ព្យុះ​ទី​ហ្វុ​ង DIANMU វាយប្រហារ​លើ​ភាគ​ខាងត្បូង​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ DIANMU កាលពី​ថ្ងៃ​ទី​១៨ សីហា វេលា​ម៉ោង​១៥​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក​បាន​បោកបក់​លើក​សង្កាត់ DONGLI ក្រុង LEIZHOU ខេត្ត​ក្វា​ង​ទុង​ភាគ​ខាងត្បូង​ចិន ។

DIANMU ជា​ព្យុះ​ទី​ហ្វុ​ង​ទី​៨​ប្រចាំឆ្នាំ​បោកបក់​ឆ្ពោះទៅ​ទិស​ខាងលិច ហើយនឹង​ឆ្លងកាត់​ឧបទ្វីប LEIZHOU មក​កាន់​ឈូង​សមុទ្រ BEIBU ។ ព្យុះ​នេះ​ញ៉ាំង​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ប្រទេស ។ នៅ​ខេត្ត​ហៃ​ណា​ន់​ប្រជាជន​ជាង​៤០.០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ ។ បណ្តា​រថភ្លើង​ចេញ​-​ចូល​កោះ​នេះ ព្រមទាំង​បណ្តា​រថភ្លើង​លឿន​រត់​នៅ​ហៃ​ណា​ន់​ត្រូវ​ផ្អាក​សកម្មភាព ។ សេវាកម្ម​របស់​បណ្តា​នាវា​ក៏​ត្រូវ​បញ្ឈប់​ដែរ នៅ​ច្រក​សមុទ្រ QIONGZHOU ចំណែក​ជើងហោះហើរ​ជា​ច្រើន​របស់​យន្តហោះ​ត្រូវ​លុប​ចោល ។

នៅ​ក្រុង​ហៃ​គូ​ទីប្រជុំជន​ខេត្ត​ហៃ​ណា​ន់ អាជ្ញាធរ​ឧតុនិយម​មូលដ្ឋាន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​កាលពី​ថ្ងៃ​ទី​១៨ សីហា វេលា​ម៉ោង​៨​ព្រឹក ។ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នាំ​មាន​ទឹកជំនន់​ក្នុង​ទីក្រុង​នេះ​ស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​សាធារណៈ ។ ទីក្រុង និង​ស្រុក​ជា​ច្រើ​នៃ​តំបន់​ស្វយ័ត ZHUANG ខេត្ត​ក្វា​ង​ស៊ី​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែរ ៕