570ជែងគេឯង ឈាមជោកថ្នល់

ខេត្តពោធិ៍សាត់ ​៖​ បុរស​ម្នាក់​ត្រូវ​រថយន្ត​ធុន​ទំនើប​កៀរ ខណៈពេល​​កំពុង​ជិះ​ម៉ូតូក្នុងទិសដៅ​​បញ្ច្រាស​​គ្នា​ បណ្ដាល​​ឱ្យ​​រង​របួស​ជើង​ឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ ហើយត្រូវបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។ ​ហេតុការណ៍នេះ ​​​កើតឡើងកាលពី​វេលា​ម៉ោង០៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ សីហា ២០១៦ ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​សំរោង ​ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ខេត្ត​ពោធិ៍​សាត់​​​​។

រថយន្តម៉ាក​ឡិច​ស៊ី​ស ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AB-3888 ​បើក​​ដោយបុរស​​ឈ្មោះ​សោម ពឿ​ន​ ​​អាយុ​៣៦​ឆ្នាំ ​មាន​ទី​លំ​នៅ​​​ភូមិ​ឆ្កែ​កូន​ ឃុំ​គោក​ឃ្មុំ​ ក្រុង​បាត់ដំបង ​ខេត្តបាត់ដំបង​ ។ ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ជា តុលា​ ​អាយុ​៣១​ឆ្នាំ ​មានទីលំ​នៅ​ភូមិ​កំពង់​​លើ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ អាល់​ហ្វា​ពណ៌​ក្រហម​​លាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​ ។​

សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​ល្ងាច​នោះ​ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ​ឆ្ពោះទៅ​កាន់​ខេត្តបាត់ដំបង​ ។ ​គេ​ឃើញ​អ្នកបើកបរ​​ក្នុង​ល្បឿន​​យ៉ាង​លឿន លុះ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ត្រង់​ចំណុច​​កើតហេតុ បាន​ឡើង​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ ក៏​ជ្រុល​ចង្កូត​ទៅ​កៀរ​អ្នក​ជិះ​ម៉ូតូ ​ដោយកង់​រថយន្ត​ខាងឆ្វេង​បុក​​ឈ្នាន់​ម៉ូតូ​ បណ្ដាលឱ្យ​​រយះ​បែក​កង់​រថយន្ត ​។

​រីឯ​អ្នក​ជិះ​ម៉ូតូ​រយះ​ជើង​ឆ្វេង​ហូរ​ឈាម​ជោក​ថ្នល់​ រង​របួស​យ៉ាងធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជា​បន្ទាន់​។ចំពោះ​រថយន្ត​បង្ក​គ្រោះថ្នាក់​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ក្រគរ​ដើម្បី​ដោះស្រាយ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​៕