​ថៃ៖ រដ្ឋាភិបាលព្យាយាមនិយាយធានាអ្នកវិនិយោគបរទេសដែលបារម្ភពីស្ថានភាពការណ៍នយោបាយផ្ទៃក្នុង

នៅក្នុងប្រទេសថៃ តាំងពីក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ក្នុងឆ្នាំ ២០១៤ មក មានក្រុមហ៊ុនបរទេសជាច្រើនបានវេចបង្វេចចេញពីទឹកដីថៃទៅបោះទីតាំងនៅក្នុងប្រទេសផ្សេង។ មូលហេតុមកពីពួកគេបារម្ភពីអស្ថិរភាពនយោបាយនៃជម្លោះរវាងពួកអាវលឿង និងពួកអាវក្រហម។ តែទោះជាយ៉ាងនេះក្តី លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្តុបានព្យាយាមនិយាយធានាដល់ក្រុមអ្នកវិនិយោគបរទេសនៅថ្ងៃព្រហស្បតិ៍ ទី១៨ សីហាថា បរិយាកាសវិនិយោគទូទៅក្នុងប្រទេសថៃចាប់ផ្តើមល្អឡើងវិញហើយ។

ការថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃយ៉ាងដូចនេះហាក់ដូចជាខុសពីអ្វីដែលការិយាល័យវិនិយោគទើបបានប្រកាសឲ្យដឹងនាពេលថ្មីៗនេះថា ការវិនិយោគបរទេសបានធ្លាក់ចុះយ៉ាងគំហុក។ គិតត្រឹមរយៈពេល ៦ខែដើមឆ្នាំ ២០១៦ នេះ ទឹកប្រាក់វិនិយោគបរទេសមានប្រមាណតែ ៣ ៤០០លានអឺរ៉ូប៉ុណ្ណោះ ពោលតិចជាងឆ្ងាយណាស់បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥ ដែលមានដល់ទៅ ៦ ៤០០លានអឺរ៉ូ។ ជប៉ុនដែលបន្តជាប្រទេសវិនិយោគលំដាប់ទី១ នៅថៃ ពិសេសក្នុងវិស័យយានយន្តបានរើរោងចក្រជាច្រើនរបស់ខ្លួនចេញពីទឹកដីថៃទៅតាំងនៅក្នុងប្រទេសផ្សេង។

ទឹកប្រាក់វិនិយោគរបស់ជប៉ុននៅថៃដែលមានដល់ទៅ ២ ៤០០លានអឺរ៉ូក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៥ បានធ្លាក់ដាំក្បាលចុះមកនៅត្រឹមតែ ៧២០លានអឺរ៉ូប៉ុណ្ណោះក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៦ នេះ។ ចំណែកទឹកប្រាក់វិនិយោគរបស់សហភាពអឺរ៉ុបនៅថៃក៏បានធ្លាក់ចុះពី ៨៨០លានអឺរ៉ូក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៥ មកនៅតិចជាង ២៣០លានអឺរ៉ូក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៦ នេះ។ ដោយឡែកជាមួយប្រទេសចិន គឺបានដើរផ្ទុយពីអ្នកផ្សេងដោយមានការកើនពី ១៤០លានអឺរ៉ូទៅ ៦៤០លានអឺរ៉ូ។

និយាយពីកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសឆ្នាំ ២០១៦ គឺមានប្រមាណតែ ៣,៥% ពោលតិចជាងបណ្តាប្រទេសជិតខាងមួយចំនួននៅក្នុងតំបន់។ ម្យ៉ាងទៀត ក្រុមអ្នកវិភាគក៏បានចាត់ទុកអត្រាកំណើនសេដ្ឋកិច្ច ៣,៥% ដែលថៃទទួលបានថា ជាកំណើនសេដ្ឋកិច្ចដែលនៅផុយស្រួយ។ មានកត្តាសំខាន់ចំនួន ២ ដែលបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចថៃផុយស្រួយ ទី១ នយោបាយសេដ្ឋកិច្ចគ្មានប្រសិទ្ធិភាពរបស់របបសឹក និងទី២ គឺអស្ថិរភាពនយោបាយផ្ទៃក្នុងដែលកំពុងបន្តមាន នោះបើទោះជារបបសឹកទើបបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មី និងសន្យារៀបចំបោះឆ្នោតនៅឆ្នាំ ២០១៧ ក៏ដោយ៕

ប្រភព៖ RFI


​ថៃ៖ រដ្ឋាភិបាលព្យាយាមនិយាយធានាអ្នកវិនិយោគបរទេសដែលបារម្ភពីស្ថានភាពការណ៍នយោបាយផ្ទៃក្នុង

ហ្វីលីពីនជំរុញអារ៉ាប៊ីសាអូឌីតអោយជួយពលករ ១១០០០ នាក់ ដែលជាប់ខ្លួននៅអារ៉ាប៊ីសាអូឌីត

​ថៃ៖ រដ្ឋាភិបាលព្យាយាមនិយាយធានាអ្នកវិនិយោគបរទេសដែលបារម្ភពីស្ថានភាពការណ៍នយោបាយផ្ទៃក្នុង

ករណីមន្រ្តីសំខាន់ៗបាញ់សម្លាប់គ្នាឯង, នាយករដ្ឋមន្រ្តីវៀតណាម ចុះទៅកន្លែងកើតហេតុប្រកាសស៊ើបអង្កេតដោយផ្ទាល់