សញ្ញា​12​យ៉ាង​បង្ហាញ​ថា​អ្នកជា​បុគ្គលិក​ដែល​គេ​មិន​ចូល​ចិត្ត

នៅ​ក្រុមហ៊ុន ឬ​កន្លែងធ្វើការ​មួយ​តែងតែមាន​បុគ្គលិក​មាន​លក្ខណសម្បត្តិ​ល្អ​ប្រសើរ និង​មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ​របស់​ខ្លួន ។ ទោះបីជា​យ៉ាងណា ក៏​មាន​មួយ​ចំនួន​តូច​ដែល​អសកម្ម និង​ច្រើន​ពឹងផ្អែក​លើ​អ្នក​ដទៃ​ផង​ដែរ ។

ប្រសិនបើ​មាន​អារម្មណ៍​ថា អ្នកជា​បុគ្គលិក​ស្ថិត​ក្នុង​ក្រសែភ្នែក​មិត្ត​រួមការ​ងារ​នោះ អីចឹង​វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរតែ​ចាប់ផ្ដើម​ពិចារណា​រក​មូលហេតុ ហើយ​ចាប់ផ្ដើម​កែ​ស្ថានភាព​ឡើង​វិញ ដោយ​ចាប់​អនុវត្ត​មួយ​ជំហាន​ៗ​។ មុន​ពេល​ចាប់ផ្ដើម​អនុវត្ត ត្រូវ​តែ​ប្រាកដ​ថា អ្នក​បាន​ប្ដេជ្ញា​ចិត្ត​ធ្វើ​វា​ឲ្យ​បាន ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ ហើយ​សញ្ញា​ទាំង​១២​ខាងក្រោម​នេះ​បង្ហាញ​ថា អ្នក​កំពុង​តែ​ធ្វើ​រឿង​មិន​គប្បី​នៅ​កន្លែង​ការងារ​របស់​អ្នក ៖

១-​អ្នក​មក​ធ្វើការ​មិន​ទាន់​ពេលវេលា ៖
មិន​ថា​អ្នកជា​បុគ្គលិក​មួយ​រូប​ដែល​ភ្លេច​មើល​កាលបរិច្ឆេទ​កំណត់ ចូល​ប្រជុំ​យឺត​ពេល ឬ​ក៏​មក​ធ្វើការ​មិន​ទាន់​ពេល​នោះ​ទេ ទម្លាប់​យឺត​បែប​នេះ​បាន​ប្រាប់​អ្នក​ដទៃ​ឱ្យ​ដឹង​ថា អ្នកជា​បុគ្គលិក​មិន​គោរព​តាម​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​ក្រុមហ៊ុន ។

២-​អ្នក​តែងតែ​ដោះសា ៖
វា​មិនមែន​ជា​ទម្លាប់​ល្អ​នោះ​ទេ ប្រសិនបើ​អ្នកជា​បុគ្គលិក​មួយ​រូប​តែងតែ​ប្រើ​ពាក្យ​ផ្សេង​ៗ​សម្រាប់​រក​លេស​ដោះសា​គ្រប់ពេល ។ ចូរ​កុំ​ពឹងផ្អែក​លើ​ពាក្យដោះសា​ដើម្បី​បញ្ជាក់​ពី​ភាព​អសមត្ថភាព​របស់​អ្នក ។

៣-​អ្នកធ្វើការ​គ្រាន់តែ​បង្គ្រប់កិច្ច ៖
អ្នកជា​បុគ្គលិក​ដែល​ធ្វើការ​រាល់ថ្ងៃ​គ្រាន់តែ​បង្គ្រប់កិច្ច ដើម្បី​ចៀសវាង​ការ​បណ្តេញ​តែ​ប៉ុណ្ណោះ ។ ប្រសិនបើ​ចៅហ្វាយ​របស់​អ្នក​ពឹង​ឱ្យ​អ្នក​ដោះស្រាយ​បញ្ហា​អ្វីមួយ តែ​អ្នក​តបត​វិញ​ទាំង​ក្រេវក្រោធ​នោះ វា​ពុំ​មែន​ជា​រឿង​ល្អ​ឡើយ ហើយ​ទ​ង្វើ​បែប​នេះ​ថែម​ទាំង​កំពុង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ទៀត​ផង ។

៤-​អ្នក​ចូល​ចិត្ត​និយាយដើម​អ្នក​ដទៃ ៖
មតិ​មួយ​លើក​ឡើង​ថា « ការ​និយាយដើម​អ្នក​ដទៃ មិនមែន​សុទ្ធតែ​ជា​រឿង​អាក្រក់​នោះ​ទេ​» តែ​ទោះជា​យ៉ាងណា ការ​និយាយដើម​អ្នក​ដទៃ​ពុំ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​នឹង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​អ្នក ។

៥-​អ្នក​គិត​ថា អ្នកជា​បុគ្គលិក​ឆ្លាត​ជាងគេ​ក្នុង​ក្រុមហ៊ុន ៖
វា​ជា​រឿង​ល្អ​មួយ​នៅ​ពេល​ដែល​អ្នកមាន​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​អ្នក​ពិតជា​ពូកែ​ក្នុង​ការ​ធ្វើ​ការងារ​ផ្នែក​ណាមួយ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​ចង់​ធ្វើការ​ជាមួយ​មិត្ត​រួមការ​ងារ​ដែល​វាយឫក​នោះ​ទេ ។ អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​នោះ គឺ​ភាព​អំនួត​លើស​ពី​សមត្ថភាព​របស់​ខ្លួន ដែល​តាំងខ្លួន​ចេះ​ដឹង​គ្រប់​រឿង ។

៦-​អ្នក​មិន​ជឿជាក់​លើ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ៖
អ្នកមាន​គំនិត​មួយ​ថា គោលដៅ​ក្រុមហ៊ុន​របស់​អ្នក នឹង​ពុំ​អាច​ជោគជ័យ​ឡើយ ។ អ្នក​គិត​ថា នាយក​ស្ថាប័ន​របស់​អ្នកជា​មនុស្ស​គ្មាន​សមត្ថភាព ។ ប្រសិនបើ​អ្នក​ពិតជា​មិន​ចាប់អារម្មណ៍​លើ​ក្រុមហ៊ុន​នេះ ចូរ​អ្នក​កុំ​ចំណាយពេល​ឥតប្រយោជន៍​ទៀត អ្នក​គួរតែ​ស្វែងរក​ស្ថាប័ន​ថ្មី​ល្អ​ជាង ។

៧-​អ្នក​សម្គាល់​ឃើញ​ថា អ្នកធ្វើការ​ពុំ​បាន​ល្អ​ដូច​មិត្ត​រួមការ​ងារ ៖
អ្នក​គិត​ថា តើ​គ្រប់​មិត្ត​រួមការ​ងារ​របស់​អ្នក​សុទ្ធតែ​មាន​សមត្ថភាព​អស្ចារ្យ​ណាស់​មែន​ទេ0x017d7 ចូរ​ចាំ​ថា ពុំ​មាន​នរណា​ល្អ​អស្ចារ្យ​គ្រប់​រឿង​នោះ​ទេ អ្នក​គ្រាន់តែ​ប្រហែលជា​មាន​សមត្ថភាព​ក្រោម​អ្នក​ដទៃ​តែ​បន្តិច​ប៉ុណ្ណោះ ។

៨-​អ្នក​មិន​ចុះសម្រុង​ជាមួយ​នរណា​ម្នាក់​ក្នុង​ក្រុមហ៊ុន ៖
ប្រាកដ​ណាស់ មិន​ថា​នៅ​ក្នុង​ក្រុមហ៊ុន ឬ​សាលារៀន​នោះ​ទេ តែងតែមាន​ភាព​មិន​ចុះសម្រុង​គ្នា​តិចតួច ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា ភាពល្អក់​កករ​នេះ​បណ្តាល​មក​ពី​ពាក្យ​សម្តី ឬ​ទ​ង្វើ​របស់​អ្នក ។

៩-​អ្នក​យល់​ថា អ្នក​តែងតែ​សុំ​ទោស​អ្នក​ដទៃ ៖
ការ​ប្រើ​ពាក្យ «​សុំ​ទោស​» គឺជា​រឿង​ល្អ​មួយ និង​បង្ហាញ​ពី​សីលធម៌​របស់​មនុស្ស​គ្រប់​រូប នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​បាន​ប្រព្រឹត្ត​ខុស ឬ​មិន​គប្បី​ចំពោះ​នរណា​ម្នាក់ ។

យ៉ាងណាមិញ ការ​ប្រើ​ពាក្យសុំ​ទោស​ជា​ញឹកញាប់ និង​គ្រប់ពេល​ដែល​អ្នក​និយាយ​ជាមួយ​នរណា​ម្នាក់​នោះ វា​នឹង​ក្លាយជា​ទម្លាប់​មួយ​គួរ​ឱ្យ​ធុញទ្រាន់​ទៅ​វិញ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ទ​ង្វើ​ខុសឆ្គង​ដដែល​ៗ ។

១០-​អ្នក​តែងតែ​ចង់​ចេញពី​កន្លែងធ្វើការ​ឆាប់​ៗ ៖
រាល់ពេល​ដែល​មក​ធ្វើការ អ្នក​តែងតែ​ផ្ទៀង​ម៉ោង រហូត​ទាល់តែ​ដល់​ម៉ោង​ចេញពី​ធ្វើការ​។ សកម្មភាព​បែប​នេះ​ឆ្លុះ​បង្ហាញ​ថា អ្នកជា​បុគ្គលិក​មិន​ស្រឡាញ់​ការងារ​ឡើយ និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ដឹង​ថា អ្នក​មិន​ប្តេជ្ញា​លះបង់​ក្នុង​ការ​ធ្វើ​ការងារ​នោះ​ទេ ។

១១-​អ្នក​តែងតែ​ទាមទារ​ចង់បាន​អ្វីមួយ​ជា​និច្ច ៖
គ្រប់​ភារកិច្ច​ការងារ​ទាំងអស់ តែងតែ​ត្រូវការ​ការ​ចរចា ។ អ្នក​គួរតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ទាមទារ​ប្រាក់បៀវត្ស​ឱ្យ​សម​ស្រប​ទៅ​តាម​ទំហំ​ការងារ​របស់​អ្នក ជា​ជាង​ធ្វើការ​គ្រាន់តែ​បង្គ្រប់កិច្ច ប៉ុន្តែ​ចង់​ទាមទារ​ប្រាក់ខែ​ខ្ពស់ ។

១២-​អ្នក​មិន​ពេញចិត្ត​នឹង​សមិទ្ធផល​ការងារ​៖
អ្នក​បាន​បំពេញការងារ​របស់​អ្នក​រួចរាល់ ប៉ុន្តែ​អ្នក​បែរជា​មិន​មាន​មោទនភាព​ក្នុង​ការងារ​របស់​អ្នក ហើយ​អ្នក​គ្រាន់តែ​មាន​អារម្មណ៍​ធម្មតា​ៗ​ជាមួយ​លទ្ធផល​បង្គួរ ។ សកម្មភាព​បែប​នេះ​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន អ្នក​អាច​មានឱកាស​ធ្វើការ​បាន​យូរ​ឆ្នាំ​ទៀត ប៉ុន្តែ​ស្ថាប័ន​ខ្លះ​វិញ អ្នក​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ពោល​គឺ​អ្នក​នឹង​ត្រូវ​ជំនួស​តំណែង​ដោយ​បុគ្គលិក​ថ្មី ដែល​មាន​ចំណង់ និង​មោទនភាព​ក្នុង​ការងារ ៕