លោក អេង ឆៃអ៊ាង រិះគន់​ជុំវិញ​ករណី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​នៅ​ប្រទេស​កម្ពុជា​

ក្នុងពេលដែល​ស្ថានភាព​សន្តិសុខ​សាធារណៈ​នៅក្នុង​សង្គម​កម្ពុជា​ត្រូវគេ​សង្កេតឃើញថា​គ្មាន​សុវត្ថិភាព​ដោយសារតែ​បទល្មើស​ព្រហ្មទណ្ឌ​បានកើត​ឡើង​នៅ​ទីសាធារណៈ​ជា​រៀងរាល់ថ្ងៃ និង​ស្ទើរតែ​គ្រប់ពេលវេលា​នោះ  លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​បាន​រិះគន់​ជុំវិញ​ករណី​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​នៅ​ប្រទេស​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ឃាតកម្ម​លើ​ប្អូនជីដូនមួយ​របស់​តារា​សម្តែង នាង ខៀវ សុខា​រ៉ាវី នៅ​ម៉ា​ត​ក្បែរ​ផ្សារ​រាត្រី នា​យប់​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៦ មាន​រយៈពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ សមត្ថកិច្ច​បាន​បញ្ចេញ​នូវ​រូបភាព​នៃ​ការបាញ់ប្រហារ​ដែល​ថត​ជាប់​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព ។ ឯ​កាមេរ៉ា​សុវត្ថិភាព​ដែល​បាន​ថត​ជាប់​សកម្មភាព​ក្រុម​ឃាតក​បាញ់ប្រហារ​អ្នកវិភាគ​ព្រឹត្តិការណ​សង្គម និង​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី យ៉ាង​សាហាវឃោរឃៅ សមត្ថកិច្ច​មិនបាន​បង្ហាញ​ឲ្យ​សាធារណជន​បានឃើញ​សោះ ។ តើ​ឃាតកម្ម ក្នុងករណី​ទាំងពីរ​នេះ​មាន​លក្ខណៈ ខុសគ្នា​ត្រង់ណា ?

គួរ​បញ្ជាក់ថា ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ដែល​ជនសង្ស័យ​ចូលទៅ​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​ចំនួន​៧​គ្រឿង ពី​ហាង​លក់​ទូរស័ព្ទដៃ​មួយកន្លែង​នៅក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៦ បានសម្រេច​ចិត្ត​បាញ់សម្លាប់​ខ្លួនឯង ហើយ​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​គីឡូ​ទី​១១ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ ជនសង្ស័យ​ខាងលើនេះ បាន​បាញ់សម្លាប់​ខ្លួនឯង​កើតឡើង​ក្នុងពេលដែល​សមត្ថកិច្ច​ចម្រុះ​កំពុងធ្វើការ​ឡោមព័ទ្ធ​ចាប់​ជនសង្ស័យ តាំងពី​ម៉ោង​១១​យប់​រហូតដល់​ព្រឹក​នេះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សម្តែង​ការយល់ឃើញថា ប្រសិនបើ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់​វិធានការណ៍​ច្បាស់លាស់​ឆាប់រហ័ស​ភ្លាមៗ ដូច​ករណី​ប្លន់​នេះ​ច្បាស់​ជា​គ្មាន​ពាក្យបណ្តឹង​នៅ​តុលាការ ហើយ​សាធារណជន​រីករាយ ស្ងប់ចិត្ត និង​គាំទ្រ​រាជរដ្ឋាភិបាល​ពេញទំហឹង​។​

គួរ​បញ្ជាក់ថា បើ​គិតពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ គឺមាន​រយៈពេល​ជាង​មួយខែ​ហើយ​ដែល​សមត្ថកិច្ច​មិនទាន់​បំបែកសំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម និង​នយោបាយ​ឯករាជ្យ​ដ៏​ល្បីល្បាញ លោក​បណ្ឌិត កែម ឡី នៅឡើយ​ទេ ខណៈ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​សាធារណមតិ កំពុង​រង់ចាំ​មើល​ភាពយុត្តិធម៌​យ៉ាង​អន្ទះសា​៕

14053976_931409606961002_503675813131571928_n 14054964_1644963322484699_2349504775920122875_n fn-2016-08-19-07-43-14-2