ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ស្រុក​តំបែរ ជាមួយ​ក្រុមហ៊ុន​ចិន​នៅតែមាន​ភាពស្មុគស្មាញ​

ប្រភពពី​សហគមន៍​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​៣​ភូមិ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហា​មី​នី​វេន អ៊ិន​វេស​មេន រហូតមកដល់​ពេលនេះ​មិនទាន់មាន​ដំណោះស្រាយ​សមស្រប​នៅឡើយ​ទេ​។ តំណាង​ប្រជា​សហគមន៍​បាន​ឲ្យ​ដឹងថា ពួកគាត់​មិនអាច​ទទួលយក​ដំណោះស្រាយ​ពី​មន្ត្រី​អាជ្ញាធរ​បានទេ ព្រោះ​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​គឺ​៣​ភូមិ ហើយ​មន្ត្រី​អាជ្ញាធរ​សម្រេច​វាស់​កំណ​ត់​ព្រំដី​ដែលមាន​ទំនាស់ ដើម្បី​ឈានទៅ​ដោះស្រាយ​តែ​២​ភូមិ​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពុំមាន​វិធានការ​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

ប្រជាពលរដ្ឋ​ជាច្រើនរូប​នៃ​សហគមន៍​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន បាន​ឲ្យ​ដឹងថា ដំណើរការ​របស់​មន្ត្រី​អាជ្ញាធរ​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​ម្តង​មួយ​វគ្គៗ​អាចធ្វើ​ឲ្យ​មានការ​បែកបាក់​កម្លាំង​ក្នុង​សហគមន៍​ពិបាកធ្វើ​ការតវ៉ា​នៅពេល​ខាងមុខ​។ ម្យ៉ាងទៀត​ក្នុងពេល​ដាក់ពាក្យ​បណ្ដឹង​ទៅ​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​ក្រសួង​រៀបចំ​ដែនដី​កាលពីពេល​កន្លង​ទៅ គឺ​ពួកគាត់​ធ្វើ​រួមគ្នា​ទាំង​៣​ភូមិ ដូច្នេះ​បើ​អាជ្ញាធរ​ដោះស្រាយ​គឺ​ត្រូវ​ដោះស្រាយ​ទាំង​៣​ភូមិ​តែម្តង​។ តំណាង​សហគមន៍​ឃុំ​ត្រពាំង​ព្រីង បាន​ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋ​ភាគច្រើន​មិនបាន​ចូលរួម​វាស់វែង​កំណត់​ព្រំដី​ជាមួយ​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន កាលពី​ថ្ងៃទី​១៧ ខែសីហា នោះទេ​ព្រោះ​ពួកគាត់​មើលឃើញថា ការដែល​មន្ត្រី​អាជ្ញាធរ​ធ្វើបែបនេះ គឺមាន​ចេតនា​មិនល្អ​ចង់​បំបែកបំបាក់​កម្លាំង​សហគមន៍​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​បញ្ហា​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ជាមួយ​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន បានអូសបន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​នៅតែ​ពុំមាន​ដំណោះស្រាយ​។ ប្រភព​បាន​ឲ្យ​ដឹងថា ដី​សហគមន៍​ដែល​ប្រជាពលរដ្ឋ​ទាមទារ​នោះ គឺ​នៅ​ភូមិ​ជី​ទ្រុ​ន ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ សរុប​ជាង​១០០០​ហិកតា​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​បង្កើត​ក្រុមការងារ​ចុះ​វាស់វែង​កំណត់​ព្រំដី​នៅក្នុង​ភូមិ​ចំនួន​២ គឺ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោរ ចំណែក​ភូមិ​ជី​ទ្រុ​ន ពុំមាន​ការវាស់វែង​ទេ​។ ហេតុនេះហើយ​ទើប​ប្រជា​សហគមន៍​ឃុំ​ត្រពាំង​ព្រីង មិន​ទទួលយក​នីតិវិធី​ដោះស្រាយ​របស់​អាជ្ញាធរ ហើយ​អំពាវនាវ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​។ ដោយហេតុថា ការទាមទារ​របស់​ប្រជា​សហគមន៍ គឺ​យក​ដី​ទាំងនោះ​ទុកជា​សម្បត្តិ​រួម​ដោយ​មិន​ចង់​ឲ្យ​ដី​ទាំងនោះ​ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​ក្រុមហ៊ុន​ហា​មី​នី​វេន អ៊ិន​វេស​មេន ជាដាច់ខាត​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​៕

160810-Chann4លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ 3d1b51a6-8b36-447f-be7b-4b44302b6fef