ក្រោយ​ដោះលែង​ក្រៅ​ឃុំ ​​មហា​សេដ្ឋី​រុស្ស៊ី​​​​​មក​កាន់​​​​​​មុខ​ជំនួញ​វិញ​​ ​​និង​ចេញ​ទៅ​​បរទេស​ញឹកញាប់​

លោក នីកូឡៃ ដូរ៉ូសេនកូ (Nikolai Doro-shenko) ឈ្មួញអភិវឌ្ឍន៍អចលនទ្រព្យរុស្ស៊ីដ៏មានស្ដុកស្ដម្ភដែលប្រឈមបទចោទប្រកាន់ឆបោកនៅក្រុងព្រះសីហនុ បានធ្វើដំណើរទៅបរទេសដោយសេរីក្នុងរយៈពេល១៤ខែមកនេះចាប់តាំងពីលោកត្រូវបានដោះលែងពីពន្ធនាគារក្រោមលក្ខខណ្ឌថា លោកត្រូវតែស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍មួយរបស់អ៊ុយក្រែន ដើម្បីបដិសេធថាខ្លួនគ្មានទំនាក់ទំនងជាមួយក្រុមសង្គមងងឹតម៉ាហ្វីយ៉ា អួតអំពីភាពប៉ិនប្រសប់របស់ខ្លួននៅក្នុងមុខជំនួញទៀតផង។ លោក ដូរ៉ូសេនកូ វ័យ៥៦ឆ្នាំ ដែលរស់នៅក្នុងប្រទេសកម្ពុជា ជាយូរមកហើយ និងដែលល្បីថាមានជម្លោះជាមួយលោក សេរហ្គេ ប៉ូលុនស្គី (Sergei Polonsky) មុនពេលមហាសេដ្ឋីចរិតចម្លែករូបនោះត្រូវបានបណ្ដេញចេញពីកម្ពុជា កាលពីឆ្នាំមុន បានជាប់ពន្ធនាគារកាលពីខែមករា ឆ្នាំ២០១៥ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងរំលោភលើសេចក្ដីទុក្ខចិត្តចំពោះការឆបោកប្រាក់ចំនួន១០លានដុល្លារពីលោក ប៉ូលុនស្គី។ ដោយអះអាងថាខ្លួនគ្មានទោសកំហុសហើយសន្យាប្ដឹងបកលោក ប៉ូលុនស្គី លោក ដូរ៉ូសេនកូ ត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុកាលពីខែមិថុនាឆ្នាំនោះ បន្ទាប់ពីតុលាការកំពូលសម្រេចឲ្យដោះលែងលោកនៅក្រៅឃុំដោយសារហេតុផលព្យាបាលជំងឺ និងដោយជឿយ៉ាងយ៉ាងមុតមាំថា លោកទំនងជាមិនអាចហោះចេញក្រៅ ប្រទេស។ សាលាឧទ្ធរណ៍បានសម្រេចឱ្យលោកនៅក្រៅឃុំប៉ុន្មានសប្ដាហ៍មុននោះ ប៉ុន្តែព្រះរាជអាជ្ញាមួយរូបនៅតុលាការនោះបានច្រានចោលសេចក្ដីសម្រេចនេះ។ ពេលនោះ អូស្តាប ដូរ៉ូសេនកូ (Ostap Doro-shenko) កូនប្រុសរបស់លោក ដូរ៉ូសេនកូ ដែលចោទប្រកាន់លោក ប៉ូលុនស្គី ថាបានសូកប៉ាន់២៥០.០០០ដុល្លារ ធ្វើយ៉ាងណាឱ្យឪពុករបស់ខ្លួនជាប់ពន្ធនាគារ និយាយថា ឪពុករបស់ខ្លួនត្រូវបានដោះលែងក្រោមលក្ខខណ្ឌមិនផ្លាស់ទីលំនៅ ឬចាកចេញពីប្រទេសកម្ពុជា។ អូស្តាប ដែលមានឋានៈជាអនុសេនីយ៍ឯកនៅនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និង ដែលកាន់កាប់មុខជំនួញមួយចំនួនក្នុងដៃជាមួយឪពុករបស់ខ្លួននៅក្រុងព្រះសីហនុ រួមទាំងភោជនីយដ្ឋាន និងសួនសត្វ “ផ្ទះពស់” (Snake House) ដ៏ពេញនិយមផងនោះ និយាយថា “ឪពុករបស់ខ្ញុំជាពលរដ្ឋខ្មែរ។ គាត់រស់នៅទីនេះមួយជីវិតទៅហើយ គាត់នឹងមិនរត់ទៅណាទេ”។ ឯកសារមួយបញ្ជាក់ពីសេចក្ដីសម្រេចខាងដើមរបស់សាលាឧទ្ធរណ៍ក្នុងការដោះលែងលោក ដូរ៉ូសេនកូ ឱ្យនៅក្រៅឃុំដែលចុះហត្ថលេខាដោយចៅក្រម ឃុន លាងម៉េង កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំមុន ក៏បញ្ជាក់ដែរថា លោកមិនអាចចាកចេញពីប្រទេសកម្ពុជា ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរបានឡើយ។ ពេលទាក់ទងនៅសប្ដាហ៍នេះ ទាំងចៅក្រមសាលាឧទ្ធរណ៍ និងចៅក្រមតុលាការកំពូលសុទ្ធតែនិយាយថា ខ្លួនលែងចាំហើយទាក់ទិនសំណុំរឿងដ៏ធំដែលសារព័ត៌មានបានចុះផ្សាយព្រោងព្រាតជាច្រើនខែមួយនេះ។ ចៅក្រម ឃុន លាងម៉េង នៅសាលាឧទ្ធរណ៍ឆ្លើយថា “ខ្ញុំមិនចាំទេ ព្រោះសំណុំរឿងនេះបានកើតឡើងយូរហើយ”។ […]

The post ក្រោយ​ដោះលែង​ក្រៅ​ឃុំ ​​មហា​សេដ្ឋី​រុស្ស៊ី​​​​​មក​កាន់​​​​​​មុខ​ជំនួញ​វិញ​​ ​​និង​ចេញ​ទៅ​​បរទេស​ញឹកញាប់​ appeared first on The Cambodia Daily.