លោកហ៊ុន ម៉ា​ណែ​ត ​៖ កងទ័ព​ត្រូវ​ប្រកាន់ខ្ជាប់​ភាព​ស្មោះត្រង់ ​​និងជំហរច្បាស់​លាស់ ​

ខេត្តកំពង់ធំ ​៖ លោកហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះនៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក​បាន​គូសបញ្ជាក់​ថា «​ក្នុង​គោលការណ៍​សុខ​សន្តិភាព ស្ថិរភាព​សង្គម កងទ័ព​ត្រូវ​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ភាព​ស្មោះត្រង់ និង​ត្រូវ​មាន​ជំហរ​ច្បាស់លាស់ ដើម្បី​ការពារ​ជាតិ សុខ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ស្របច្បាប់ និង​អនុវត្ត​បទបញ្ជា​ឲ្យ បាន​ម៉ឺងម៉ាត់​ដើម្បី​បម្រើ និង​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន​»​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធិ​ផល​នានា​នៃ​តំបន់ ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ធំ នា​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦​នេះ​។  លោក​បាន​ថ្លែង​ថា សមិទ្ធិ​ផល​នានា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ គឺ​បញ្ជាក់​ពី​ការ​ខិតខំ​គៀងគរ​រក​ប្រភព និង​សប្បុរសជន​ផ្សេង​ៗ ដើម្បី​ចូលរួម នៅ​ក្នុង​ការ​កសាង​អង្គភាព ដែល​ការ​កសាង គឺជា​តំណាក់កាល​សំខាន់​ដែល​បាន​ចូលរួម​កាត់​បន្ថយ​ថវិកាជាតិ​មួយ​ផ្នែក ព្រោះ​ថវិកាជាតិ​បាន​ចំណាយ​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព ប្រាក់បៀវត្ស និង​គោល​របប​ផ្សេង​ៗ​របស់​កងទ័ព​។

ការ​ចូលរួម​បាន​ស្តែង​ចេញ​ឲ្យ​ឃើញ​ពី​វប្បធម៌​ចែករំលែក និង​រួម​គ្នា​ធ្វើ​ពី​សំណាក់​សប្បុរសជន និង​ផ្នែក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​កសាង ក្នុង​អង្គភាព​មួយ​។ លោក​ថា «​ឱកាស​ដែល​យើង​មាន​អ្វី​ៗ​សព្វ​ថ្ងៃនេះ គឺ​បាន​មក​ពី​សុខ​សន្តិភាព​ដែល​កងទ័ព​បាន​លះបង់​ជា​ច្រើន ក្នុង​ការ​រំដោះប្រទេស​ជាតិ បញ្ចប់សង្គ្រាម ដើរ​ជួរ​មុខ​ការពារ​បម្រើ​ជាតិ​មាតុភូមិ​និង​បម្រើ​ប្រជាពលរដ្ឋ​។ អ្វី​ដែល​យើង​មាន​ថ្ងៃនេះ គឺជា​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​មុខ សិស្ស​និស្សិត​មានឱកាស​រៀនសូត្រ ប្រជាពលរដ្ឋ​មានឱកាស​ប្រកប​របរ​ប្រចាំ​ថ្ងៃ មិន​ព្រួយ​បារ​ម្ម​ណ៍ ពី​សង្គ្រាម គឺ​យើង​រស់នៅ​ក្នុង​សុខ​សន្តិភាព​»​។