សកម្មជនជាកូនភ្លោះសម្រេចចិត្តវិលមកកម្ពុជាវិញ

ក្រុងបាងកកៈ បងប្អូនភ្លោះ ២ នាក់ដែលសកម្មក្នុងរឿងតស៊ូមតិតតាំងចំពោះការកសាងទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ និងបានចេញពីកម្ពុជាក្រោយពីមានការបាញ់សម្លាប់លោក កែម ឡី ក្រោមហេតុផលសុវត្ថិភាពនោះបានសម្រេចចិត្តវិលមកកម្ពុជាវិញនៅក្នុងសប្តាហ៍នេះដោយថាខ្លួនមិនអាចចាកចោលពលរដ្ឋខ្មែរដែលរស់នៅតាមដងទន្លេមេគង្គបាន។

បងប្អូនភ្លោះទាំងពីរបានជួបលោក កែម ឡី ពីរថ្ងៃមុនគាត់ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០០៦ ។ ក្រោយមានឃាតកម្មនេះអ្នកទាំងពីរបានចាកចេញពីកម្ពុជាទៅប្រទេសថៃក្រោមហេតុផលសុវត្ថិភាពផ្ទាល់ខ្លួនដោយថាមានមនុស្សតាមដានពួកគេ។ អ្នកទាំងពីរបានទទួលសិទ្ធិជាជនភៀសខ្លួនពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកាលពីថ្ងៃទី ២៧ ខែកក្កដា។

លោក ជុំ ហួត ដែលកំពុងស្នាក់នៅទីក្រុងបាងកកជាមួយប្អូនរបស់ខ្លួននោះប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថាលោកបានរស់នៅទីក្រុងបាងកកប្រទេសថៃក្នុងជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិជិតមួយខែហើយ។ លោកថាមេធាវីរបស់លោកកំពុងសិក្សាពីលទ្ធភាពសុំសិទ្ធិជ្រកកោននៅប្រទេសទីបីដល់ពួកលោក។

ទោះជាយ៉ាងណាលោកថានៅពេលនេះពួកលោកបានពិភាក្សាជាមួយមេធាវី និងបានសម្រេចចិត្តមិនទៅប្រទេសទីបីទេតែនឹងត្រឡប់មកកម្ពុជាវិញនៅក្នុងសប្តាហ៍នេះ។ លោកបានបន្តថាពួកលោកចង់បន្តជួយតស៊ូមតិដល់ប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីដនសាហុងរបស់ឡាវ។

លោកបន្ថែមថា៖ «បើខ្ញុំទៅប្រទេសទី ៣ ខ្ញុំមានឱកាសទទួលបានការសិក្សា ការងារ និងរស់នៅសុខស្រួល…តែខ្ញុំមិនដាច់ចិត្តទៅចោលប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីដនសាហុង…ចេះតែនឹកឃើញអនុស្សាវរីយ៍ដែលធ្លាប់មានកន្លងមក…ខ្ញុំទៅសុខតែកាយតែមិនសប្បាយចិត្ត…ទោះបីជាបារម្ភពីសុវត្ថិភាពខ្លះៗក៏ចង់មកកម្ពុជាវិញ»។

បើតាមលោក ជុំ ហួត លោក និងប្អូនប្រុសឈ្មោះ ជុំ ហួរ មានគម្រោងទៅធ្វើបទបង្ហាញពីផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីដនសាហុងនៅសហរដ្ឋអាមេរិកដោយថាដើម្បីស្វែងរកការគាំទ្រចំពោះការតស៊ូមតិទាក់ទងនឹងទំនប់វារីអគ្គិសនីមួយនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ កាលពីម្សិលមិញបានបដិសេធនិយាយពីអ្នកទាំងពីរ។

ដោយឡែកអ្នកវិភាគពីការអភិវឌ្ឍសង្គមលោក មាស នី ដែលធ្លាប់ជួបបងប្អូនភ្លោះទាំងពីរម្តងម្កាលនោះឲ្យដឹងថាអ្នកទាំងពីរកន្លងមកបានធ្វើការងារបរិស្ថានច្រើនជាមួយលោក បណ្ឌិត កែម ឡី។ លោកថាដូចជាការងារការពារនៅក្នុងតំបន់អារ៉ែង និងការតស៊ូមតិជំទាស់នឹងការកសាងទំនប់វារីអគ្គិសនីដនសាហុងជាដើម។

លោក មាស នី បានចាត់ទុកលោក ជុំ ហួត និង ជុំ ហួរ ថាជាសកម្មជនជួរមុខក្នុងការតស៊ូមតិទាក់ទងនឹងការកសាងទំនប់វារីអគ្គិសនីដនសាហុង។

អ្នកទាំងពីរត្រូវគេស្គាល់ថាជាសកម្មជនបរិស្ថានដែលតែងតស៊ូមតិចំពោះការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវនៅលើដងទន្លេមេគង្គ។ ពួកគេធ្លាប់បានអះអាងថាទំនប់វារីអគ្គិសនីនេះបានធ្វើឲ្យខូចប្រព័ន្ធជីវចម្រុះក្នុងទន្លេមេគង្គយ៉ាងធ្ងន់ធ្ងរ និងជីវភាពប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts