បទល្មើស​នេសាទ​បំផ្លាញ​ធនធាន​មច្ឆជាតិ​កំពុង​រាលដាល​នៅ​តំបន់​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​កូន​ត្រី​ល្អិតៗ​យ៉ាង​មហន្តរាយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ គឺមាន​ការឃុបឃិត​គ្នា​រវាង​ក្រុម​ជនល្មើស និង​សមត្ថកិច្ច​ពុករលួយ ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល ដែល​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ បញ្ហា​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប លោក ព្រិ​ន្ទ សា​វិ​ន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ប្រកបដោយ​ប្រសិទ្ធភាព​។

តាម​ការអះអាង​របស់​ប្រជា​នេសាទ​នៅ​ឃុំ​អន្លង់​សំណ បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​ឆ្នុក​ភ្លើង និង​របាំង​ស្បែ​មុង​ក្រឡា​ញឹក ដើម្បី​ចាប់​កូន​ត្រី​ល្អិត​យកទៅ​ធ្វើ​ចំណី​ត្រី​ឆ្ដោ​ឬ​ចំណី​ក្រពើ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​។ ប្រជា​សហគមន៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​អន្លង់​សំណ បាន​ឲ្យ​ដឹងថា ក្នុងខណៈដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ គឺ​លោក ញឹម ស៊ី​វ័​ន្ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​អន្លង់​សំណ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ក្រុម​អ្នកនេសាទ​ប្រើ​ឆ្នុក​ភ្លើង​ចាប់​កូន​ត្រី​ល្អិតៗ​ភាគច្រើន​គឺ​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ក្នុងនោះ​ជនជាតិ​យួន​កំពុង​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ប្រភពពី​ប្រជា​នេសាទ​នៅ​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បទល្មើស​ដាក់​ឆ្នុក​ដោយ​ប្រើ​អំពូល​ភ្លើង​សម្រាប់​ទាក់ទាញ​ត្រី​ឲ្យ​មក​ស៊ី​សត្វល្អិត​ធ្លាក់​ក្នុង​ទឹក​នោះ គឺ​ក្រុម​ជនល្មើស​អាច​ចាប់​ត្រី​ល្អិតៗ​ដឹកជញ្ជូន​យកទៅលក់​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។ ប្រជា​នេសាទ​ក្នុង​ឃុំ​អន្លង់​សំណ បាន​ឲ្យ​ដឹងថា​ពួកគាត់​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរដ្ឋបាល​ជលផល​នៅពេលដែល​កើតមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរដ្ឋបាល​ជលផល ជាពិសេស​លោក ញឹម ស៊ី​វ័​ន្ត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​អន្លង់​សំណ ធ្វើជា​ដេកលក់​រហូត​។ ដូច្នេះ​លោក អេង ជា​សាន ដែលជា​អគ្គនាយក​រដ្ឋបាល​ជល​ផល គួរពិនិត្យមើល​អំពើពុករលួយ និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ជីក្រែង ខេត្ត​សៀម​រាជា​បន្ទាន់ ព្រោះ​បច្ចុប្បន្ន​ពួកគេ​មិន​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល​នោះឡើយ​៕

Pic207 - Copy (2) Pic207 - Copy Pic207