ផ្លូវ​ទៅ​ឋានសួគ៌ ត្រាក់ទ័រ​ក្លាយជា​តាក់ស៊ី

ផ្លូវ​ទៅ​ឋានសួគ៌ ត្រាក់ទ័រ​ក្លាយជា​តាក់ស៊ី



ខេត្តបាត់ដំបង ៖ អស់​រយៈពេល​២​ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ឃុំ​បឹង​ប្រាំ​ត្អូញត្អែរ​អំពី​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​បំផុត លើ​កំណាត់​ផ្លូវ​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ពី​ភូមិ​-​ឃុំ​របស់​ខ្លួន ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៥៧B ត្រង់​ចំណុច​ឃុំ​អំពិល
ប្រាំ​ដើម ស្រុក​ប​វេ​ល ដោយសារ​តែ​កំណាត់​ផ្លូវ​នេះ​ស្ទើរ​ទាំងស្រុង​បាន​រង​ការ​ខូចខាត ដែល​កន្លែង​ខ្លះ​ស្ទើរ​ក្លាយជា​បឹង និង​កន្លែង​ខ្លះ​ទៀត​ជ្រៅ​ជាង​អូរ ។

ប្រជាពលរដ្ឋ​ឃុំ​បឹង​ប្រាំ​និយាយ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មិន​អាច​ជិះ​ម៉ូតូ ឬ​កង់​លើ​ដងផ្លូវ​នេះ​បាន​ទេ ព្រោះតែ​កំណាត់​ផ្លូវ​នេះ​ខូចខាត​ស្ទើរ​គ្រប់កន្លែង ។ គេ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ឬ​ត្រូវ​ជិះ​ត្រាក់ទ័រ​ឈ្នួល ហើយ​អ្នកដំណើរ​ត្រូវ​ចំណាយ​ប្រាក់​ពី​៥.០០០​រៀល​ទៅ​៧.០០០​រៀល​ក្នុង​ម្នាក់ ដើម្បី​ជិះ​ត្រាក់ទ័រ​ឈ្នួល​ពី​ឃុំ​បឹង​ប្រាំ​ដល់​ផ្លូវជាតិ​លេខ​៥៧B ក្នុង​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ។ នេះ​មិន​ទាន់​គិតថ្លៃ​ឈ្នួល​ដឹកស្រូវ អង្ករ ឬ​អីវ៉ាន់​ផ្សេង​ៗ​ទេ ។ ពលរដ្ឋ​បញ្ជាក់​ថា អ្នក​ដែល​មាន​កសិផល​ចង់​លក់ដូរ គឺ​ត្រូវ​ជួល​ត្រាក់ទ័រ​ដឹក​ទៅ​កាន់​ផ្លូវជាតិ​ទើប​អាច​មាន​ឈ្មួញ​ទិញ ។ ដូច្នេះ​ស្រប​ពេល​រដូវ​នេះ​ជា​រដូវវស្សា​ផង ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​បំផុត ក្នុង​ការ​ធ្វើ​ដំណើ​ចេញចូល​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

មេឃុំ​បឹង​ប្រាំ លោក ឈា នី បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ថា ទាំង​រូប​លោក ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​បឹង​ប្រាំ ពិតជា​កំពុង​ជួប​ការ​លំបាក​មែន ក្នុង​ការ​ធ្វើ​ដំណើរ​ចេញពី​ឃុំ​បឹង​ប្រាំ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ ។ ចម្ងាយ​ផ្លូវ​ត​ភ្ជាប់​ពី​ឃុំ​បឹង​ប្រាំ​ទៅ​កាន់​ផ្លូវជាតិ​លេខ​៥៧B មាន​ប្រវែង​ជាង​១០​គីឡូម៉ែត្រ តែ​ពេល​នេះ​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​តែ​ម្ដង ។ លោក​មេឃុំ​បន្ត​ថា សព្វថ្ងៃ​មាន​ត្រាក់ទ័រ​ប៉ុន្មាន​គ្រឿង​ដែរ ដែល​កំពុង​រត់​ឈ្នួល​ដូច​តាក់ស៊ី​លើ​កំណាត់​ផ្លូវ​នេះ ព្រោះ​ម៉ូតូ​ឬ​កង់​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។

លោក ឈា នី បន្ត​ថា កំណាត់​ផ្លូវ​នេះ​បាន​រង​ការ​ខូចខាត​រយៈពេល​២​ឆ្នាំ​មក​ហើយ ហើយ​លោក​ក៏​បាន​ធ្វើ​សំណើ​ទៅ​ថ្នាក់​ខេត្ត​រួច​ហើយ​ដែរ ដើម្បី​សុំ​ជួយ​ជួសជុល​បណ្ដោះអាសន្ន តែ​រហូត​មក​ដល់​ពេល​នេះ ថ្នាក់លើ​មិន​ទាន់​មានការ​ឆ្លើយ​តប​នៅឡើយ​ទេ​។ លោក​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នា​ពេល​ខាង​មុខ ខណៈ​ពេលវេលា​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ។

លោក ឈា នី ថ្លែង​ថា ពលរដ្ឋ​ក្នុង​ឃុំ​បឹង​ប្រាំ អាច​នឹង​ជួប​ផល​លំបាក​បំផុត នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ព្រោះ​ភាគច្រើន​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ផ្លូវ​ដែល​មាន​ស្ថានភាព​ដូច​បឹង ឬ ដូច​អូរ​នេះ ។

លោក ឈា នី មេឃុំ​បឹង​ប្រាំ បាន​អំពាវនាវ​ជា​ថ្មី​សុំ​ឱ្យ​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ពិនិត្យ និង​ជួយ​ជួសជុល​ជា​បណ្ដោះអាសន្ន​នូវ​កំណាត់​ផ្លូវ​ដ៏​កម្សត់​នេះ​ផង ទម្រាំ​ដល់​ការ​ចាប់ផ្ដើម​នូវ​គម្រោង​ស្ថាបនា​របស់​រាជរដ្ឋាភិបាល​ដែល​អាច​ប្រព្រឹត្ត​ទៅ​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ​នេះ ៕