វិធានការ​របស់​សម​ត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង គ្រាន់តែ​ជា​រឿង​លេងសើច​

មន្ត្រីរាជការ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​រិះគន់ថា​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ គ្រាន់តែ​ជា​រឿង​លេងសើច​ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង យ៉ាង​ពេញបន្ទុក​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បានតែ​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​តិចតួច​តាម​ម៉ូតូ តាម​គោយន្ត និង​តាម​រថយន្ត​តូចៗ ចំណែក​ឈ្មួញ​ធំៗ ជាពិសេស​ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង នៅតែ​អាច​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដដែល​។ ជាពិសេស​សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ​នៅក្នុង​ខេត្តស្ទឹងត្រែង កំពុង​បន្តដំណើរ​ការ​យ៉ាង​រលូន ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា​ការពិត​លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​យកចិត្តទុកដាក់​ក្នុងការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។ ទន្ទឹមនឹងនេះ​មជ្ឈដ្ឋាន​មួយចំនួន​បាន​កត់សម្គាល់ថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​សេ​សាន ស្រុក​សៀម​ប៉ាង និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចូលមក​ខេត្តស្ទឹងត្រែង និង​បង្ហួស​ទៅ​ស្រុក​យួន​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ក្នុងនោះ​ឈ្មួញ​យួន​មួយចំនួន​នៅតែ​បន្តសកម្មភាព​ដឹកឈើ​ប្រណីត​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តក្រចេះ ឬ​ឆ្លងកាត់​ខេត្តរតនគិរី យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​។

​មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា​ប្រសិនបើ​លោក មុំ សារឿន និង​លោក ឈាង តុលា មាន​ឆន្ទៈ​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​បង្ក្រាប​ដោយ​ប្រសិទ្ធភាព​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​លោក មុំ សារឿន និង​លោក ឈាង តុលា គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ទើប​បទល្មើស​នៅតែ​កើតឡើង​ឥតឈប់ឈរ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​តែ​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​តាម​ម៉ូតូ និង​តាម​គោយន្ត ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ដោយឡែក​ឈ្មួញ​ធំៗ​ដូចជា ឈ្មួញ​យួន​ឈ្មោះ​យាយ​ព្រឿង នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​ទាល់តែសោះ​៕

13718653_1625467051115212_6686802871106252698_nលោក មុំ សារឿន អភិបាលខេត្តស្ទឺងត្រែង 0a7d8d96-08d8-498d-a3c6-c45f7599b503