ឧកញ៉ា ហុង ម៉ាន់ សង្ស័យរំលោភ​យក​ដីផ្ទះ​អ្នកក្របំផុតម្នាក់

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសាររស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ កាលពី​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា  ២០១៦​ នេះ បាន​លើកគ្នា​មក​កាន់​ផ្ទះ​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​ ដែល​រស់នៅ​ភូមិ-​ឃុំ​ខាងលើ​ ដើម្បី​លើក​បដា​ជួយ​គាំទ្រ​ដល់​ស្ត្រី​មេ ម៉ាយ​ក្រីក្រ​មួយ​គ្រួសារ​នេះ​ ដែល​ត្រូវ​លោក​ឧក​ញ៉ាម្នាក់ ​លួច​ធ្វើ​ប្លង់​រំលោភ​យក​ដី​ភូមិ​របស់​គាត់ ​ដែល​គាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៨០​មក​ ដោយ​មាន​អាជ្ញាធរ​ភូមិ​ឃុំ និង​ជំនាញ​ភូមិបាល​ស្រុក​ទទួលស្គាល់​ និង​បាន​បញ្ជាក់​ច្បាស់លាស់​ទៀត​ផង​នោះ​ ។

បើ​តាម​ស្ត្រី​មេម៉ាយ​រង​គ្រោះ​ដោយ​​គេ​រំលោភ​យក​ដី​គាត់​ឈ្មោះគី ហាក់ អាយុ​៦២​ឆ្នាំ​បាន​ឱ្យ​​ដឹងថា រូប​គាត់​រស់នៅ​លើ​ដី​ភូមិ​គាត់​នេះ​តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ ។ ដី​នេះ​មាន​ទំ​ហំ​បណ្តោយ​ស្រប​ថ្នល់ជាតិ​ប្រវែង​៤៨​ម៉ែត្រ ជម្រៅ​ទៅ​ក្រោយ​ប្រវែង​២៨​ម៉ែត្រ ហើយ​ដី​ពី​ខាងក្រោយ ​និង​ពី​ខាងលិច​ដី​ភូមិ​របស់​គាត់​ជា​ដី​ព្រៃ​លិច​ទឹក ហើយក៍​ជា​ដី​កម្ម​សិ​ទ្ធិ​របស់​លោក​ឧក​ញ៉ា ហុង ម៉ា​ន់ គឺ​ដី​គាត់​មាន​ព្រំ​ដោយ​ជីក​ប្រឡាយ​ធ្វើ​ព្រំ​ដី​​ ។

​ស្ត្រី​រង​គ្រោះ​បាន​ឱ្យ​​ដឹង​ទៀតថា រូប​គាត់ក៏​មិនដឹង​ថា ​លោក​ឧក​ញ៉ារូប​នេះ​លួច​ធ្វើ​ប្លង់​រំលោភ​យក​ដី​គាត់​ដែរ​កាលពី​ដំបូង​ឡើយ​។ ស្រាប់តែ​មាន​ថ្ងៃមួយ​លោក​ឧកញ៉ាហៅ​រូប​គាត់​ឡើង​ទៅ​ជួប​លោក​នៅ​សាលាស្រុក​ទឹកឈូ ពេល​នោះ​រូប​គាត់​ឈឺ​មិន​បាន​ទៅ​ជួប​លោក​ឧក​ញ៉ាទេ  គាត់​បាន​ឲ្យ​កូនស្រី​ទៅ​ជួប ​។ ពេល​កូនស្រី​ទៅ​ជួប​លោក​ឧកញ៉ា ​បាន​ប្រាប់​កូនស្រី​គាត់​ថា​ ឱ្យ​រុសរើ​ផ្ទះ​ចេញពី​ដី​របស់​ខ្លួន ​ពីព្រោះ​ដី​នេះ​ជា​ដី​របស់​គាត់​​ ហើយ​ក្រុម​គ្រួសារ​ក្មួយ​ឯង​មក​សង់ផ្ទះ​លើ​ដី​កម្ម​សិ​ទ្ធិ​របស់ខ្ញុំ​។

ពេល​នោះ ​កូន​ស្ត្រី​រូប​នេះ​​បាន​សួរ​ទៅ​លោក​ឧក​ញ៉ា ហុង ម៉ា​ន់ វិញ​ថា ចុះ​លោក​អ៊ំ​មាន​សំអាង​អី​ដែល​ថា​ ជា​ដី​កម្ម​សិ​ទ្ធិរបស់​លោក​អ៊ំ​នោះ លោក​ឧក​ញ៉ា​​ប្រាប់​កូន​គាត់​មក​វិញ​ថា ​ដី​នេះ​រូប​លោក​បាន​ទិញ​ពី​គេ ​ព្រមទាំង​មាន​ប្លង់​ត្រឹមត្រូវ​ទៀត​ផង​ ។ ពេល​ឮ​លោក​ឧក​ញ៉ា និយាយ​បែប​នេះ ​កូន​គាត់​ក៏​​សួរ​បន្ត​ទៀតថា ​ចុះ​លោក​អ៊ំ​ធ្វើ​ប្លង់​ពី​ឆ្នាំ​ណា​មក​?

លោក​ឧក​ញ៉ា​រូប​នេះ ​បាន​ប្រាប់​កូនស្រី​គាត់​វិញ​ថា រូប​លោក​ធ្វើ​ប្លង់​តាំងពី​ឆ្នាំ​១៩៩៨ ទើប​កូនស្រី​គាត់​និយាយ​ថា ម្តាយ​ខ្ញុំ​និង​ខ្ញុំ​បាន​រស់នៅ​ និង​ធ្វើ​ប្លង់​តាំងពី​ឆ្នាំ​១៩៨០ បើ​លោក​អ៊ំ​ទើបតែ​ធ្វើ​ប្លង់​ក្នុង​ឆ្នាំ​១៩៩៨​នោះ ​គឺ​មិន​ពិត​ទេ មាន​តែ​លួច​ធ្វើ​ដោយ​អំពើ​ឃុបឃិត​ណាមួយ​ហើយ​ទើប​មាន​ប្លង់​បែប​នេះ​។ ពេល​នោះ​លោក​ឧក​ញ៉ាបាន​គំរាម​កូន​គាត់​ថា​ ទោះបី​អ្នកឯង​ទៅ​ប្តឹង​ដល់​ណា​ក៍​មិន​ឈ្នះ​រូប​លោក​ដែរ​។

ក្រោយមក​ ស្រាប់តែ​មាន​ដីកា​តុលាការ​កោះហៅ​ឲ្យ​រូប​គាត់​ឡើង​ទៅ​តុលាការ​ ដើម្បី​សាកសួរ រូប​គាត់​បាន​និយាយ​ប្រាប់​តាម​ដំណើរ​ប្រវត្តិ​ដី​ដែល​គាត់​បាន​រស់នៅ ហើយ​តុលាការ​​ក៏បាន​សួរ​រក​សាក្សី​ដែល​បានដឹង​ឮ​ ជុំវិញ​ប្រវត្តិ​ការ​រស់នៅ​លើ​ដី​នេះ​ដែរ រូប​គាត់​ក៍បាន​បង្ហាញ​ឯកសារ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​ដឹង​ឮ​តាំងពី​រូប​គាត់​រស់នៅ​លើ​ដី​ភូមិ​នេះ ​។ ឮ

ក្រោយមក​ទៀត ​មាន​តំណាង​មេធាវី​ការពារ​ក្តី​របស់​លោក​ឧក​ញ៉ា បាន​មក​បញ្ចុះបញ្ចូល​សុំ​ទិញ​ដី​ដែល​ទំនាស់​នេះ ប៉ុន្តែ​រូប​គាត់​បាន​ប្រាប់​មេធាវី​នោះ​វិញ​ថា កាលពី​មិន​ទាន់​ប្តឹងផ្តល់​គ្នា​ម៉េច​ ក៏​​មិន​ចរ​ចាសុំ​ទិញ​ បែរជា​ចោទប្រកាន់​ថា​ ខ្ញុំ​រំលោភ​យក​ដី​របស់​គាត់ តែ​ពេល​នេះ​ បើ​គាត់​បាន​ប្តឹងផ្តល់​គ្នា​ទៅ​ហើយ​នោះ​ខ្លួន​មិន​លក់​ទេ​ទុក​ឲ្យ​ច្បាប់​រក​យុត្តិធម៌​ជូន​ខ្លួន​វិញថា​ តើ​អ្នក​ណា​រំលោភ​លើ​ដី​អ្នក​ណា​។

លោក​មេ​ភូមិ​ត្រពាំង​សង្កែ ​ក៏បាន​ឱ្យដឹង​ដែរ​ថា ​ដី​នេះ​ជា​ដី​របស់​ស្ត្រី​ឈ្មោះ​គី ហាក់ ជា​ស្ត្រី​មេម៉ាយ​បាន​រស់នៅ​តាំង​កូនស្រី​គាត់​នៅ​តូច​ៗ រហូត​ឥឡូវ​កូនស្រី​គាត់​មាន​អាយុ​ជាង​៣០​ឆ្នាំទៅ​ហើយ​ ទើប​ឮ​ថា ​មាន​ឧក​ញ៉ាម្នាក់​មក​អះអាង​ថា​ គេ​រំលោភ​លើ​ដី​របស់​ខ្លួន​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ​។

លោក ម៉ៅ ឈាង ​ជំទប់​ទី​២​ឃុំ​ត្រពាំង​សង្កែ​បាន​ឲ្យ​ដឹង​ថា បើ​លោក​ឧក​ញ៉ា​ចោទ​ថា​ ស្ត្រី​មេម៉ាយ​ក្រីក្រ​រូប​នេះ​ រំលោភ​លើ​ដី​របស់​ខ្លួន ឬថា​ខ្លួន​ឲ្យ​នៅ​ចាំ​ដី​របស់​ខ្លួន​ពិតជា​អយុត្តិធម៌​ណាស់ ពីព្រោះ​ដី​ភូមិ​នេះ​ពី​មុន​សង់ផ្ទះ​ដល់​ទៅ​ពីរ​ផ្ទះ​ខ្នង​គឺ​ផ្ទះ​កូន​មួយ​ខ្នង តែ​ក្រោយ​មក ​ត្រូវ​ខ្យល់​វាយ​រលំ​ផ្ទះ​កូន​មួយ​ខ្នង​ទៅ​គាត់​ក្រីក្រ​គ្មាន​អ្វី​ទីពឹង​​ ក៏មក​នៅ​ជាមួយ​គ្នា​ និង​កូន​ផ្ទះ​តែ​មួយ​ពីរ​គ្រួសារ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ទៅ​ ។ លោក​បន្ត​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ម្ចាស់​ដី​នេះ​ពិតប្រាកដ​មែន ចំណែក​លោក​ឧក​ញ៉ាហុង ម៉ា​ន់ គឺ​ពិតជា​រំលោភ​យក​ដី​របស់​ស្ត្រី​មេម៉ាយ​ក្រីក្រ​នេះ​ពិតប្រាកដ​មែន​។

ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ដឹង​ឮ​នៅ​ពេល​នេះ សូម​សំណូមពរ​ទៅ​តុលាការ​មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​រង​គ្រោះ​មួយ​គ្រួសារ​នេះ​ផង និង​សំណូមពរ​ដល់​សម្តេច​ទាំង​ពីរ​ជា​ប្រមុខ​ដឹកនាំ សូម​សម្តេច​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​កូនចៅ​ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​រំលោភ​យក​ដី​ពី​សំណាក់​លោក​ឧក​ញា​រូប​នេះ​ផង​៕