ហ្វីលីពីនជំរុញអារ៉ាប៊ីសាអូឌីតអោយជួយពលករ ១១០០០ នាក់ ដែលជាប់ខ្លួននៅអារ៉ាប៊ីសាអូឌីត

មន្ត្រីទូតហ្វីលីពីនបានជួបអាជ្ញាធរអារ៉ាប៊ីសាអូឌីត ជំរុញអោយអារ៉ាប៊ីសាអូឌីត អនុវត្តវិធានការជួយពលករហ្វីលីពីន១ម៉ឺន១ពាន់នាក់ ដែលកំពុងជាប់ខ្លួននៅអារ៉ាប៊ីសាអូឌីត។ ពលករទាំងនេះ អ្នកខ្លះខានទទួលប្រាក់ខែច្រើនខែមកហើយ ខ្លះទៀតគ្មានប្រាក់បង់លិខិតអនុញ្ញាត ដើម្បីត្រលប់ទៅហ្វីលីពីនវិញទេ។

ក្នុងចំណោមពលករហ្វីលីពីន១ម៉ឺន១ពាន់នាក់ ដែលជាប់ខ្លួននៅអារ៉ាប៊ីសាអូឌីត ភាគច្រើនបម្រើការផ្នែកសំណង់។ ក្រុមហ៊ុនពួកគេជួបបញ្ហាហិរញ្ញវត្ថុ ខានបើកប្រាក់ខែអោយពួកគេរាប់ខែមកហើយ អ្នកខ្លះខានទទួលប្រាក់ខែរហូត៨ខែឯណោះ។

លោក អ៊ីរីក អារីបាស ជាមន្ត្រីទូតហ្វីលីពីននៅក្រុងរីយ៉ាត បានប្រើរហូតពាក្យថា “វិបត្តិមនុស្សធម៌” ព្រោះមានពលករហ្វីលីពីនខ្លះ ដាច់បាយ ដោយសារលែងមានប្រាក់ទិញបាយបរិភោគ។ បណ្ណស្នាក់នៅអារ៉ាប៊ីសាអូឌីត របស់ពលករហ្វីលីពីនទៀតសោតបានផុតសុពលភាព។ ពលករមិនអាចត្រលប់ទៅស្រុកកំណើតវិញ ព្រោះសូម្បីសេវាដែលធ្វើលិខិតអនុញ្ញាតអោយពួកគេត្រលប់ទៅហ្វីលីពីនវិញ ក៏ទាមទារប្រាក់កម្រៃដែរ។

ដោយសារបញ្ហាទាំងអស់នេះ កាលពីដើមខែសីហា ព្រះមហាក្សត្រសាល់ម៉ាន់ បានចាត់វិធានការជួយពលករ ដោយធ្វើការលើកលែងប្រាក់ពិន័យ សម្រាប់អ្នកដែលមានបណ្ណស្នាក់នៅផុតសុពលភាព។ វិធានការរបស់ព្រះចៅសាល់ម៉ាន់ ក៏គ្រោងជួយចេញថ្លៃយន្តហោះអោយពលរករដែលចង់ត្រលប់ទៅស្រុកកំណើតវិញដែរ។ ប៉ុន្តែ វិធានការទាំងនេះនៅមិនទាន់អនុវត្តនៅឡើយ ទើបមន្ត្រីទូតហ្វីលីពីនបានជួបអាជ្ញាធរអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ជំរុញអោយមានការអនុវត្តវិធានការទាំងនេះ។

ក្រៅពីពលករហ្វីលីពីន ក៏មានពលករប៉ាគីស្ថានរាប់ពាន់នាក់ដែរ ដែលកំពុងជាប់ខ្លួននៅអារ៉ាប៊ីសាអូឌីត។ តម្លៃប្រេងកាតបានធ្លាក់ថ្លៃ ធ្វើអោយចំណូលបានមកពីប្រេងរបស់អារ៉ាប៊ីសាអូឌីត២ឆ្នាំមកនេះ ធ្លាក់ចុះខ្លាំង ប៉ះពាល់ដល់ក្រុមហ៊ុនសំណង់ផ្សេងៗ។ ក្រុមហ៊ុនសំណង់ទាំងនេះ ពឹងផ្អែកលើកិច្ចសន្យាសាធារណៈ៕

ប្រភព៖ RFI


Related Posts