សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្ទឹងត្រែង​ចោទ​អាជ្ញាធរ​ថា​ដាក់​កម្លាំង​ការពារ​អ្នក​កាប់​ព្រៃ​រាន​យក​ដី

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រសាទ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ដោយ​ក្រុម​អ្នក​មាន​ឥទ្ធិពល​ដណ្ដើម​កាប់​រាន​ដី​ព្រៃ​សហគមន៍ និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ​នៅ​អម​សងខាង​ផ្លូវ​ទៅ​ឃុំ​ចម្ការលើ ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន និង​ធ្វើ​អាជីវកម្ម។ លើស​ពី​នេះ ក៏​មាន​មន្ត្រី​អាវុធហត្ថ​ពីរ​នាក់​យក​តួនាទី​ការពារ​ឈ្មួញ​ទាំង​នោះ​ទៀត​ផង។  មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ប្រសិនបើ​មន្ត្រី​អាវុធហត្ថ​យក​តួនាទី​កាង​ឈ្មួញ​កាប់​ព្រៃ​រាន​យក​ដី គឺ​ជា​ទង្វើ​ល្មើសច្បាប់។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រាសាទ ឲ្យ​ដឹង​ថា ក្រុម​ល្បាត​ព្រៃ​សហគមន៍​ប្រទះ​ឃើញ​មន្ត្រី​អាវុធហត្ថ​ពីរ​នាក់ បាន​យក​តួនាទី​ការពារ​ឈ្មួញ​កាប់​ព្រៃ​សហគមន៍​រាន​យក​ដី​ត្រង់​ចំណុច​ទួល​អូរអណ្តើក ជាប់​ផ្លូវ​ទៅ​ឃុំ​ចម្ការលើ។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ​មាន​ក្រុម​កម្មករ​មួយ​ក្រុម​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ឬ​ត្រង់ស៊ីន័រ​មួយ​គ្រឿង ខ្លះ​ប្រើ​ពូថៅ និង​កាំបិត​កាន់​រាន​ព្រៃ​សហគមន៍​អស់​ប្រហែល​ជាង ៣​ហិកតារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា។

​ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​ប្រសាទ លោក សៅ សំអាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ក្រុម​ល្បាត​ព្រៃ​សហគមន៍ មិន​ហាន​ទប់ស្កាត់​ករណី​នេះ​ទេ ខណៈ​មន្ត្រី​អាវុធហត្ថ​ពី​នាក់​នោះ​កំពុង​យាម​ការពារ​ឈ្មួញ។ លោក​ថា សហគមន៍​នឹង​ធ្វើ​របាយការណ៍​ករណី​នេះ ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដកហូត​ដី​ដែល​ឈ្មួញ​កាប់​ទន្ទ្រាន​នោះ​ជា​សម្បត្តិ​សាធារណៈ​វិញ។

លោក​ថា សហគមន៍​បាន​រាយការណ៍​ករណី​នេះ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខែត្រ​ស្ទឹងត្រែង តែ​ពុំ​ឃើញ​មាន​ការ​អន្តរាគមន៍​នោះ​ទេ។ លោក​បារម្ភ​ថា ប្រសិនបើ​មន្ត្រី​ជំនាញ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិន​ទប់ស្កាត់​ករណី​នេះ​ឲ្យ​ទាន់​ពេល​ទេ ការ​បំផ្លាញ​ព្រៃ​នេះ​នឹង​កាន់​តែ​រីក​ធំ​ឡើង ហើយ​ចលនា​បំផ្លាញ​តំបន់​ផ្សេង​ទៀត​អាច​នឹង​កើត​មាន៖ «គេ​កំពុង​តែ​ធ្វើ​ការ​កាប់​ហើយ​មាន​ទាំង​ប្រើ​ម៉ាស៊ីន​រណា​យន្ត​ផង កាប់​ដៃ​ផង ហើយ​មាន​កម្លាំង​សមត្ថកិច្ច​ដូច​ប៉េអឹម​ឈរ​ចាំ​នៅ​ហ្នឹង ហើយ​ចត​ឡាន​មួយ​នៅ​ហ្នឹង​ដល់​អ៊ីចឹង​ខាង​ពួក​ខ្ញុំ​មិន​ហាន​ចូល​ឃាត់ ឬ​សួរ​នាំ​អី​ទេ​ខ្លាច​មាន​គ្រោះថ្នាក់»

នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា មិន​ធ្វើ​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់រវល់។

មេ​ឃុំ​អូររី អ្នកស្រី ហែម សារី បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ស្រុក​រួច​ហើយ។ អ្នកស្រី​ថា កន្លង​ទៅ​អាជ្ញាធរ​ឃុំ​ធ្លាប់​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ និង​ហាម​មិន​ឲ្យ​កាប់​រាន​ដី​ព្រៃ​សហគមន៍ តែ​ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​តែ​មានៈ​លួច​កាប់​រាន​ពង្រីក​ព្រៃ​ដី​ធ្វើ​កសិកម្ម។ អ្នកស្រី​សង្ស័យ​ថា សកម្មភាព​កាប់​រាន​ភាគ​ច្រើន​នៅ​ជាប់​ផ្លូវ​គឺ​អាច​ពាក់ព័ន្ធ​អ្នក​មាន​ឥទ្ធិពល​នៅ​ពី​ក្រោយ​ខ្នង ហើយ​អាជ្ញាធរ​មូលដ្ឋាន​លំបាក​រក​មធ្យោបាយ​ទប់ស្កាត់៖ «វិធានការ​ខ្ញុំ​អត់​អាច​ទប់ស្កាត់​ឈ្នះ​ទេ​លោក។ ព្រោះ​អី​ខ្ញុំ​ទាក់ទង មាន​បញ្ហា​ខ្ញុំ​ចង់​រាយការណ៍​ទៅ​ខាង​មេព្រៃ។ ទៅ​ខាង​ស្រុក​គាត់​មាន​អំណាច​ជាង ព្រោះ​ខាង​ឃុំ​គេ​ពុំ​សូវ​ស្ដាប់​ទេ»

ព្រៃ​សហគមន៍​ភ្នំ​ប្រាសាទ​ឋិត​នៅ​ទិស​ខាងលិច​នៃ​ទី​រួម​ខែត្រ​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ជាង ១០​គីឡូម៉ែត្រ​នៅ​ត្រើយម្ខាង​នៃ​ទន្លេ​មេគង្គ។ សហគមន៍​នេះ​មាន​ផ្ទៃ​ដី​ជិត ៤​ពាន់​ហិកតារ (៣.៧២៣) ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៥។ ចំណែក​សហគមន៍​បាន​ស្នើ​សុំ​បន្ត​ទៀត​ទៅ​ថ្នាក់​ជាតិ ដើម្បី​ចុះ​បញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ប្រាសាទ​ជា​ដី​ព្រៃ​សមូហភាព​នៅ​ដើម​ឆ្នាំ​២០១៦ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ប្រសិនបើ​មន្ត្រី​អាវុធហត្ថ​យក​តួនាទី​កាង​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​រាន​យក​ដី គឺ​ជា​ទង្វើ​ខុសច្បាប់ និង​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា៖ «ប្រសិនបើ​យើង​ចង់​ថា បំបាត់​យើង​ចាប់​មក​ផ្ដន្ទាទោស​ឲ្យ​ឃើញ​មក។ អ្នក​ក្រោយ​លែង​ហាន​ហើយ​ទោះ​បី​មិន​លែង​ហាន​ក៏​ខ្លាចរអា​ដែរ តែ​មក​ដល់​ម៉ោង​នេះ​មិន​ទាន់​មាន​ឃើញ​ចាត់ការ​មន្ត្រី​ដែល​ឃុបឃិត ឧក្រិដ្ឋជន​ដែល​កាប់​បំផ្លាញ​ក៏​អត់​បាន​យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជា​គំរូ»

កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៦ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ចេញ​បទបញ្ជា​ហាម​មិន​ឲ្យ​មន្ត្រី​អាវុធហត្ថ​យក​តួនាទី​ការពារ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ដែល​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កងរាជអាវុធហត្ថ។ លោក​ជំរុញ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំង​អស់​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះត្រង់ និង​មាន​វិជ្ជាជីវៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។