មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​រវៀង និង​ស្រុក​គូលែន នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​។ ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូលទៅ​ខេត្តសៀមរាប​យ៉ាង​រលូន ដោយ​ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២​ចូល​ខេត្តកំពង់ធំ និង​យកទៅ​ចែកចាយ​ដល់​ខេត្តកំពង់ចាម​ផងដែរ​។

សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ក្នុង​ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ក្រុមហ៊ុន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​លី​សុគន្ធ ក្រុមហ៊ុន​ហុង​សុភាព និង​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី បានធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ចូល​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ហើយ​យកទៅ​ចែកចាយ​តាម​ដេប៉ូ​នៃ​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក អ៊ិត ភូមិ​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​គូលែន ស្រុក​ត្បែងមានជ័យ និង​ស្រុក​រវៀង កំពុង​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​វិនាសកម្ម​ព្រៃឈើ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ក្នុងចំណោម​ក្រុមហ៊ុន​ដែល​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​នេះ គឺ​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី និង​ក្រុមហ៊ុន​ហុង​សុភាព ដោយសារ​ម្ចាស់​ក្រុមហ៊ុន​ទាំង​២​នេះ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​៕

14034704_1746254198974604_4432827601930122182_n Pic206 13925096_1746254242307933_980219343643883589_n