វៀតណាម​រង​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ក្នុង​ឆមាស​ទី​1

ប្រទេស​វៀតណាម ៖ វៀតណាម​បាន​ទទួល​រង​នូវ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ថៃ សរុប​ជា​ទឹកប្រាក់​ចំនួន​២,១៣​ប៊ី​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​នេះ ដោយសារ​ការ​នាំ​ចូល​ដ៏​ច្រើន​លើសលប់​នៃ​បន្លែ ផ្លែ​ឈើ និង​រថយន្ត​ជាដើម ។

យោង​តាម​អគ្គនាយកដ្ឋាន​គយ​ឱ្យ​ដឹង​ថា វៀតណាម​បាន​ចំណាយ​ប្រាក់​៣,៩​ប៊ី​លាន​ដុល្លារ​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ​ក្នុង​អំឡុង​ឆមាស​ទី​១​កន្លង​មក ដោយ​កើនឡើង​៣,៨% ធៀប​នឹង​ការ​នាំ​ចូល​នៅ​ពី​ឆ្នាំ​មុន ។ ទំនិញ​ថៃ​បាន​ឈាន​ជើង​ចូល​ប្រទេស​វៀតណាម ពី​សម្ភា​សម្រាប់​កែ​ច្នៃ និង​ផលិត ទៅ​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ និង CBU របស់​រថយន្ត ។

មុខទំនិញ​មួយ​ចំនួន​ដែល​បាន​ចុះបញ្ជី​ប្រាក់​ចំណូល​រួច មាន​ប្រមាណ​ជាង​១០០​លាន​ដុល្លារ ក្នុង​នោះ​រួម​មាន បន្លែ និង​ផ្លែ​ឈើ​ចំនួន​១៤៣,៥​លាន​ដុល្លារ​, ប្រេងឥន្ធនៈ​១៤២,៦​លាន​ដុល្លារ​, សម្ភារ​ប្លា​ស្ទិ​ក​២៥១,៦​លាន​ដុល្លារ​, ឧបករណ៍​ប្រើប្រាស់ និង​ផ្នែក​ផ្សេង​ៗ ៥៦០,២​លាន​ដុល្លារ​, ម៉ាស៊ីន និង​ឧបករណ៍​៣៨៣,៧​លាន​ដុល្លារ និង CBU សម្រាប់​រថយន្ត​២៧៦,៥​លាន​ដុល្លារ ។

ចំណែក​ការ​នាំ​ចេញ​ទំនិញ​វៀតណាម​ទៅ​ប្រទេស​ថៃ ក្នុង​អំឡុង​ខែមករា ដល់​ខែមិថុនា សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​១,៧៧​ប៊ី​លាន​ដុល្លារ ដោយ​កើនឡើង​៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ទំនិញ​នាំ​ចេញ​ចម្បង​របស់​វៀតណាម​មាន​ដូច​ជា គ្រឿង​សមុទ្រ កុំព្យូទ័រ ឧបករណ៍​អេ​ឡិច​ត្រូ​និក និង​ទូរស័ព្ទ​ដៃ ។

រីឯ​ការ​នាំ​ចូល​របស់​វៀតណាម​ពី​បណ្តា​ប្រទេស​អាស៊ាន បាន​កើន​ដល់​១១,៣៨​ប៊ី​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ស្មើនឹង​១៤,១%​នៃ​ការ​នាំ​ចូល​សរុប ខណៈ​ការ​នាំ​ចេញ​មាន​ចំនួន​៨,០៨​ប៊ី​លាន​ដុល្លារ កើនឡើង​១០%​នៃ​ចំនួន​សរុប​ផង​ដែរ ។

ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​សេដ្ឋកិច្ច​អាស៊ាន បាន​កើន​ដល់​៣,៣​ប៊ី​លាន​ដុល្លារ ដែល​កើន​ពី​តួលេខ​ឆ្នាំ​មុន​២,៦៦​ប៊ី​លាន​ដុល្លារ ៕