សហជីព​បារម្ភ​ពី​អនាគត​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​រោងចក្រ​មួយ​ចំនួន​បិទ​ទ្វារ

ក្រុម​សហជីព​បារម្ភ​ពី​អនាគត​នៃ​វិស័យ​កាត់ដេរ​សំលៀក​បំពាក់​នៅ​កម្ពុជា ដោយសារតែ​ការ​បិទ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​សន្ទុះ​កើន​ឡើង។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួលស្គាល់​ពី​ការ​កើន​ឡើង​នៃ​ការ​បិទ​រោងចក្រ ប៉ុន្តែ​អះអាង​ថា មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ឧស្សាហកម្ម​នេះ​ឡើយ។

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រក​ឃើញ​ថា រោងចក្រ​កាត់ដេរ​ប្រមាណ ១៥ បាន​បិទ​ទ្វារ​គិត​មក​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ នេះ។ កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ សហជីព​នេះ​រក​ឃើញ​ថា មាន​រោងចក្រ​ប្រមាណ​២០ បាន​បិទទ្វារ។

ទីប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ពន្យល់​ថា ការ​បិទ​រោងចក្រ​នេះ​មិនមែន​ដោយសារ​ថៅកែ​រក​ស៊ី​ខាត​នោះ​ទេ គឺ​អាច​ដោយសារ​ថៅកែ​ដដែល​នោះ ទៅ​បើក​រោងចក្រ​ថ្មី​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​សង​ថ្លៃ​អតីតភាព​កម្មករ។

លោក​បន្ត​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​កម្មករ​វ័យ​ចំណាស់​ដែល​ពួកគាត់​ពិបាក​នឹង​ទៅ​រក​ការងារ​ថ្មី​បាន និង​មួយ​ផ្នែក​ទៀត​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ពលករ​ចំណាក​ស្រុក៖ «នៅ​ពេល​រោងចក្រ​បិទ​គាត់​ទៅ​រក​ការងារ​នៅ​រោងចក្រ​ថ្មី​ទៀត គេ​អត់​យក​គាត់​ទេ ធ្វើ​ឲ្យ​គាត់​បាត់បង់​ការងារ បាត់បង់​ប្រាក់​ចំណូល»

​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ក៏​មើល​ឃើញ​នូវ​ទិដ្ឋភាព​បិទ​រោងចក្រ និង​បញ្ហា​ប្រឈម​ស្រដៀង​គ្នា​នេះ​ដែរ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា។ លោក​អង្កេត​ឃើញ​រោងចក្រ​បិទ​ច្រើន តែ​ចំនួន​កម្មករ និង​ផលិតផល​នាំ​ចេញ​មិន​ធ្លាក់​ចុះ​ឡើយ។ ករណី​ផ្សេង​មួយ​ទៀត គឺ​រោងចក្រ​ខ្លះ​គ្រាន់តែ​ប្ដូរ​ឈ្មោះ និង​ខ្លះ​ទៀត​បាន​ប្ដូរ​ទីតាំង​ថ្មី​ប៉ុណ្ណោះ៖ «រោងចក្រ​ថ្មី​ហ្នឹង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​វត្ថុ​ធាតុ​ដើម ហើយ​រោងចក្រ​នោះ​បាន​ប្រែក្លាយ​កិច្ចសន្យា​ការងារ ជួនកាល​គាត់​អត់​បាន​ផ្ដល់​ប្រាក់​អតីតភាព​ការងារ​កាល​នៅ​រោងចក្រ​ចាស់​ឲ្យ​ស្របតាម​ច្បាប់​នោះ​ទេ»

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​ទទួល​ស្គាល់​ថា មាន​រោងចក្រ​បាន​បិទ​ជា​បន្តបន្ទាប់ តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​សែ​សង្វាក់​ផលិតកម្ម ឬ​ផលិតផល​នាំ​ចេញ​ដែល​នាំ​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ​នោះ​ទេ។

លោក​បាន​ផ្ដល់​នូវ​ហេតុផល​ផ្សេង​ជុំវិញ​រឿង​នេះ គឺ​ដោយសារ​ការ​ប្រែប្រួល​នៃ​ចរន្ត និង​តម្រូវការ​ទីផ្សារ ព្រមទាំង​ការ​ស្វែង​រក​ឱកាស​ថ្មី​របស់​អ្នក​វិនិយោគ​ទៅ​លើ​ប្រទេស​ក្នុង​តំបន់​ដទៃ​ទៀត​ដែល​អាច​មាន​សក្ដានុពល​លើ​ការ​វិនិយោគ​ច្រើន​ជាង​កម្ពុជា៖ «យើង​ត្រូវ​ទទួល​ស្គាល់​ថា អ្នក​វិនិយោគ​គាត់​តែងតែ​ងាក​ទៅ​រក​ផលិតផល​ថ្មី​ដោយ​ផ្អែក​ទៅ​លើ​លទ្ធភាព​នៃ​ប្រាក់​ចំណេញ និង​កត្តា​ផ្សេងទៀត​នៅ​ក្នុង​តំបន់ ជា​ពិសេស​នៅ​ប្រទេស​ភូមា ដែល​សម្បូរ​កម្លាំង​ពលកម្ម និង​ប្រាក់​ឈ្នួល​នៅ​ទាប»

ទោះបីជា​យ៉ាង​ណា​ក្តី លោក​ថា រដ្ឋាភិបាល​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ​ឲ្យ​នៅ​ទាប​បំផុត និង​ព្យាយាម​ចរចា​ជាមួយ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក សុំ​គេ​បើក​ទីផ្សារ​ឲ្យ​ទូលាយ​សម្រាប់​ផលិតផល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ជាពិសេស​ចំពោះ​ផលិតផល​ថ្មីៗ។

​របាយការណ៍​ដែល​បង្ហាញ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​ថ្មីៗ​នេះ ឲ្យ​ដឹង​ថា កម្ពុជា​មាន​រោងចក្រ​ជាង ៦០០ ក្នុង​នោះ​រោងចក្រ​ដែល​ទើប​បង្កើត​ថ្មី​មាន​ចំនួន ៥៧​រោងចក្រ និង​មាន​កម្មករ​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​មាន​ជាង​មួយ​លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។