ការ​នាំ​ចេញ​ផលិតផល​មិនមែន​ប្រេង​ធ្លាក់​ចុះ​ជាង​10% ក្នុង​ខែកក្កដា

ប្រទេស​សិង្ហ​បុរី ៖ យោង​តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ដោយ​ភ្នាក់ងារ​សហគ្រាស​អន្តរជាតិ​សិង្ហ​បុរី​ឲ្យ​ដឹង​ថា ផលិតផល​ក្នុងស្រុក​សម្រាប់​នាំ​ចេញ មិនមែន​ប្រេង បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ខែកក្កដា ច្រើន​ជាង​ការ​រំពឹង​ទុក ហើយ​មិន​ទាន់​មាន​សញ្ញា​មួយ​ណា​បង្ហាញ​ថា តម្រូវការ​ទូ​ទាំង​សកលលោក​អាច​នឹង​ល្អ​ជាង​មុន​ឡើយ ។

ផលិតផល​ក្នុងស្រុក​សម្រាប់​នាំ​ចេញ​មិនមែន​ប្រេង បាន​ធ្លាក់​ចុះ​១០,៦%​កាលពី​ខែកក្កដា បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ផ្ទុយ​ពី​អ្នក​សេដ្ឋកិច្ច​រំពឹង​ថា នឹង​ធ្លាក់​ចុះ​២,៥% និង​២,៤%​នៅ​ខែមិថុនា ក្នុង​ការ​ស្ទង់​មតិ​របស់ Reuters ។

ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​គ្រប់​ទីផ្សារ​ធំ​ៗ​ទាំង​១០​របស់​សិង្ហ​បុរី លើកលែងតែ​ប្រទេស​ទាំង​២៨​របស់ EU និង​ប្រទេស​ដែល​ប៉ះពាល់​ខ្លាំង​បំផុត គឺ​ចិន សហរដ្ឋអាមេរិក និង​ឥណ្ឌូ​ណេ​ស៊ី ។

ពី​មួយ​ខែ​ទៅ​មួយ​ខែ តាម​គោលការណ៍​សម្របសម្រួល​រដូវ​កាល​ផលិតផល​ក្នុងស្រុក​សម្រាប់​នាំ​ចេញ​មិនមែន​ប្រេង​ក្នុង​ខែកក្កដា បាន​ធ្លាក់​ចុះ​១,៨% ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​ថយ​ចុះ​កាលពី​ប៉ុន្មាន​ខែ​មុន​ដែល​ស្មើនឹង​១៣% កើនឡើង​កាន់តែ​ខ្លាំង ខណៈ​ការ​នាំ​ចេញ​ផលិតផល​អេ​ឡិច​ត្រូ​និក និង​ផលិតផល​ផ្សេង​ៗ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។

ក្នុង​ស​ប្តា​ហ៍​មុន សិង្ហ​បុរី​បាន​វាយតម្លៃ​លើ​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០១៦ ក្នុង​ការ​ព្រួយបារម្ភ​ថា ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​ប្រទេស​អង់គ្លេស អាច​នឹង​ធ្វើ​ឲ្យ​តម្រូវការ​សកល​កាន់តែ​ស្រុត​ចុះ​ខ្លាំង​ឡើង ។

ក្នុង​ថ្ងៃ​តែ​មួយ ភ្នាក់ងារ​សហគ្រាស​អន្តរជាតិ​របស់​សិង្ហ​បុរី​បាន​ព្យាករណ៍​ថា ការ​នាំ​ចេញ​ធ្លាក់​ចុះ វា​អាច​នឹង​ងើបឡើង​វិញ​ក្នុង​ឆមាស​ទី​២​ឆ្នាំ​នេះ តែ​វិស័យ​ពាណិជ្ជកម្ម​នៅ​តែ​មាន​ភាព​អវិជ្ជមាន​ដដែល ។ ភ្នាក់ងារ​នេះ​បាន​ព្យាករណ៍​ទៀត​ថា ផលិតផល​ក្នុងស្រុក​សម្រាប់​នាំ​ចេញ​មិនមែន​ប្រេង អាច​ស្មើនឹង​៣%​ទៅ​៤%​ក្នុងឆ្នាំនេះ បើ​ធៀប​នឹង​ការ​គណនា​មុន​ៗ​រក​ឃើញ​ថា ការ​ធ្លាក់​ចុះ​ស្មើនឹង​៣% ទៅ​៥% ។

ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ខែកក្កដា ដែល​ជាទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​សិង្ហ​បុរី បាន​ធ្លាក់​ចុះ​១៦,៦% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​៩,៩%​ក្នុង​ខែមិថុនា ក្នុង​នោះ​មាន​ផលិតផល​គីមី​ប្រេងកាត​ថយ​ចុះ​២៦,៧% ផលិតផល​គីមី​សំខាន់​ៗ​ថយ​ចុះ​២៦,៦% និង​ម៉ាស៊ីន​ឯកទេស​ថយ​ចុះ​១៥,៧% ។

ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក​មិនមែន​ប្រេង​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​១៩,១% ដែល​ផ្ទុយ​ពី​ការ​កើនឡើង​៥,៩%​ក្នុង​ខែមិថុនា ដោយសារ​មូលហេតុ​ផលិតផល​ឱសថ​សាស្ត្រ ធ្លាក់​ចុះ​៥៤,៤% ឈី​ប​អេ​ឡិច​ត្រូ​និក​ធ្លាក់​ចុះ​៣៨% និង​ឧបករណ៍​អគ្គិសនី​និង​ត្រង់​ស៊ី​ស្ទ័​រ​ធ្លាក់​ចុះ​៣៦,៤% ។

ចំណែក​ការ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ធ្លាក់​ចុះ​២២,៦% បើ​ធៀប​នឹង​ខែ​មុន​ធ្លាក់​ចុះ​១៥,៩% ដោយសារ​ផលិតផល​គីមី​ប្រេងកាត​ធ្លាក់​ចុះ​៤៨,២% គ្រឿង​ប​ម្លា​ស់​វិស្វកម្ម​សំណង់​ធ្លាក់​ចុះ​៤១,៣% និង​ផលិតផល​គីមី​សំខាន់​ៗ​ធ្លាក់​ចុះ​៤៥,៤% ។

ផលិតផល​អេ​ឡិច​ត្រូ​និក​ក្នុងស្រុក​សម្រាប់​នាំ​ចេញ​បាន​ធ្លាក់​ចុះ​១២,៩% បើ​ធៀប​នឹង​ខែកក្កដា​ឆ្នាំ​មុន ខណៈ​ខែមិថុនា​បាន​ធ្លាក់​ចុះ​១,៧%​។ ការ​ធ្លាក់​ចុះ​នេះ គឺ​បណ្តាល​មក​ពី​ផលិតផល​កុំព្យូទ័រ​ថយ​ចុះ​៣៦% គ្រឿង​ឈី​ប​ថយ​ចុះ​៤៦,៣% និង​ឧបករណ៍​អគ្គិសនី និង​ត្រង់​ស៊ី​ស្ទ័​រថ​យ​ចុះ​១៩,៥% ។

រីឯ​ការ​នាំ​ចេញ​ផលិតផល​មិនមែន​អេ​ឡិច​ត្រូ​និក បាន​ធ្លាក់​ចុះ​៩,៥% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​២,៦%​ក្នុង​ខែមិថុនា ។ ការ​ធ្លាក់​ចុះ​នេះ ដោយសារ​ផលិតផល​គីមី​ប្រេងកាត​ធ្លាក់​ចុះ​៣៥% គ្រឿង​ប​ម្លា​ស់​ឧបករណ៍​វិស្វកម្ម​សំណង់​ធ្លាក់​ចុះ​៥៨,៣% និង​ម៉ាស៊ីន​ឯកទេស​ធ្លាក់​ចុះ​១៦,៧% ។

ពាណិជ្ជកម្ម​សរុប​ក្នុង​ខែកក្កដា បាន​ធ្លាក់​ចុះ​១១,១%​តាំងពី​ឆ្នាំ​មុន បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​៥,១%​ក្នុង​ខែកក្កដា ។ ការ​នាំ​ចេញ​សរុប​បាន​ធ្លាក់​ចុះ​១០,៣% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​៣,៧%​ក្នុង​ខែមិថុនា ។ ចំណែក​ការ​នាំ​ចូល​សរុប​បាន​ធ្លាក់​ចុះ​១២,១% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​៦,៧%​កាលពី​ខែ​មុន ៕