វាយប្រហារ​ភេរវកម្ម​3​នៅ​តួ​ក​គី​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង

បន្ទាប់​ពី​ស្ងប់ស្ងាត់​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​នៅ​តួ​ក​គី ពួក​ឧទ្ទាម​ឃើ​ត​បាន​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ភេរវកម្ម​ថ្មី​ជា​លើក​ដំបូង​នៅ​តាម​តំបន់​ដែល​ពុំ​មាន​ជនជាតិ​ឃើ​ត​ភាគច្រើន ។

ចន្លោះ​ពេល​តែ​ប៉ុន្មាន​ម៉ោង​រវាង​ថ្ងៃ​ទី​១៧ និង​១៨ សីហា មានការ​វាយប្រហារ​ភេរវកម្ម​ដល់​ទៅ​៣​របស់​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៤​នាក់ និង​របួស​ជិត​៣០០​នាក់ នៅ​ភាគ​ខាងកើត និង​ភាគ​អាគ្នេយ៍​ប្រទេស ។ នៅ​ខេត្ត ELAZIG ការ​បំផ្ទុះ​រថយន្ត​មួយ​សម្លាប់​មនុស្ស​៥​នាក់ ។ គឺ​ទីតាំង​ប៉ូលិស​ដែល​រង​ការ​វាយប្រហារ​ក្នុង​ខេត្ត​ពុំ​មែន​ឃើ​ត​នេះ​នា​ភាគ​ខាងកើត​ប្រទេស ។ ខេត្ត ELAZIG រហូត​មក​ដល់​បច្ចុប្បន្ន​គេច​ផុត​ពី​ជម្លោះ​ឃើ​ត ។ ការ​វាយប្រហារ​ញ៉ាំង​ឱ្យ​អគារ​៤​ជាន់​មួយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។ ការ​វាយប្រហារ​នេះ​ក្រៅពី​អ្នក​ស្លាប់ មនុស្ស​ដល់​២១៧​នាក់​រង​របួស ។

ការ​វាយប្រហារ​មួយទៀត បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​នៅ BITLIS ភាគ​អាគ្នេយ៍​ប្រទេស ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ទាហាន​៥​នាក់ និង​សកម្មជន​ឃើ​ត​ប្រឆាំង​ពួក PKK ម្នាក់ ។ រួច​នៅ​ទីក្រុង VAN នា​យប់​ថ្ងៃ​ទី​១៧ មក​១៨ សីហា មនុស្ស​៣​នាក់​គឺ​ជន​ស៊ី​វិល​២​នាក់ និង​ប៉ូលិស​ម្នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​បំផ្ទុះ​រថយន្ត​មុខ​ប៉ុស្តិ៍​ប៉ូលិស​មួយ ។ ចំណែក​មនុស្ស​៧៣​នាក់​ទៀត​រង​របួស ។ កាលពី​ថ្ងៃ​ទី​១៥ សីហា កន្លង​មកនេះ ប៉ូលិស​៥​នាក់ និង​ជន​ស៊ី​វិល​៣​នាក់​បាន​ត្រូវ​ស្លាប់ ដោយសារ​ការ​បំផ្ទុះ​រថយន្ត​មួយ​របស់​ពួក PKK ប្រឆាំង​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​តាម​ផ្លូវថ្នល់​មួយ​នៃ​ក្រុង VAN ៕