មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅក្នុង​ខេត្តកំពង់ស្ពឺ ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​

លោក ស៊ុន សុធា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​បានទទួល​លិខិត​បេសកកម្ម​បំពេញការងារ​ក្នុង​ខេត្តកំពង់ស្ពឺ កំពុង​ប្រើប្រាស់​លិខិត​បេ​ក​កម្ម​នោះ​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​លើផ្លូវ​ជាតិ​លេខ​៤​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ កំពុង​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏ដូចជា​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ តាម​ការ​បង្ហើប​ពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹកទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​ក៏​កូនចៅ​ក្រោម​ឱវាទ​លោក ស៊ុន សុធា តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ស្រេច​តែ​អំពើ​ចិត្ត​ដែរ​។

សមត្ថកិច្ច​មួយចំនួន​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា តាមពិត​លិខិត​បេ​កក​ម្ម​ដែល​អគ្គស្នងការ​នគរ​បាល​ជាតិ​ចេញ​ឲ្យ​លោក ស៊ុន សុធា គឺ​ដើម្បី​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រូបនេះ ទប់ស្កាត់​បង្ក្រាប​ទំនិញ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាដើម​។ ប៉ុន្តែ​ជាក់ស្ដែង​លោក ស៊ុន សុធា បាន​ប្រើ​លិខិត​បេសកកម្ម​នេះ​សម្រាប់​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ ពី​រថយន្ត​ដឹកឈើ និង​បទល្មើស​សេដ្ឋកិច្ច​ជាច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ​សូម្បីតែ​រថយន្ត​ដឹក​កសិផល​របស់​ប្រជាពលរដ្ឋ​ក៏ត្រូវ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​ក្នុង​ខេត្តកំពង់ស្ពឺ តម្រូវ​ឲ្យ​បង់លុយ​ដោយ​គ្មាន​ការយោគយល់​ដែរ​។

មន្ត្រីរាជការ​និង​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​លោក ស៊ុន សុធា ដែលមាន​លិខិត​បេសកកម្ម​ចេញ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​នោះ បាន​ប្រើប្រាស់​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន​ឲ្យ​ស្លៀកពាក់​ស៊ីវិល ហើយ​ជួនកាល​ប្រើ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹក​កសិផល និង​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ តាម​អំពើ​ចិត្ត​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ពី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ឆ្លងកាត់​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ដែល​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤​ក្នុងស្រុក​ភ្នំស្រួច​ដែរ​។ មានការ​រិះគន់​ចំៗ​ថា​លោក ស៊ុន សុធា មិនបាន​ប្រើប្រាស់​លិខិត​បេសកកម្ម​ដើម្បី​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​បែរជាយក​លិខិត​បេសកកម្ម​នោះ​ទៅ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​យ៉ាង​ក្រអឺតក្រទម ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ដែលជា​អ្នកចេញ​លិខិត​បេសកកម្ម គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ុន សុធា និង​បក្ខពួក​ខ្លះ​ផង​៕

fb49487fc28d67f7b0c0134c5276dfd9លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ​