សកម្មជនបឹងកក់ជាប់ពន្ធនាគារ ខណៈអ្នកស្រាវជ្រាចជនជាតិអេស្ប៉ាញត្រូវនិរទេស

ក្រុមមន្ត្រីបានលើកឡើងថា សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោពីរនាក់ត្រូវបានបញ្ជូនទៅពន្ធនាគារកាលពីម្សិលមិញ ក្រោមការចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធការចូលរួមរបស់ពួកគាត់នៅក្នុងយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលកំពុងតែបន្ត ខណៈអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញម្នាក់ត្រូវបាននិរទេសកាលពីយប់មិញពីបទជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាេនះ។ កាលពីថ្ងៃច័ន្ទ សកម្មជនសិទ្ធិមនុស្សអ្នកស្រី ទេព វន្នី អាយុ៣៥ឆ្នាំ និងអ្នកស្រី បូវ សោភា អាយុ៤៣ឆ្នាំត្រូវបានចាប់ខ្លួន ពេលអាជ្ញាធរបំបែកការតវ៉ាដោយសន្តិវិធីនៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ ក្នុងនោះអ្នកចូលរួមភាគច្រើនជាស្ត្រី និងក្មេងៗដែលមានកាន់ផ្កាឈូកគ្រវីទង់អង្គការសហប្រជាជាតិនិងមានរូបសំណាកដាក់បណ្តាសា។ នៅព្រឹកបន្ទាប់ លោកស្រី Marga Bujosa Segado អាយុ៣៨ឆ្នាំដែលជាអ្នកស្រាវជ្រាវជនជាតិអេស្ប៉ាញនៅសាកលវិទ្យាល័យមួយ ត្រូវបានឃាត់ខ្លួនដោយនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃពីបទជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ ប៉ុន្តែ ត្រូវបានដោះលែងវិញបន្ទាប់ពីសាកសួររួច ហើយត្រូវប្រាប់ថា លោកស្រីអាចទៅយកលិខិតឆ្លងដែនរបស់ខ្លួនបាននៅថ្ងៃបន្ទាប់។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានលើកឡើងថា អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានចោទប្រកាន់កាលពីម្សិលមិញ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រាមួយក្នុងក្រមព្រហ្មទណ្ឌ ដែលក៏ថា បទល្មើសនេះ “រំខានដល់សន្តិសុខសង្គម” ដែរនោះ។ លោកបានមានប្រសាសន៍ថា “ចៅក្រម ពេជ្រ វិជ្ជាធម៌ បានបើកសវនាការជំនុំជម្រះក្តីរបស់ជនសង្ស័យ ទេព វន្នី និង បូវ សោភា ហើយបើយោងតាមនីតិវិធី ពួកគេត្រូវបានបង្គាប់ឲ្យបង្ហាញខ្លួនដើម្បីប្រឈមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្រោមមាត្រា៤៩៥”។ បទល្មើសនេះមានទោសជាប់ពន្ធនាគារចន្លោះពី៦ខែដល់២ឆ្នាំ។ ថាតើស្ត្រីទាំងពីរនាក់នេះបានញុះញង់ ឬបង្កអសន្តិសុខសង្គមដោយរបៀបណានោះនៅមិនទាន់ច្បាស់នៅឡើយទេកាលពីម្សិលមិញ ប៉ុន្តែរដ្ឋាភិបាលបានលើកឡើងថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ គឺខុសច្បាប់ ហើយវាស្មើនឹង”ការបះបោរក្នុងក្រុង”។ សកម្មជនស្លៀកពាក់ខ្មៅបានប្រមូលផ្តុំគ្នាជាសាធារណៈរៀងរាល់ថ្ងៃច័ន្ទចំនួន១៥លើករួចមកហើយដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ដែលត្រូវបានចាប់ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថា មានហេតុផលនយោបាយ។ ចាប់តាំងពីមានការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែមុនដែលធ្វើឲ្យមានការផ្ទុះកំហឹង និងការចោទប្រកាន់ថា វាមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលរួចមកនោះ ការទាមទារឲ្យមានការសើុបអង្កេតលើករណីធ្វើឃាតនេះក៏ត្រូវបានបញ្ចូលទៅក្នុងយុទ្ធនាការនេះដែរ។ អំឡុងការបើកសវនាការដ៏ឆាប់រហ័សនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រម ពេជ្រ វិជ្ជាធម៌ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនទាំងពីររូបនេះភ្លាមៗដើម្បីធានាថា ពួកគាត់មិនប្រព្រឹត្តបទល្មើសម្តងទៀត ហើយបង្ហាញខ្លួនសម្រាប់ការបើកសវនាការ និងដើម្បី  “ធានាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសង្គមកុំឲ្យមានភាពចលាចល”។ ពេលចេញពីបន្ទប់សវនាការមកវិញ អ្នកស្រី ទេព វន្នី បានស្រែកថា “តុលាការលេងសើចជាមួយនឹងអនាគតរបស់យើងពេកហើយ!។ហេតុអ្វីបានជាអ្នកឯងចាំបាច់បញ្ជូនយើងទៅឃុំខ្លួនជាបណ្តោះអាសន្នធ្វើអី ម៉េចមិនសម្រេចដាក់ពន្ធនាគារយើងមួយជីវិតតែម្តងទៅ?”។ […]

The post សកម្មជនបឹងកក់ជាប់ពន្ធនាគារ ខណៈអ្នកស្រាវជ្រាចជនជាតិអេស្ប៉ាញត្រូវនិរទេស appeared first on The Cambodia Daily.