មាន​អាកា​រៈ​ស្លេកស្លាំង ហៅ​សួរនាំ​ទើប​បែកធ្លាយ​ការ​ពិត

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​មាន​អាកា​រៈ​ស្លេកស្លាំង ធ្វើ​ឲ្យ​ម្តាយមីង​មានការ​ងឿងឆ្ងល់​ហៅ​មក​ជជីក​សួរ ទើប​បែកធ្លាយ​ការ​ពិត​ថា បុរស​ម្នាក់​បាន​គំរាម​សម្លាប់​ និង​ចាប់រំលោភ​នាង​ជា​ច្រើន​លើក​ច្រើន​សារ​តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦​មក​ម្ល៉េះ ។

ប្រភពពី​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថន ធា​រ៉ា ហៅ ធា អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​លក់​គ្រឿង​រថយន្ត ត្រូវ​បាន​​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៩០០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តាម​ពាក្យបណ្ដឹង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​ដង និង​គំរាម​សម្លាប់ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ប​.​ស​.​ជ​.​ត អាយុ​១២​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ជាមួយ​ម្ដាយមីង ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​បបួល​នាង​ទៅ​ទិញ​ទូរស័ព្ទ​១​គ្រឿង និង​ភ្ជាប់​អ៊ី​ន​ធើ​ណេ​ត ដើម្បី​ចុច​មើល​រឿង​កំសាន្ដ ។ បន្ទាប់​មក​ជនសង្ស័យ​បាន​ល្បួង​ចាប់រំលោភ​រហូត​បាន​សម្រេច​ជា​ច្រើន​ដង ព្រមទាំង​ប្រើ​កូនកាំបិត​គំរាម​សម្លាប់​បើសិនជា​ហ៊ាន​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​ដទៃ ។

ក្រោយ​ពី​ជនសង្ស័យ​រំលោភ​ជា​ច្រើន​ដង​ធ្វើ​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​មាន​អាកា​រៈ​ស្លេកស្លាំង ទើប​ម្ដាយមីង​មានការសង្ស័យ​ ហៅ​មក​សួរនាំ ស្រាប់តែ​បែកធ្លាយ​រឿង​ជនសង្ស័យ​បាន​ប្រើ​កាំបិត​គំ​រា​សម្លាប់ និង​រំលោភ​បាន​សម្រេច​ជា​ច្រើន​ដង​មក​ហើយ​តាំងពី​អំឡុង​ខែមិថុនា​មក​ម្ល៉េះ ។

បន្ទាប់​ពី​ដឹង​រឿង​ពិត​ហើយ ម្តាយមីង​ក៏​នាំ​ក្មួយ​ស្រី​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឫស្សី​កែវ និង​ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និ​តិ​វិធី ៕