​បក្សប្រឆាំង ត្រៀម​មេធាវី​ប្តឹង​ជនបរទេស​ខុសច្បាប់ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត និពន្ធដោយ : ម៉ៅ សុផា       August-19-2016, 3:55 pm         452

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​បក្សប្រឆាំង ត្រៀម​មេធាវី​ប្តឹង​ជនបរទេស​ខុសច្បាប់ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឲ្យ​មេធាវី ប្តឹងទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) និង​តុលាការ ចំពោះ​ជនបរទេស​ទាំងឡាយណា ដែល​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​ខុសច្បាប់ ហើយ​យកទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​ឲ្យ​ស្រាវជ្រាវ និង​ចាត់វិធានការ ចំពោះ​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​ខុស​នីតិវិធី​នៃ​ច្បាប់​។ លើសពីនេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ នឹង​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ចំពោះ​ចំណាត់ការ​ខាងលើ​។

​ក្រៅពី​គម្រោង​នៃ​ការសុំ​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ស្នើ​ទៅ​ក្រសួងយុត្តិធម៌​ផងដែរ ដើម្បី​សុំ​ឲ្យ​ផ្តល់​បញ្ជី​ឈ្មោះ​ជនបរទេស​ខុសច្បាប់ ដែល​ទទួលបាន​អត្ត​សញ្ជាតិ​ខ្មែរ តាមរយៈ​សញ្ជាតូបនីយកម្ម ដោយ​មិន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។

​ម្យ៉ាងទៀត គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ភ្នាក់ងារ​សង្កេតការណ៍​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ឃ្លាំមើល​ដំណើរ​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​ប្តឹង​ជំទាស់​និង​ប្តឹងតវ៉ា នូវ​ភាពមិនប្រក្រតី​ទាំងឡាយ ដែល​កើតឡើង​។​

​បក្សប្រឆាំង បាន​បញ្ជាក់ថា វិធានការ​ទាំងនេះ នឹង​អាច​ជំរុញ ឲ្យ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ ប្រព្រឹត្ត​ទៅដោយ​រលូន​៕