​ចាប់ពីពេលនេះទៅ ជប៉ុននឹងបង្កើនថវិកាជាតិលើវិស័យការពារប្រទេស ជាពិសេសការអភិវឌ្ឍគ្រាប់មីស៊ីល

(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើសុំថវិកាជាតិប្រមាណ ៥,១៦ពាន់ពាន់លានយ៉េន ស្មើនឹងជាង ៥០ពាន់ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៧ខាងមុខនេះ ក៏ព្រោះតែខ្លួន ត្រូវបង្កើនសក្តានុពលលើវិស័យ ការពារជាតិ ទប់ទល់នឹងការបង្កហេតុដោយ យោធាចិននៅសមុទ្រចិនខាងកើត និងការបាញ់គ្រាប់មីស៊ីលសាកល្បង របស់កូរ៉េខាងជើង ដែលមិនអាចព្យាករណ៍ ទុកមុនបាន។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។

ការបង្កើនថវិកាជាតិនេះ គឺមានអត្រា ២,៣ភាគរយលើសថវិកា ឆ្នាំ២០១៦ ដែលមានត្រឹមតែ ៥,០៥ពាន់ពាន់ លានយ៉េនតែប៉ុណ្ណោះ។ បន្ថែមពីនេះទៀតប្រទេសជប៉ុន ក៏កំពុងតែធ្វើការអភិវឌ្ឍ ប្រព័ន្ធការពារ គ្រាប់មីស៊ីល PAC-3 ដែលមានតម្លៃ ១០០ពាន់លានយ៉េន ដើម្បីទុកជាខែលការពារសុវត្ថិភាពនៃដែនអធិបតេយ្យរបស់ខ្លួន ក្រោយពី ការបាញ់មីស៊ីល របស់កូរ៉េខាងជើង ធ្លាក់ចូលក្នុងដែនទឹករបស់ជប៉ុនកាលពីដើមខែសីហា កន្លងមកនេះ។

គួរបញ្ជាក់ថា លោកស្រីរដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មី ដែលកំពុងតែសកម្មក្នុងប្រតិបត្តិការខាងលើនេះ ក៏ធ្លាប់បានបញ្ជាក់រួចមកហើយថា ប្រទេសជប៉ុន មិនគួរត្រឹមតែមានអាវុធមីស៊ីលនោះទេ តែខ្លួនក៏គួរតែឈានទៅ ផលិតអាវុធនុយក្លេអ៊ែរផងដែរ ខណៈការគំរាមកំហែងពីប្រទេសជិតខាង បាននិងកំពុងតែកើនឡើងឥតឈប់ឈរ។ ការបង្កើនថវិកាជាតិលើវិស័យការពារប្រទេសនេះ មិនមែនជារឿងចម្លែកនោះទេ ព្រោះសូម្បីប្រទេសចិន និង កូរ៉េខាងជើង ក៏តែងតែបង្កើនថវិកាដូចគ្នាដែរ ហើយក្នុងភាគរយច្រើនជាងជប៉ុនទៅទៀត៕

ប្រភព៖ freshnewsasia


Related Posts