រូបចម្លាក់​ស្រាត​របស់​លោក​ដូ​ណា​ល់ ត្រាំ ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្រុង​ញូ​វ​យ៉​ក

រូបចម្លាក់​ស្រាត​របស់​បេក្ខជន​ប្រធានាធិបតី​អា​មេ​រិ​ក​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់ ត្រាំ ធ្វើ​ឱ្យ​គេ​មានការ​ចាប់អារម្មណ៍​ខ្លាំង​កាលពី​ថ្ងៃ​ទី​១៨ សីហា នៅ​ឯ​ទីលាន UNION SQUARE ក្រុង​ញូ​វ​យ៉​ក ។

រូបចម្លាក់​ស្រាត​នេះ​ត្រូវ​អាជ្ញាធរ​កម្ទេច​ចោល​ក្រោយ​ដាក់​តាំង​បាន​ប៉ុន្មាន​ម៉ោង​មក ។ រូបចម្លាក់​នេះ​ជា​រូប​ស្រាត​របស់​លោក​ដូ​ណា​ល់ ត្រាំ ដៃ​ទាំង​២​ឱប​ពោះ​កំប៉ោង​ជាមួយ​សក់​ពណ៌​ទង់ដែង ជា​លក្ខណៈ​សក់​របស់​លោក ។ ពេញ​មួយ​ព្រឹក រូបចម្លាក់​នេះ​នាំ​ឱ្យ​មាន​ឥទ្ធិពល​ខ្លះ ។ ពួក​អ្នក​ដើរ​បាន​ឈប់​ឈរ​មើល និង​ថត​យក​រូបភាព ហើយ​ឈរ​អែប​ថត SELFIE ជាមួយ​រូប​នេះ ។

ផ្នែក​សេវាកម្ម​ឧទ្យាន​ក្រុង​ញូ​វ​យ៉​ក​ពុំ​ពេញចិត្ត​នឹង​រូបចម្លាក់​ដែល​គេ​យក​មក​ដាក់​តាំង​ដោយ​ខុសច្បាប់ បែប​ចំអក​ឱ្យ​លោក​ត្រាំ ឡើយ ។ និយោជិត​២​នាក់​បាន​យក​រូបចម្លាក់​នេះ​ចេញ ហើយ​វាយ​បំបែក​ចោល​ដោយ​លើក​ហេតុផល​ថា យក​មក​ដាក់​ដោយ​គ្មាន​ការ​អនុញ្ញាត​ក្នុង​ទីក្រុង ។

ក្រុម​អនាធិបតេយ្យ​មួយ​មាន​មូលដ្ឋាន​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា បន្ទាប់​មក​បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​ពី​ការ​ផលិត​រូបចម្លាក់​បែប​នេះ​៥​ទៀត​របស់​លោក​ត្រាំ ពី​ដីឥដ្ឋ និង​ស៊ី​លី​កូន ។ រូបចម្លាក់​ទាំងនេះ​គេ​យក​ទៅ​ដាក់​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ CLEVELAND និង SEATILE ៕