យុវជន Robot កំពូលតូច ជំនាញស្វែងរក និងកម្ចាត់កោសិកាមហារីក

អ្នកស្រាវជ្រាវមួយក្រុមរបស់កាណាដា បានអភិវឌ្ឍន៍ប្រភេទ Robot ជីវសាស្ត្រកំពូលតូចមានសមត្ថភាពដឹកជញ្ជូនឱសថពិសេស ទៅចំកន្លែងដែលកោសិកាមហារីកកំពុងធ្វើសកម្មភាព ។

តាម Phys.org នៅថ្ងៃទី ១៥ សីហា បណ្តាអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យពហុបច្ចេកទេស Montreal និងសកលវិទ្យាល័យ Mc Gill ប្រទេសកាណាដា បានរកឃើញវិធីសាស្ត្រប្រើប្រាស់ Robot ជីវសាស្ត្រ ដែលមានទំហំប៉ុនម៉ូលេគុល និងអាចបំពាក់ជាប់ខ្លួនឱសថពិសេស រួចលុកលុយតាមបណ្តាសរសៃឈាម ធ្វើការស្វែងរក និងកម្ចាត់កោសិកាមហារីក ។

វិធីសាស្ត្រនេះ ធានាបាននូវប្រសិទ្ធភាពជាអតិបរមា ចំពោះដុំពកដែលជាគោលដៅ កាត់បន្ថយគ្រោះថ្នាក់ដល់ផ្នែកផ្សេងៗរបស់សរីរាង្គ ជាអាទិ៍ៈ បណ្តាសាច់ដុំល្អដែលនៅជុំវិញ ។ វិធីសាស្ត្រនេះ ត្រូវបានចាត់ទុកជារបកគំហើញលោតផ្លោះ ក្នុងវិស័យស្រាវជ្រាវព្យាបាលមហារីក ។

សាស្ត្រាចារ្យ Sylvain Martel ប្រធានក្រុមប្រឹក្សាស្រាវជ្រាវ Robot nano វេជ្ជសាស្ត្រ មកពីសកលវិទ្យាល័យពហុបច្ចេកទេស Montreal ប្រាប់ឲ្យដឹងថាៈ “បណ្តា Robot ជីវសាស្ត្រទាំងនេះ អាចនាំយកឱសថជ្រៀតចូលជ្រៅទៅក្នុងបណ្តាដុំពក” ។

ក្រៅពីនោះ Robot ជីវសាស្ត្រទាំងនេះ នៅអាចរកឃើញដោយស្វ័យប្រវត្តិបណ្តាតំបន់ដែលកោសិកាមហារីកកំពុងលូតលាស់ តាមរយៈយន្តការពិសេសមួយហៅថា “hypoxic zone” ។ “hypoxic zone” គឺជាតំបន់ខ្វះអុកស៊ីហ្សែន ព្រោះតែការលូតលាស់នៃកោសិកាមហារីកវាស្រូបយកអុកស៊ីហ្សែនហួសកំរិត ។ តាមរយៈការរកឃើញដោយស្វ័យប្រវត្តិនេះ Robot ទាំងនោះនឹងនាំឱសថទៅ “អស័យដ្ឋាន” ។ បច្ចុប្បន្ននេះ ពុំអាចចូលទៅដល់បានឡើយ ។

ចលនារបស់ Robot ជីវសាស្ត្ររបស់ក្រុមស្រាវជ្រាវផ្អែកលើកយន្តការធម្មជាតិ២ ។ ទីមួយគឺប្រភេទត្រីវិស័យដែលតាមនោះ វាចលនាតាមមេដែកបញ្ជាដោយកុំព្យូទ័រ ។ ទី២គឺ Sensor វាស់ស្ទង់កំរិតអុកស៊ីហ្សែនបង្កលក្ខណៈឲ្យពួកវារុករកតំបន់ “hypoxic zone” ។

សាស្ត្រាចារ្យ Martel ឲ្យដឹងថាៈ “ការព្យាបាលដោយគីមី វាពិតជាបំពុលដល់សរីរាង្គទាំងមូលមុននេះ អាចត្រូវបានជំនួសដោយ robot ជីវសាស្ត្រ ដែលនាំឱសថទៅចំដុំពក ។ វាជួយបញ្ចៀសបាននូវប្រតិកម្មបន្ទាប់បន្សំ ដែលអាក្រក់ផង ហើយបង្កើនប្រសិទ្ធភាពព្យាបាលផង” ៕


Related Posts