“តំបន់​អភិរក្ស​ព្រៃឈើ​នៅ​ជួរ​ភ្នំក្រវាញ​កំពុង​រង​ការ​កាប់​បំផ្លាញ”

ពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ធនធាន​ធម្ម​ជាតិ​នៅ​កម្ពុជា អះអាង​ថា តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ដែល​ជា​អតីត​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល កំពុង​កើត​មាន​បទល្មើស​ព្រៃឈើ​ធ្ងន់ធ្ងរ។ មន្ត្រី​ឧទ្យាន​រក្ស​បរិស្ថាន​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នេះ​ពិត​ជា​កើត​មាន​ច្រើន​លំបាក​នឹង​ទប់ស្កាត់ ដោយ​ខ្វះ​មធ្យោបាយ និង​កម្លាំង​ដើរ​ល្បាត។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា បទល្មើស​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ស្រុក​ថ្មបាំង និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ ប្រធាន​អង្គការ​នេះ​សង្ស័យ​ថា អង្គការ​ខ្លះ​ត្រូវរ៉ូវ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ដើម្បី​បើក​ដៃ​ឲ្យ​មាន​បទល្មើស។

ប្រធាន​អង្គការ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ លោក ជា ហ៊ាន មាន​ប្រសាសន៍​ថា ក្រុម​ឈ្មួញ ឬ​ជនល្មើស​បាន​ជួល​រទេះ​គោយន្ត​ដើម្បី​ជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ព្រៃ​ទៅ​កាន់​ផ្លូវ​ជាតិ​នានា ឬ​តំបន់​វាល​ដែល​អាច​រថយន្ត​ធុន​ធំ​ដឹក​បន្ត​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទាន់ហន់ និង​ច្រក​ភ្នំ​ឌិន ខេត្ត​តាកែវ។ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា លោក​ថា នឹង​ចុះ​ល្បាត​តាម​តំបន់​ដែល​ធ្លាប់​មាន​បទ​ល្មើស​ជា​ថ្មី​ទៀត។

លោក ជា ហ៊ាន៖ «បើ​សិន​ជា​រក​ឃើញ​ថា នៅ​តំបន់​ទាំង​នោះ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទៀត ខ្ញុំ​នឹង​ស្នើ​សុំ​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី​ឲ្យ​ចាត់​ក្រុម​អធិការកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​អង្កេត ហើយ​បើ​អង្គភាព​ចុះ​អង្កេត​មិន​មាន​ឃើញ​ថា មន្ត្រី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ ខ្ញុំ​នឹង​សុំ​ប្ដឹង​ទៅ​ប្រទេស​ផ្ដល់​ជំនួយ ដើម្បី​សុំ​ផ្ដាច់​ជំនួយ​តែ​ម្ដង ដោយ​ហេតុ​ថា យើង​ជំនួយ​ពី​បរទេស​មក​ច្រើន​ណាស់​រាប់​លាន​ដុល្លារ ហើយ​យក​ការពារ​ព្រៃឈើ ទី​បំផុត​ព្រៃឈើ​ក៏​អស់​លុយ​ក៏​អស់»

លោក​បន្ថែម​ថា ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ដែល​លាត​សន្ធឹង​ជាប់​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​កោះកុង មាន​ការ​កាប់​បំផ្លាញ​ខ្លាំង​ជាង​គេ គឺ​នៅ​ចំណុច​ម៉ាំង​ស្រលៀង អូរ​ល្ហុង ច្រេស និង​ចំណុច​ស្រងាំជ្រុំ។ លោក​សង្ស័យ​ថា អង្គការ​វ៉ាយអេត (Wild Aid) និង ស៊ី.អាយ (C.I) ដែល​ធ្វើ​ការ​​ជាមួយ​មន្ត្រី​ជំនាញ​ជា​អ្នក​បើក​ដៃ​ឲ្យ​ជនល្មើស ព្រោះ​កន្លង​ទៅ​បង្ក្រាប​បាន​តែ​បទល្មើស​តូចតាច តែ​បទល្មើស​ធំៗ​មិន​ដែល​បង្ក្រាប​បាន​ទេ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា រទេះ​គោយន្ត​ដឹក​ឈើ​ធ្នង់ បេង នាងនួន និង​ប្រភេទ​ឈើ​ចម្រុះ​សម្រាប់​សង់​ផ្ទះ​យ៉ាង​តិច ១៣​គ្រឿង​ក្នុង​១​យប់ បាន​បើក​ចេញ​ពី​តំបន់​អូរត្រាវ ទឹក​ក្រហម នៃ​ជួរ​ភ្នំក្រវាញ មក​ទម្លាក់​ឈើ​ដាក់​ឡាន​ធំៗ​នៅ​ចំណុច​ស្ពាន​ដែក នៃ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ មិន​ដែល​លស់​ថ្ងៃ​ណា​មួយ​ឡើយ៖ «និយាយ​រួម​ឈើ​ចេញ​ពី​ខាង​ពោធិ៍សាត់ មក​ទាំង​អស់ បើ​ខាង​នៅ​កំពង់ស្ពឺ យើង​នេះ​វា​អស់​ហើយ​និយាយ​តាម​មើល​ឃើញ! ព្រួយ​បារម្ភ​ចេះ​តែ​បារម្ភ​ហើយ ឥឡូវ​នេះ​រាំងស្ងួត​អត់​មាន​ទឹក​ធ្វើ​ស្រែ​ទេ ខ្យល់​ក៏​ខ្លាំង ពេល​អស់​ព្រៃឈើ​ទៅ។ សំណូមពរ​ឲ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ជួយ​ការ​ពារ​កុំ​ឲ្យ​យក​តែ​លុយ ហើយ​ខាង​ព្រៃឈើ​មិន​ការពារ។ ក្រសួង​បរិស្ថាន​ជួយ​មើល​ផង»

ទាក់ទង​បញ្ហា​នេះ​ប្រធាន​ក្រុម​ល្បាត និង​ជា​មន្ត្រី​ឧទ្យាន​រក្ស​បរិស្ថាន​ស្រុក​ភ្នំក្រវាញ លោក ប្រាក់ ស៊ីឡេង ថ្លែង​ថា ករណី​បទល្មើស​ព្រៃឈើ​នៅ​ជួរ​ភ្នំក្រវាញ​ពិត​ជា​កើត​មាន​ច្រើន ក្នុង​នោះ​ក៏​មាន​ទីតាំង​ដាក់​ម៉ាស៊ីន​អារ និង​ច្រៀក​ឈើ​ធំៗ​មួយ​ចំនួន​ដែរ។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​សកម្មភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​មន្ត្រី​នាយកដ្ឋាន​នៃ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​កាល​ពី​សប្ដាហ៍​មុន៖ «កម្លាំង​ពួក​ខ្ញុំ​នៅ​តែ​ល្បាត​ជា​ប្រចាំ ប៉ុន្តែ​ដោយ​ខែ​នេះ​ភ្លៀង​ច្រើន ហើយ​ផ្លូវ​លំបាក។ កម្លាំង​នៅ​កន្លែង​ខ្ញុំ​រាល់​ថ្ងៃ​មាន​បួន​នាក់​បង ហើយ​យើង​ផ្លាស់​ប្ដូរ​គ្នា​ខ្លះ ហើយ​ខ្លះ​ឈឺ​គ្រុន​ចាញ់ ព្រោះ​ខែ​នេះ​ជា​ខែ​ភ្លៀង​ធ្លាក់ អ៊ីចឹង​យើង​ល្បាត​មិន​បាន​ដិត​ដល់​ដែរ ទទួល​ស្គាល់​លើ​ចំណុច​ហ្នឹង ដោយសារ​យើង​ខ្លះ​កម្លាំង ហើយ​ខ្វះ​លទ្ធភាព»

រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល ដែល​មាន​ផ្ទៃ​ដី​ទំហំ​ជាង​បួន​សែន​ហិកតារ (៤០១.៣១៣)។ តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​នេះ ឋិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។