភាពយន្ត​បាន​តម្រូវ » ។ ម៉ា​និ​ច​និយាយ​បែប​នេះ ។

ក្រៅពី​ផលិតករ​ភាពយន្ត​ជ្រើសរើស​ឱ្យ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នោះ​ក៏​មាន​អ្នកដឹកនាំ​សម្តែង​នៅ​ប្រទេស​ថៃ​ទាក់ទង​ដួង ម៉ា​និ​ច ឱ្យ​ថត​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ផង​ដែរ ។ រយៈពេល​ចុង​ក្រោយ​នេះ​ដួង ម៉ា​និ​ច ទទួល​បាន​តំណែង​តួឯក​បី​រឿង​ស្របគ្នា ដែល​ភាគច្រើន​ជា​ខ្សែភាពយន្ត​ភាគ ហើយ​នាង​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន ពិសេស​រឿង​«​ហង្ស​បាក់​ស្លាប​» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​រឿង «​ផ្កា​បួន​ទង​» របស់​ទូរទស្សន៍​CTN ដែល​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ៕