កងទ័ព​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ

យោង​តាម YONHAP ថា កងទ័ព​កូរ៉េ​ខាងត្បូង​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ សីហា ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​បាញ់កាំភ្លើង​ធំ ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​ពុំ​ធ្លាប់​មាននៅ​ជិត​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឆ្លើយ​តប​ចំពោះ​ការ​បង្កហេតុ​នា​ពេល​ខាង​មុខ​មក​ពី​កូរ៉េ​ខាងជើង ។

សមយុទ្ធ​នេះ​ចាប់​ធ្វើ​ពី​រសៀល​ថ្ងៃ​ទី​១៨ សីហា​ទៅ មួយ​ថ្ងៃមុន​ខួប​លើក​ទី​មួយ នៃ​ការ​បាញ់​ផ្លោង​របស់​កូរ៉េ​ខាងជើង​លើ​តំបន់​នានា​ស្ថិត​នៅ​ភាគ​ខាងត្បូង​ខ្សែបន្ទាត់​ព្រំដែន​បែងចែក​រវាង​កូរ៉េ​ទាំង​២ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បញ្ជាក់​ថា កាំភ្លើង​ធំ​ប្រមាណ​ជា​៣០០​ដើម​របស់​កងវរសេនាតូច​ចំនួន​៤៩​កង បាន​ចូលរួម​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ ដែល​ចាប់ផ្តើម​ពី​ម៉ោង​១៧​និង​៤​នាទី​ម៉ោង​ក្នុងស្រុក​ទៅ​ជាមួយ​ការ​បាញ់កាំភ្លើង​ធំ​ស្វ័យប្រវត្តិ K9 និង K-55 ។

កូរ៉េ​ខាងជើង​កាលពី​ខែសីហា ឆ្នាំ​២០១៥ បាន​បាញ់កាំភ្លើង​ធំ​ជា​ច្រើន​គ្រាប់​ឆ្ពោះ​មក​កាន់​កងឯកភាព​យោធា​កូរ៉េ​ខាងត្បូង​នៅ​កោះ YEON CHEON ចម្ងាយ​៦២​គីឡូម៉ែត្រ​ខាងជើង​ក្រុង​សេ​អ៊ូ​ល ។ កូរ៉េ​ខាងត្បូង​បាន​តបត​វិញ​ដោយ​បាញ់កាំភ្លើង​ធំ​២៩​គ្រាប់ ទៅ​កាន់​ភាគ​ខាងជើង​ខ្សែបន្ទាត់​បែងចែក​ព្រំដែន ។

ក្នុង​សមយុទ្ធ រ៉ា​ដា​ធុន ARTHUR-K ធ្វើ​ត្រាប់​ចាប់​ប្រភព​នៃ​បណ្តា​គ្រាប់​ផ្លោង​ដែល​បាញ់​ចេញ​ដោយ​សត្រូវ ហើយ​បញ្ជូន​ព័ត៌មាន​ដល់​កងវរសេនាតូច​កាំភ្លើង​ធំ​៣​កង ដែល​ធ្វើ​ត្រាប់​បាញ់​តបត​វិញ សំដៅ​ទីតាំង​កាំភ្លើង​ធំ​សន្មត់​ជា​របស់​កូរ៉េ​ខាងជើង​ជាមួយ​បណ្តា​កាណុង K9 និង K-55 ។ ម្យ៉ាងទៀត មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ធ្វើការ​ហោះហើរ​ស៊ើបការណ៍​ពី​ការ​ខូចខាត​របស់​ពួ​ួ​ក​សត្រូវ​ដែល​អាច​ឱ្យ​កងទ័ព​ធ្វើការ​សម្រេច​ចាំបាច់​ក្នុង​ការ​បាញ់​ផ្លោង​ថ្មី​ៗ​ទៀត ។