ក្មេងប្រុសរងគ្រោះនៅស៊ីរី ទប់ទឹកភ្នែកលែងជាប់ពេលជួបឪពុកម្តាយវិញ

ក្មេងប្រុសស៊ីរី អាយុ៥ឆ្នាំ ឈ្មោះ Omran Daqneesh ដែលបានក្លាយជានិមិត្តរូប នៃភាពភ័យខ្លាច និងសោកនាដកម្ម នៅក្នុងប្រទេសស៊ីរី ហើយបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ និងអាណិតខ្លោចចិត្តយ៉ាងខ្លាំងនោះ បានជួបឪពុកម្តាយរបស់គេវិញហើយ បន្ទាប់ពីបែកគ្នា នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ក្នុងទីក្រុងអាឡេប៉ូ នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា រូបរាងកាយ Omran បានប្រឡាក់ផេះដី ដោយសារកម្ទេចថ្ម និងមានឈាមស្រោចពេញផ្ទៃមុខ ដែលមើលទៅពិតជាគួរឲ្យសង្វេគជាទីបំផុត ប៉ុន្តែ Omran មិនបានស្រែកយំ ឬស្រក់ទឹកភ្នែកសូម្បីតែមួយដំណក់ ហើយអង្គុយយ៉ាងស្ងាត់ស្ងៀមបំផុត។

គិលានុបដ្ឋាយិកាម្នាក់ដែលបានព្យាបាល Omran បាននិយាយថា «គេមិនបាននិយាយអ្វីទាំងអស់ ក្រៅពីសួររកឪពុកម្តាយរបស់គេ។ នៅពេល Omran បានឃើញពួកគេ ទើបគេចាប់ផ្តើមយំតែម្តង»។ គិលានុបដ្ឋាយិកាម្នាក់ទៀតបានប្រាប់ឲ្យដឹងថា ក្មេងប្រុសដែលត្រូវបានគេជួយសង្គ្រោះ ចេញពីគំនរបាក់បែក ជាមួយក្មេងប្រុស ៣នាក់ផ្សេងទៀត រូបនេះ បានវង្វេងស្មារតី នៅពេលគេបញ្ជូនទៅមន្ទីរពេទ្យ «M១០»។

រូបថតរបស់ Omran ត្រូវបានសារព័ត៌មានជុំវិញពិភពលោកចុះផ្សាយព្រោងព្រាត អមជាមួយការអាណិតខ្លោចផ្សា និងចង់បង្ហាញពីលទ្ធផលនៃសង្គ្រាម៕

រូបភាពគួរឲ្យសង្វេគរបស់កុមារស៊ីរីកន្លងមក៖

ប្រភព៖ Sabay


Related Posts