១៥​នាទី​​​លើក​ទឹក​ចិត្ត​​យុវជន​ ឲ្យ​សម្រេច​ក្ដី​ស្រមៃ​ខ្លួន​

កម្មវិធី​ Youth With Impact ​​ ចែក​រំលែក​រឿង​រ៉ាវ​អស្ចារ្យ​​ផ្ទាល់​ខ្លួន និង​ជា​​​​បទ​ពិសោធន៍​​​​ប្លែក​ៗ​ទៅ​​ដល់​សាធារណជន ពី​យុវជន​មាន​ទេពកោសល្យ​ចំនួន​៥​នាក់​​​​​​ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​​យប់​ថ្ងៃ​​ព្រហស្បតិ៍​ម្សិល​មិញ នៅ​​​អង្គការ​ Impact Hub ភ្នំពេញ។ ​​កម្មវិធី​ដែល​​​​បាន​រៀប​ចំ​​ឡើង​​​នោះ ​មាន​គោល​បំណង​​សំខាន់​ក្នុង​លើក​​កម្លាំង​ចិត្ត​​ដល់​អ្នក​ចូល​រួម​ ឲ្យ​ចេះ​​សម្រេច​​​​ក្ដី​ស្រមៃ​របស់​ខ្លួន។ ​​​​

 

១៥​នាទី​​​លើក​ទឹក​ចិត្ត​​យុវជន​ ឲ្យ​សម្រេច​ក្ដី​ស្រមៃ​ខ្លួន​

 

​រយៈ​ពេល​១៥​នាទី សម្រាប់​​វាគ្មិន​នី​មួយ​ៗ​​​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ខុស​ៗ​គ្នា​​​ តាម​រយៈ​​ប្រធាន​បទ​របស់​ខ្លួន ដោយ​​​​​​​​​នូវ​អ្វី​ដែល​ខ្លួន​ជួប​ប្រទះ និង​ការ​ដោះ​ស្រាយ​​ឧបសគ្គ​​នានា​​មុន​នឹង​សម្រេច​បាន​បំណង​ប្រាថ្នា។

 

នៅ​ក្នុង​ប្រធាន​បទ​មួយ​​ឈ្មោះ ” បង្កើត​​ក្ដី​សុបិន​ ដើម្បី​សម្រេច​បំណង-ឥទ្ធិពល​នៃ​បាល់​ទាត់” របស់​​​​វាគ្មិន​​មួយ​រូប​ក្នុង​កម្មវិធី​ខាង​លើ​គឺ កញ្ញា សេង សុជាតា បាន​បង្ហាញ​ពី​​​​ការ​ស្រលាញ់​ចូល​ចិត្ត​​ផ្នែក​កីឡា​បាល់​ទាត់​របស់​នាង។ ជា​មួយ​នឹង​ការ​ជម្នះ​នឹង​ទស្សនៈ​ថា​​​មនុស្ស​ស្រី​មិន​អាច​លេង​កីឡា​ បាន​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ផ្លាស់​ប្ដូរ​។ ​​​
​​
ខ្លឹម​សារ​​សង្ខេប​នៃ​បទ​ពិសោធ​របស់​​និស្សិត​ឆ្នាំ​ទី​១ នៃ​ដេប៉ាតេម៉ង់ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​និង​សារ​គមនាគមន៍ (DMC) បាន​​បង្ហាញ​តាម​រយៈ​វីដេអូ​ឃ្លីប​​​​ថា កញ្ញា​​ជា​ក្មេង​ស្រី​​​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត​បាត់​ដំបង ដែល​នៅ​ឆ្ងាយ​ពី​សាលា​រៀន។ បទ​ពិសោធន៍​ជីវិត​​ដែល​​កញ្ញា​​​​ឆ្លង​កាត់​ចាំ​មិន​​​ភ្លេច​នោះ​គឺ នៅ​ពេល​​ឪពុក​ម្ដាយ​បាន​​​​​ផ្ចុងផ្ដើម​ឲ្យ​រៀប​ការ​​ ជា​មួយ​មនុស្ស​ដែល​​កញ្ញា​មិន​​ដែល​ស្គាល់ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ហើយ​ពេល​នោះ យុវតី​រូប​នេះ​​ទើប​តែ​មាន​​វ័យ​​១៤​ឆ្នាំ​ប៉ុណ្ណោះ។ ​​​

 

ទោះ​យ៉ាង​ណា​ក្ដី ដោយ​សារ​​ការ​​​ចិញ្ចឹម​ចិត្ត​ឲ្យ​តម្លៃ​លើ​ការ​អប់​រំ កញ្ញា​​​​​​ព្យាយាម​​​និយាយ​ជា​មួយ​ឪពុក​​ម្ដាយ​ ថា​​​ចង់​បន្ត​ការ​សិក្សា ទោះ​បី​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក៏​ដោយ។

 

នា​ថ្ងៃ​មួយ មាន​អង្គការ​​ឈ្មោះ​ ស្មារតី​នៃ​អ្នក​កីឡា បាន​ចុះ​ទៅ​ភូមិ​របស់​កញ្ញា​ និង​បង្រៀន​ក្មេង​ៗ​ ពី​បំណិន​ជីវិត​ ឲ្យ​ស្គាល់​ពី​​គ្រោះ​ថ្នាក់​​​នៃ​គ្រាប់​មីន​​ ដោយ​ងាក​​​ទៅ​លេង​កីឡា​បាល់​ទាត់​។ នៅ​ពេល​នោះ​ហើយ ដែល​កញ្ញា​មាន​ចំណាប់​អារម្មណ៍​ចូល​ចិត្ត​បាល់​ទាត់ ហើយ​អង្គការ​ដដែល​ក៏​បាន​​ហៅ​កញ្ញា​ឲ្យ​ចូល​រួម កម្មវិធី​បាល់​ទាត់​មួយ​ឈ្មោះ​​បាល់​ទាត់​នៃ​ក្ដី​សង្ឃឹម​​ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង នៅ​ឆ្នាំ​២០១០។ ​​​​​​

 

ទៅ​ដល់​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កញ្ញា​បាន​រៀន​ពី​បទ​ពិសោធន៍​​នៃ​មនុស្ស​ជា​ច្រើន​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល ​មាន​បញ្ហា ដូច​ជា សង្គ្រាម​ ជំងឺ តែ​​មនុស្ស​ទាំង​នោះ​​មិន​ចុះ​ចាញ់ និង​ខំ​ប្រឹង​ផ្លាស់​ប្ដូរ​​​ជីវិត​របស់​ខ្លួន ​។ ជា​មួយ​ការ​រៀន​ពី​បទ​ពិសោធន៍​នោះ ពេល​ត្រលប់​មក​កម្ពុជា​វិញ កញ្ញា​បាន​​​បាន​ជំរុញ​ចិត្ត​​ ខិត​ខំ​ប្រឹង​រៀន​ និង​ជម្នះ​បញ្ហា​ដែល​ជួប​ប្រទះ ដែល​ជា​ទស្សនៈ​ថា​ស្ត្រី​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ នៅ​ផ្ទះ មាន​គ្រួសារ​ មើល​ថែ​កូន។

 

ដោយ​ការ​ខិត​ខំ​ព្យាយាម​រៀន​សូត្រ​ និង​ការ​ចូល​រួម​ក្នុង​សង្គម ​បញ្ចេញ​សមត្ថភាព​​ផ្នែក​កីឡា​បាល់​ទាត់ បង្ហាញ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ យុវតី​អ្នក​ខេត្ត​បាត់​ដំបង​រូប​នេះ ​ក៏​មាន​ឱកាស​​​ចូល​រួម​​​ក្នុង​កម្មវិធី​​ស្ត្រី​​អស្ចារ្យ។ កម្មវិធី​នោះ​បាន​ធ្វើ​ឲ្យ​នាង​​មាន​ឱកាស​ទៅ ​ប្រទេស​​ជា​ច្រើន​នៅ អឺរ៉ុប អាហ្វ្រិក​ខាង​ត្បូង អាមេរិក​ រុស្ស៊ី និង​អាហារូបករណ៍​សិក្សា​នៅ​សហរដ្ឋអាមេរិក​មួយ​ឆ្នាំ។ ត្រលប់​មក​វិញ​កម្ពុជា​វិញ កញ្ញា​បាន​​ដាក់​ពាក្យ​​​ប្រលង​នៅ​ ដេប៉ាតេម៉ង់ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​និង​សារ​គមនាគមន៍ ដោយ​មាន​ទស្សនៈ​វិស័យ​​ ចង់​បង្ហាញ​ផ្សព្វ​ផ្សាយ​ពី​​បញ្ហា​សង្គម លើក​ស្ទួយ​​ស្ត្រី និង​វិស័យ​កីឡា។

 

ជា​ចុង​ក្រោយ​កញ្ញា មាន​មោទនភាព​អាច​បន្ត​ការ​សិក្សា និង​ជា​មនុស្ស​ដំបូង​គេ​​​ក្នុង​គ្រួសារ​ដែល​បញ្ចប់​ថ្នាក់​ទី​១២ និង​ឱកាស​ទៅ​ស្គាល់​​ប្រទេស​ក្រៅ ។ ជា​សារ​​​​​ដល់​យុវជន កញ្ញា​បាន​​ផ្ដាំ​​ផ្ញើ​ថា​៖ “សម្រាប់​អ្នក​មាន​ក្ដី​ស្រមៃ នៅ​តែ​បន្ត​ដើរ​ទៅ​មុខ ទោះ​បី​មាន​ឧបសគ្គ​មក​រាំ​រាំង​យ៉ាង​ណា​ក៏​ដោយ។ ហើយ​សម្រាប់​​អ្នក​មិន​ទាន់​មាន​ក្ដី​ស្រមៃ ចេះ​បង្កើត​ក្ដី​ស្រមៃ​ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្លួន​ និង​ចេះ​ឲ្យ​តម្លៃ​​លើ​ការ​អប់​រំ និង​កីឡា “។ ​​​​​​​​​

 

គួរ​រំលឹក​ផង​ដែរ ថា​​កម្មវិធី​ខាង​លើ​បាន​ធ្វើ​ឡើង នៅ​អង្គការ Impact Hub ភ្នំពេញ។ នៅ​ទី​នោះ​​​ជា​កន្លែង​ធ្វើ​ការ​រួម​មួយ​ ដែល​​​​សាធារណជន​អាច​ជួប​​ផ្ទាល់​នឹង​មនុស្ស​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ ក្នុង​គោល​បំណង​​​ជំរុញ​លើក​ទឹក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក ការ​ជួយ​គាំ​ទ្រ​​ដល់​សហគ្រិន​វ័យ​ក្មេង​​​ ​និង​​មាន​រៀប​ចំ​កម្មវិធី​ សិក្ខា​សាលា​អប់​រំ និង​ការ​ជជែក​ពិភាក្សា​​ផ្សេង​ៗ​ផង​ដែរ៕

 

១៥​នាទី​​​លើក​ទឹក​ចិត្ត​​យុវជន​ ឲ្យ​សម្រេច​ក្ដី​ស្រមៃ​ខ្លួន​

អត្ថបទ៖ មាន រតនា​​​