កំពុង​ជិះ​ម៉ូតូ​ដើរ​រក​ទិញ​គោ ស្រាប់តែ​…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​កំពុង​ជិះ​ម៉ូតូ​ដើរ​រក​ទិញ​គោ ស្រាប់តែ​រថយន្ត​១​គ្រឿង​បើក​មក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​ត្រាំសសរ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយមាស បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ប្តី​ឈ្មោះ ប៊ី អេ​ង អាយុ​៦២​ឆ្នាំ ប្រពន្ធ​ឈ្មោះ សំបូរ ញ៉ អាយុ​៦១​ឆ្នាំ នៅ​ភូមិ​គាថា​វង់​លើ ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយ​មាន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​គោលបំណង​ដើរ​រក​ទិញ​គោ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​១​គ្រឿង​ម៉ាក​ទី​ន​ណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ​បេ​ញ 2AK-2965 បើក​ស្រប​ទិស​គ្នា​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ទៅ​កាន់​ភូមិសាស្ត្រ​ស្រុក​អង្គរ​ជ័យ នគរបាល​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ស្រុក​អង្គរ​ជ័យ​ឲ្យ​ជួយ​ស្ទាក់​បន្ត ពេល​នោះ​រថយន្ត​បាន​ព្យាយាម​បើក​គេច​ចេញពី​ផ្លូវជាតិ​លេខ​៣១​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​ឆ្ពោះទៅ​ទិស​ខាងកើត រួច​ឈប់​រថយន្ត​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ បន្សល់​ទុក​តែ​ឡាន​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត ៕