ភាពចម្រូងចម្រាស​នៃ​តំណែង​ប្រធានការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណែទម្រង់​វិស័យ​អប់រំ​

បើទោះបី​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ប្ដេជ្ញា​កែទម្រង់​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​យ៉ាងណាក៏ដោយ ក៏​ការពិត​នៅមាន​ឧបសគ្គ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិធានការ​កែទម្រង់​វិស័យ​អប់រំ​។ ជាក់ស្ដែង​តំណែង​ប្រធានការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កំពុង​ធ្វើ​ឲ្យ​មាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​ក្រោយពេល​ប្រធានស្ដីទី​ការិយាល័យ​អប់រំ​ម្នាក់ និង​នាយក​វិទ្យាល័យ​ម្នាក់ ដំ​ណ្ដើ​ម​គ្នា​ចង់​ធ្វើជា​ប្រធាន​។ បញ្ហា​នេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​មាន​ភាពចម្រូងចម្រាស​កើតឡើង​បន្តទៀត ព្រោះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ក្លា​។

ប្រភពពី​មន្ត្រីរាជការ​នៅ​សាលាស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​លោក អ៊​យ សុជាតិ ដែលជា​នាយក​វិទ្យាល័យ ហេង សំរិន ព្រៃ​ល្វា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃកប្បាស​មួយចំនួន ហើយ​ដាក់ពាក្យ​ស្នើសុំ​ធ្វើជា​ប្រធានការិយាល័យ​អប់រំ​ស្រុក ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ លោក អ៊​យ សុជាតិ ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​ស្រុក បានស្នើ​សុំ​តំណែង​ជា​ប្រធានការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស ប៉ុន្តែ​សំណើ​នោះ​ត្រូវបាន​លោក ស៊ីវ សុខន ប្រធាន​មន្ទីរអប់រំ​ខេត្តតាកែវ មិន​ចុះហត្ថលេខា​និង​បោះត្រា​ឲ្យ​ទេ ដោយ​លើក​ហេតុផល​ថា​លោក អ៊​យ សុជាតិ មិន​ធ្លាប់មាន​បទពិសោធន៍​ការងារ​ក្នុង​ការិយាល័យ​អប់រំ​ស្រុក​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ក្នុងស្រុក​ព្រៃកប្បាស មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយក៏​ទម្លាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ​តែម្តង​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​នៅ​សាលាស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹងថា​លោក អ៊ិត សា អភិបាលស្រុក​ព្រៃកប្បាស គឺជា​អ្នកធ្វើ​ពាក្យស្នើសុំ​ទៅ​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​លោក អ៊​យ សុជាតិ ធ្វើជា​ប្រធានការិយាល័យ​អប់រំ​ស្រុក​។ បញ្ហា​នេះ​គេ​មិនដឹងថា​លោក អ៊ិត សា ទទួលបាន​ផលប្រយោជន៍​ពី​លោក អ៊​យ សុជាតិ ឬ​យ៉ាងណា​នោះទេ ព្រោះ​ការស្នើសុំ​បែបនេះ​មិន​សម​ទំនង​ទាល់តែសោះ ព្រោះ​លោក អែម អន ប្រធានស្ដីទី​ការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស​បច្ចុប្បន្ន ទើប​សម​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​តាម​ឋានានុក្រម​។ ដូច្នេះ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា គួរពិនិត្យមើល​បញ្ហា​ទាំងនេះ​ផង ហើយ​គួរ​ចាត់វិធានការ​យ៉ាងណា​កុំ​ឲ្យ​មាន​ភាពចម្រូងចម្រាស​និង​អនាធិបតេយ្យ​ក្នុង​វិស័យ​អប់រំ​តទៅទៀត ព្រោះ​វា​ជះ​ឥ​ទ្ធ​ពល​អាក្រក់​ដល់​ការកែទម្រង់​វិស័យ​អប់រំ​៕

628x628_Naronលោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា